ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ជន​រង​គ្រោះ​ដែល​ស្លា.ប់​ក្រៅ​មណ្ឌល​កែប្រែ​គ្រឿង​ញៀន​ថា កូន​ប្រុស​គាត់អាច​ស្លា.ប់ដោយ​ហិ.ង្សា​ក្នុង​មណ្ឌល

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ លោក​ចាន់ ម៉ៅ អាយុ​៦២​ឆ្នាំ​ ជា​ឪពុក​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លា.ប់​ស្អុយ​រលួយ​នៅ​ខាង​ក្រៅ​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន​នៅ​ស្រុក​បវេល​បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ​២០១៤ ថា កូន​ប្រុស​របស់​គាត់​អាច​ស្លា.ប់​ដោយ​ការ​ប្រើ​អំពើ​ហិ.ង្សា​ឃោរ​ឃៅ​នៅ​ក្នុង​មណ្ឌល​ រួច​ត្រូវ​គេ​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​មណ្ឌល​ដើម្បី​បំភ័ន្ត​ភ្នែក​ និង​បំបាត់​ដាន​ក្រោយ​ពី​កូន​ប្រុស​គាត់​ព្យាយាម​រត់​ចេញ​ពី​មណ្ឌល​មិន​បាន​សម្រេច​កាល​ពី​ជាង​មួយ​សប្តាហ៍​មុន​ ។

ខេត្ត​បាត់​ដំបង​ ៖ លោក​ចាន់ ម៉ៅ អាយុ​៦២​ឆ្នាំ​ ជា​ឪពុក​ជន​រង​គ្រោះ​ម្នាក់​ដែល​ស្លាប់​ស្អុយ​រលួយ​នៅ​ខាង​ក្រៅ​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន​នៅ​ស្រុក​បវេល​បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ​២០១៤ ថា កូន​ប្រុស​របស់​គាត់​អាច​ស្លាប់​ដោយ​ការ​ប្រើ​អំពើ​ហិង្សា​ឃោរ​ឃៅ​នៅ​ក្នុង​មណ្ឌល​ រួច​ត្រូវ​គេ​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​មណ្ឌល​ដើម្បី​បំភ័ន្ត​ភ្នែក​ និង​បំបាត់​ដាន​ក្រោយ​ពី​កូន​ប្រុស​គាត់​ព្យាយាម​រត់​ចេញ​ពី​មណ្ឌល​មិន​បាន​សម្រេច​កាល​ពី​ជាង​មួយ​សប្តាហ៍​មុន​ ។

លោក​ចាន់ ម៉ៅ បាន​បញ្ជាក់​ថា តាម​ដែល​លោក​បាន​សួរ​នាំ​អំពី​ដំណើរ​រឿង​នេះ​ពី​កូន​ប្រុស​របស់​លោក​មិន​មែន​ស្លាប់​ដោយ​សារ​ខ្យល់​គ​ ឬ​ក្រោម​ហេតុ​ផល​ផ្សេងៗ​ដូច​ការ​សន្និ​ដ្ឋាន​របស់​បុគ្គ​លិក​គ្រប់​គ្រង​មណ្ឌល​កែ​ប្រែ​គ្រឿង​ញៀន​ គ្រា​ដែល​កូន​ប្រុស​លោក​រត់​ចេញ​ពី​មណ្ឌល​ជាមួយ​អ្នក​ញៀន​ថ្នាំ​ជាង​១០​នាក់​ទៀត​នោះ​ទេ​។ លោក​និយាយ​ថា សន្តិ​សុខ​ម្នាក់​បាន​បញ្ជាក់​ប្រាប់​លោក​យ៉ាង​ច្បាស់​អំពី​រឿង​នេះ​ថា ពេល​ដែល​ក្រុម​អ្នក​ញៀន​ថ្នាំ​ជា​ច្រើន​នាក់​បាន​សម្រុក​រត់​ចេញ​ពី​មណ្ឌល​ទាំង​កណ្តាល​ថ្ងៃ​ត្រង់​ គឺ​សន្តិ​សុខ​បាន​ចាប់​កូន​ប្រុស​គាត់​ជាប់​ រួច​រុញ​ចូល​ទៅ​ក្នុង​មណ្ឌល​វិញ ខណៈ​មាន​អ្នក​ញៀន​ថ្នាំ​១២​នាក់​បាន​រត់​រួច​ពី​មណ្ឌល​តាម​ទ្វារ​មុខ​។

ដូច្នេះ​បាន​ន័យ​ថា កូន​ប្រុស​របស់​គាត់​មិន​បានរត់​រួច​ពី​ក្នុង​មណ្ឌល​ដូច​ការ​លើក​ឡើង​របស់​អ្នក​គ្រប់​គ្រង​មណ្ឌល​ឈ្មោះ​ប៊ុន​ធឿន​នោះ​ទេ​។ លោក​ចាន់ ម៉ៅ បាន​បញ្ជាក់​ថា ទាំង​បុគ្គ​លិក ទាំង​សន្តិ​សុខ​មួយចំនួន​ហាក់​ដូច​ជា​មានការ​បិត​បាំង​អំពី​រឿង​នេះ ពេល​ដែល​លោក​សួរ​នាំ​សូម្បីតែ​ក្រុម​យុវ​ជន​ញៀន​ថ្នាំ​នៅ​ក្នុង​មណ្ឌល​នេះ​ក៏​គេ​ហាម​មិន​ឱ្យ​និយាយ​អំពី​រឿង​នេះ​ដែរ​។

សូម​បញ្ជាក់​ថា ឈ្មោះ​សុទ្ធ​ រចនា អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំរៀង​ ត្រូវ​អាណា​ព្យា​បាល​បញ្ជូន​មក​ស្នាក់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែ​ប្រែ​គ្រឿង​ញៀន​នៅ​ក្នុង​ភូមិ​ដំណាក់​ដង្កោរ​ ឃុំ​ក្តុល​តាហែន ស្រុក​បវេល​ កាល​ពី​ថ្ងៃ​ទី​១៣ តុលា ២០១៣ ដែល​ក្រុម​គ្រួសារ​អះ​អាង​ថា ដោយ​សារ​ញៀន​ថ្នាំ និង​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​។ ក្រោយ​ពី​មក​ស្នាក់​នៅ​ក្នុង​មណ្ឌល​នេះ​បាន​ជា​៤ខែ​ សុទ្ធ​ រចនា និង​អ្នក​ញៀន​ថ្នាំ​ជាង​១០​នាក់​ទៀត​បាន​ព្យាយាម​រត់​ចេញ​ពី​ក្នុង​មណ្ឌល​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ ហើយ​បាន​បាត់​ខ្លួន​រហូត​មិន​ដឹង​ថា ពួក​គេ​ទៅ​ណា​មក​ណា​ទេ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កុម្ភៈ ស្រាប់តែ​ឈ្មោះ​សុទ្ធ រចនា​ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ស្អុយ​រលួយ​នៅ​កណ្តាល​វាល​ស្រែ​ខាង​លិច​មណ្ឌល​អប់រំ​កែ​ប្រែ​គ្រឿង​ញៀន​នេះ​ប្រហែល​ជា​៣០០​ម៉ែត្រ​ ដោយ​គ្មាន​មូល​ហេតុ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​៕