រាជធានីភ្នំពេញ ៖ នារីម្នាក់ជាកម្មករសំណង់មានជីវភាពក្រីក្រ ហើយមានផ្ទៃពោះ៨ខែតូចចិត្តប្តីមានស្រីថ្មីលេបថ្នាំជាតិដែកអស់៤គ្រាប់ធ្វើអត្តឃាតបណ្តាលឱ្យក្អួតបែកប្រម៉ាត់ថ្លាន់ ត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមានជ័យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី២៦ កុម្ភៈ ២០១៤ នៅក្នុងបុរីមួយ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ។
នារីលេបថ្នាំជាតិដែកធ្វើអត្តឃាតឈ្មោះសេង នី អាយុ២៤ឆ្នាំ ជាកម្មករសំណង់ មានប្តីឈ្មោះពុធ អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅបុរីមួយក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ ។ នារីរងគ្រោះបានឱ្យដឹងថា ពួកនាងរៀបការជាមួយគ្នារយៈពេល៤ឆ្នាំមកហើយទើបតែពពោះកូនទី១អាយុ៨ខែ។ មុនពេលកើតហេតុនាងឃើញប្តីរបស់នាងរៀបចំខោអាវមួយកាតាបដើរសំដៅទៅផ្លូវជាតិលេខ១ នាងក៏ដេញតាមសួរ ប៉ុន្តែប្តីរបស់នាងមិនបាននិយាយអ្វីទាំងអស់ ខណៈពេលដើរដល់ផ្លូវជាតិលេខ១ស្រាប់តែឃើញម៉ូតូឌុបមួយគ្រឿងដឹកស្ត្រីម្នាក់មកដល់ ប្តីនាងបានឡើងជិះម៉ូតូទៅជាមួយស្ត្រីនោះដោយមិននិយាយអ្វីមួយម៉ាត់ ទោះបីនាងខំប្រឹងរត់ដេញតាមម៉ូតូស្រែកសួរក៏ដោយ។
នារីរងគ្រោះបន្តទៀតថា លុះពេលដើរត្រឡប់មកដល់ផ្ទះវិញទើបដឹងថា ប្តីរបស់នាងមានស្រីថ្មី ហើយរត់តាមស្រីនោះបាត់ហើយធ្វើឱ្យមានអារម្មណ៍តូចចិត្តដែលមានគ្រួសារក្រីក្រ ណាមួយជិតគ្រប់ខែសម្រាលកូនទៀតក៏ដាច់ចិត្តលេបថ្នាំជាតិដែកអស់៤គ្រាប់ធ្វើអត្តឃាតតែម្តងទៅ៕
ចែករំលែកព័តមាននេះ