ខេត្តបន្ទាយមានជ័យ ៖ យោងតាមប្រភពព័ត័មានពីប្រទេសថៃ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ កុម្ភៈ ២០១៤ បានឱ្យដឹងថា អគារមន្ទីរពេទ្យមួយកន្លែងដែលកំពុងដំណើរការសាងសង់នៅក្នុងខេត្តសាមុទ្រប្រាកាន ប្រទេសថៃ បានបាក់ស្រុត បណ្តាលឱ្យពលករខ្មែរ និងភូមាជាច្រើននាក់ស្លាប់ និងរងរបួស ។
ប្រភពឱ្យទៀតថា មកទល់ពេលនេះមានពលករខ្មែរចំនួន៤នាក់(ប្រុស៣ ស្រី១) បានរកឃើញសព និងមួយចំនួនទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងខេត្តខាងលើ ប៉ុន្តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ជុំវិញព័ត៌មានខាងលើលោកនេត សារី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦កុម្ភ: ឆ្នាំ២០១៤នេះ ថា ហេតុការណ៍ខាងលើពិតជាកើតមានមែនគឺនៅក្នុងខេត្តសាមុទ្រប្រាកាន ប្រទេសថៃគឺអគារគម្រោងសាងសង់មន្ទីរពេទ្យមួយឈ្មោះ (រ៉ាម៉ាកៅ) បានបាក់ស្រុត ក្នុងនោះមានកម្មករខ្មែរស្លាប់ និងរបួស ប៉ុន្តែលោកថា មិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ ហើយពេលនេះ ស្ថានទូតបានបញ្ជូនមន្ត្រីក្រោមឱវាទ និងក្រុមការងាររបស់លោកចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះឱ្យបានច្បាស់ ៕
ចែករំលែកព័តមាននេះ