រហាត់​សៀមរាប​ដល់​វេលា​ជរា​ទ្រុឌទ្រោម​ហើយ


ខេត្តសៀមរាប​៖ រហាត់ទឹក​ឈើ​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​ទីតាំង​បណ្តុះ​កូន​ឈើ​ប្រាសាទតាកែវ​ក្នុង​ឧទ្យាន​អង្គរ គឺ​បាន​កសាង​ឡើង​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក ហើយ​អម​ដោយ​ផ្ទះ​លម្ហែកាយ​មួយ​នៅ​ក្បែរ​នោះ ប៉ុន្តែ​ត្រូវ​បាន​រង​នូវ​ការ​ខូចខាត​ស្ទើរ​បាត់​រូបរាង​ដោយសារ​អាយុកាល និង​សង្គ្រាម​នា​សម័យ​ប៉ុ​ល​ពត ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​ម៉ៃ មួន ដែល​ជា​អតីត​អ្នកគ្រប់គ្រង​រដ្ឋបាល​ព្រៃឈើ ខេត្តសៀមរាប ដែល​សព្វថ្ងៃ​បម្រើ​ការ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌​និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ សីហា ២០១៩​ថា លោក ម៉ៃ មួន រៀបរាប់​ថា ចូល​ដល់​សម័យ​ខ្មែរក្រហម រហាត់ទឹក​នេះ​ក៏​បាន​ខូចខាត​ទាំងស្រុង តែ​ក៏​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ធ្វើការ​សាងសង់​ឡើង​វិញ​នៅ​ចុង​ទសវត្សរ៍​ទី​៨០ ប៉ុន្តែ​មិន​មានផ្ទះ​លម្ហែកាយ​ដូច​មុន​ទេ ដើម្បី​ទាញ​ទឹក​ពី​ស្ទឹង​សៀមរាប​មក​ស្រោចស្រព​កូន​ឈើ​នៅ​ក្នុង​សួន​បណ្តុះ​កូន​ឈើ​ប្រាសាទតាកែវ​ដែល​ខ្លួន​គ្រប់គ្រង ។

ក្រោយមក​ពេល​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រហាត់ទឹក​និង​សួន​បណ្តុះ​កូន​ឈើ​ប្រាសាទ​តាកែវ ត្រូវ​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំនួស​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ។ ក្នុង​ដំណាក់កាល​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា រហាត់ទឹក​នេះ ក៏​មានការ​ជួសជុល​ដោយ​សហការ​ជាមួយ​ជប៉ុន និង​សាលាសង្កាត់​នគរធំ និង​មានដំណើរ​ការ​ផ្គត់​ផ្គត់​ទឹក​សម្រាប់​ស្រោច​កូន​ឈើ​បាន​តិចតួច​ប៉ុណ្ណោះ ព្រោះ​រហាត់​ធំ ឯ​ទឹកស្ទឹង​មាន​តិច ។ តែ​បច្ចុប្បន្ន រហាត់ទឹក​នេះ បាន​រង​នូវ​ការ​ខូចខាត​ជា​ដំណំ សល់​តែ​រូបរាង​ពុក​ផុយ​មិន​អាច​ដំណើរការ​បាន​តែ​ម្តង ។

ដោយ​មើលឃើញ​ពី​តម្លៃ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ទាញ​យក​ពី​ទឹកស្ទឹង​សៀមរាប មក​ស្រោចស្រព​កូន​ឈើ​នៅ​សួន​បណ្តុះ​កូន​ឈើ​ប្រាសាទតាកែវ និង​ជា​អត្តសញ្ញាណ​មួយ​នៃ​ខេត្តសៀមរាប​តាម​រយៈ​ប្រវត្តិ​នៃ​រហាត់ទឹក​នេះ រួម​នឹង​តម្រូវការ ផ្សេង​ៗ​ជា​ប្រយោជន៍​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ផង​នោះ ព្រះ​តេជគុណ​ព្រះ​សទ្ធម្ម​ប្ប​កា​សេនី បណ្ឌិត តាត មហា​ទី ព្រះ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សា​និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្នើ​សុំ​ដល់​លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង អគ្គ​នាយិកា ក្រុមហ៊ុន ហេង​អភិវឌ្ឍន៍ សុំ​ជួយ​ជួសជុល​រហាត់ទឹក​នេះ​ឡើង​វិញ ។

ជា​កិច្ច​ឆ្លើយ​តប លោក​ជំទាវ ក៏​បាន​ទទួលយក​សំណើរ​ជួសជុល​ដើម្បី​ឱ្យ​រហាត់ទឹក​នេះ​ដំណើរការ​ឡើង​វិញ ហើយ​ក៏​បាន​ស្នើ​សុំ​ឱ្យ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា សិក្សា និង​ពិភាក្សា​អំពី​តម្លៃ​ក្នុង​ការ​ជួសជុល រួម​ទាំង​សម្ភារ​ដែល​ត្រូវ​យក​មក​ប្រើប្រាស់​ឱ្យ​បាន​គង់វង្ស​យូរអង្វែង ។

អាជ្ញាធរ​ជាតិ​អប្សរា​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ការ​រួមចំណែក​របស់​លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង រួម​ទាំង​ព្រះ​តេជគុណ​ព្រះ​សទ្ធម្ម​ប្ប​កា​សេនី បណ្ឌិត​តាត មហា​ទី ព្រះ​ចៅអធិការ​វត្ត​ព្រះ​ឥន្ទ​កោ​សា ក្នុង​ការ​កសាង​សមិទ្ធផល​ក្នុង​តំបន់​អង្គរ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​សម្រាប់​ជា​ប្រយោជន៍​ដល់​ជនរួមជាតិ​គ្រប់​ជំនាន់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ