ខេត្តបាត់ដំបង ៖ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា មានពួកក្មេងទំនើងមួយហ្វូងដែលជិះ
ម៉ូតូប្រដេញគ្មា ហើយបានដកកាំបិតកាប់ទៅលើយុវជនម្នាក់ដែលកំពុងជិះម៉ូតូតាមផ្លូវដែរ ត្រូវមួយកាំ
បិត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៨ សីហា នៅចំណុច
ភូមិបារាំធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។
យោងតាមរបាយការណ៍បឋមរបស់មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា គេមិនទាន់ស្គាល់អត្តសញ្ញាណជនទំនើងមួយក្រុមនោះទេ សូម្បីតែម្នាក់ តែគេបានដឹងថា ក្រុមនោះមានបក្សពួកប្រហែល២០នាក់ ជិះម៉ូតូប្រហែល១០គ្រឿង ដោយមានកាំបិត ឬដាវសាមូរ៉ៃនៅក្នុងដៃពួកគេផង។ សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ថា ក្រុមជនអន្ធពាលទាំងនេះ បានធ្វើដំណើរលើផ្លូវជាតិលេខ៥៩ ពីទិសខាងជើងទៅត្បូង។
ប្រភពដដែលនេះបានឲ្យដឹងទៀតថា ពេលក្រុមជនទំនើងទាំងហ្វូងនោះជិះមកដល់ចំណុចកើតហេតុខាង លើ ស្រាប់តែពួកគេបានដកកាំបិតកាប់ទៅលើយុវជនម្នាក់ឈ្មោះនឿម ធា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបារាំធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលកំពុងជិះម៉ូតូដែរ ក្នុងទិសដៅផ្ទុយគ្នាត្រូវចំត្រគៀកខាងស្តាំមួយកាំបិត បណ្តាលឱ្យរងរបួសជាទម្ងន់ ។ បើតាមសមត្ថកិច្ខថា ជនរងគ្រោះរងរបួសរយះប្រវែង២០សង់ទីម៉ែត្រ និងមានជម្រៅលិចដល់ឆ្អឹង ។
អ្នកភូមិដែលឃើញព្រឹត្តិការណ៍នេះបានប្រាប់សមត្ថកិច្ច ក្រោយពេលកើតហេតុថា ក្រុមក្មេងពាលទាំងនោះបញ្ចេញអត្តចរិកដូចកំរោលចូល ហើយទំនងមិនមែនជាពួកក្មេងនៅក្នុងមូលដ្ឋានទេ។ ក្រុមនេះអាចជិះមកពីចម្ងាយ ហើយការកាប់ប្រហារនេះ ហាក់ដូចជាធ្វើឡើងបែបកំហឹងតែម្ដង ។
ក្រោយពីធ្វើសកម្មភាពក្រុមជនពាលទាំងនោះបានជិះម៉ូតូគេចខ្លួនបាត់អស់ភ្លាមៗដែរ ដោយមិនរំខានកម្លាំងសមត្ថកិច្ចណាម្នាក់ឡើង លុះមួយសន្ទុះធំទើបឃើញវត្តមានសមត្ថកិច្ច ។ ទោះយ៉ាងណា សមត្ថកិច្ចបានផ្ដល់ទំនុកចិត្តដល់ពលរដ្ឋនិងជនរងគ្រោះដូចសព្វដងដែរ ត្រឹមពាក្យថា «សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ» តែ ប៉ុណ្ណោះ ។ (សម្រួលដោយ៖ស្រីណា)
ចែករំលែកព័តមាននេះ