ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញថា ​ការ​ផលិត​នំ​ប៉័ងលក្ខណៈផ្អូម​និងផ្អាប់​ទើប​ពុល…​គ្មានជាតិគីមីឡើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានមាន​ប្រសាសន៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឱ្យ​ដឹង​ថា…

ខេត្តសៀមរាប ៖ លោក ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានមាន​ប្រសាសន៍​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ឱ្យ​ដឹង​ថា ករណី​ពុល​នំ​បុ័ង​ដែល​បាន​កើតឡើង​នៅ​ក្នុងស្រុក​បន្ទាយស្រី និង​នៅ​ស្រុក​ប្រា​​​សាទបាគង កាលពី​ថ្ងៃ​ទី​១៤ សីហា​ កន្លង​មកនេះ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​៣៧​នាក់ ដែល​ភាគច្រើន​ជា​កុមារ​មាន​អាការ​:​ក្អួត និង​រាករូស ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​តាម​មណ្ឌល​សុខភាព​នានា​នោះ គឺ​ដោយសារ​តែ​ការ​ផលិត​នំ​គ្មាន​អនាម័យ ឬ​នំ​នោះ​មាន​លក្ខណៈ​ផ្អូម​ (​ម្សៅ​ផ្អាប់​) មិនមែន​ដោយសារ​នំ​នោះ​មាន​លាយ​សារធាតុ​គីមី​ឡើយ ។ ទោះបីជា​បែប​ណា ពួក​គេ​បាន​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​រៀង​ៗ​ខ្លួន​អស់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ។

លោក​ប្រធាន​មន្ទីរ​​បន្ថែម​ទៀត​ថា មូលហេតុ​ដែល​លោក​អះអាង​ថា អ្នក​ពុល​នំ​បុ័ង​បណ្តាល​មក​ពី​ករណី​នំប៉័ង​ដែល​ធ្វើ​គ្មាន​អនាម័យ (​នំ​មាន​លក្ខណៈ​ផ្អូម​នោះ​) គឺ​ដោយសារ​ក្រោយ​បរិភោគ​រយៈពេល​៤​ ទៅ​៥​ម៉ោង ទើប​អ្នក​បរិភោគ​មាន​អាកា​រៈ​ក្អួតចង្អោរ និង​រាគ​រូស ប៉ុន្តែ​ប្រសិនបើ​នំ​នោះ ​មាន​លាយ​សារធាតុ​គីមី​វិញ គឺ​ពេល​អ្នក​បរិភោគ​នំ​ចូល​ទៅ​ក្នុង​ពោះ​ភ្លាម​ៗ​ នឹង​កើត​មាន​អាកា​រៈ​ភ្លាម​ៗ​ផង​ដែរ ។

លោក​បន្ថែមទៀត​ថា ការ​ផលិត​នំ​ដែល​គ្មាន​អនាម័យ ឬ​ក៏​នំ​មាន​លក្ខណៈ​ផ្អូម​នោះ គឺ​ដោយសារ​តែ​អ្នក​ផលិត​នំ ប្រើ​សារធាតុ​ផ្សំ​ដូច​ជា​សាច់ និង​ប័​៊​រ​ជាដើម​ទុក​រយៈពេល​យូរថ្ងៃ​អាច​បង្ក​ឱ្យ​ដុះ​ផ្សិត ហើយ​យក​មក​ផលិត​ជា​នំប៉័ង បណ្ដាល​ឲ្យ​នំ​នោះ​កើត​មាន​មេរោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ កើត​មាន​អាកា​រៈ​ឈឺ​ពោះ ក្អួតចង្អោរ និង​រាករូស​ជាដើម ប៉ុន្តែ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​គ្រាន់តែ​ប្រើ​ថ្នាំ​បំបាត់​ការ​ក្អួតចង្អោរ និង រាករូស អ្នកជំងឺ​នឹង​បាន​ធូរស្បើយ​វិញ​ដែរ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៤ សីហា​កន្លង​ទៅ​នេះ មាន​ករណី​ពុល​នំ​បុ័ង​ដែល​លក់​ឱ្យ​សិស្ស​ក្នុង​សាលា​បឋម​សិក្សា​កំពង់​ភ្លុក ស្ថិត​ក្នុងភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង បណ្ដាល​ឲ្យ​ពុល​ក្មេង​ៗ​សិស្ស​សាលា​ចំនួន​២៩​នាក់ ក្នុង​នោះ​ស្រី​២២​នាក់ ដែល​មាន​អាយុ​ក្រោម​១០​ឆ្នាំ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ដោយ​គ្រាន់តែ​ក្អួត និង​រាករូស​ហើយ​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ទាំងអស់​កាលពី​ថ្ងៃ​ទី​១៥ សីហា និង​មួយ​ករណី​ទៀត​នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​នៅ​ថ្ងៃ​ទី​១៦ ខែសីហា​នេះ បណ្ដាល​ឱ្យ​ពុល​កុមារ​ចំនួន​៧​នាក់ ក្នុង​នោះ​កុមារី​ចំនួន​៤​នាក់ ដែល​មាន​អាយុ​ក្រោម​៧​ឆ្នាំ និង​មនុស្ស​ធំ​ម្នាក់​ជា​ស្ត្រី ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុន​រាម ហើយ​បានជា​សះស្បើយ និង​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ។

ករណី​ពុល​នំប៉័ង​ដាក់​សាច់ តែង​កើត​មាននៅ​តាម​ទី​ជនបទ​ក្នុង​រយៈពេល​កន្លង​មក ហើយ​ការ​ស្វែងរក​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ពុល​នៅ​តែ​រក​មិនឃើញ ហើយ​មន្ត្រី​ថ្នាក់​ក្រោម​នោះ​តែង​ផ្តោត​មក​មន្ត្រី​ជំនាញ​ថ្នាក់​លើ​ជា​អ្នកត្រួតពិនិត្យ ។

យោង​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ថា ការ​ពុល​ថ្មី​ៗ​នេះ​ដោយសារ​ការ​ផលិត​នំប៉័ង​គ្មាន​អនាម័យ ឬ​ទុក​ឱ្យ​ម្សៅ​ផលិត​នំ​នោះ​ផ្អូម គឺជា​ភារកិច្ច​របស់​កាំកុងត្រូល​ហើយ​ ដែល​ត្រូវ​តែ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ផលិត​នំប៉័ង ដើម្បី​ចៀសវាង​ការ​ពុល​បែប​នេះ​តទៅ​ទៀត ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ