ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​គម​​​និង​​​​ក្រុម​សហ​​ជីព​​​សុំ​​ឱ្យ​តុលា​​​​ការ​​កំពូល ​ពន្លឿន​​​​​ការ​កាត់​​ក្តី​​សកម្ម​​​ជន​​​និង​កម្ម​ករ​​​​ជាប់​ឃុំ​​21​​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍​បឹង​កក់​ បុរី​កីឡា​ ថ្មគោល​ សមា​គម​ សហ​ជីព​ និង​បណ្តាញ​សង្ឃ​ឯក​រាជ្យ​ ប្រមាណ​ជា​១០០​នាក់​/​អង្គ​ បាន​នាំ​គ្នា​កាន់​បដា​ពាក្យ​ស្លោក​ ផ្កា​ឈូក​ និង​ធូប​ ប្រមូល​ផ្តុំ​គ្នា​ និង​ដង្ហែ​ក្បួន​ជុំវិញ​តុលា​ការ​កំពូល​ចំនួន​៣ជុំ​ ដែល​ស្ថិត​នៅ​កែង​ផ្លូវ​លេខ​២១៤​ និង​វិថី​សុធារស​ សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ កុម្ភៈ​ ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​តុលា​ការ​កំពូល​ ពន្លឿន​ការ​កាត់​ក្តី​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​

រាជធានីភ្នំពេញ​ ៖ ប្រជា​ពល​រដ្ឋ​មក​ពី​សហ​គមន៍​បឹង​កក់​ បុរី​កីឡា​ ថ្មគោល​ សមា​គម​ សហ​ជីព​ និង​បណ្តាញ​សង្ឃ​ឯក​រាជ្យ​ ប្រមាណ​ជា​១០០​នាក់​/​អង្គ​ បាន​នាំ​គ្នា​កាន់​បដា​ពាក្យ​ស្លោក​ ផ្កា​ឈូក​ និង​ធូប​ ប្រមូល​ផ្តុំ​គ្នា​ និង​ដង្ហែ​ក្បួន​ជុំវិញ​តុលា​ការ​កំពូល​ចំនួន​៣ជុំ​ ដែល​ស្ថិត​នៅ​កែង​ផ្លូវ​លេខ​២១៤​ និង​វិថី​សុធារស​ សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ កុម្ភៈ​ ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​តុលា​ការ​កំពូល​ ពន្លឿន​ការ​កាត់​ក្តី​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ ចំពោះ​ករណី​ចាប់​ខ្លួន​លោក​ ចាន់​ ពុទ្ធិ​ស័ក្តិ​ សកម្ម​ជន​ការ​ពារ​សិទ្ធ​លំនៅ​ឋាន​ក្នុង​តំបន់​បឹង​កក់​ លោក​ វន់​ ពៅ​ ប្រធាន​សមា​គម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ និង​លោក​ ថេង​ សារឿន​ សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​កម្ម​ករ​ចំនួន​១៨​នាក់​ទៀត​ ។​

នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ដដែល​ ក្រោយ​ពី​នាំ​គ្នា​អុជ​ធូប​ និង​ម្នាក់ៗ​នៅ​នឹង​ដៃ​ មាន​កាន់​ផ្កា​ឈូក​ និង​ពាក្យ​ស្លោក​ផង​ បាន​ដង្ហែ​ជា​ក្បួន​ដឹក​នាំ​ដោយ​សង្ឃ​ព្រះ​នាម​ ប៊ុត​ ប៊ុន​តិញ​ អ្នក​ស្រី​ ទេព​ វន្នី​ លោក​ ម៉ម​ សូណង់ដូ​ លោក​ រ៉ុង​ ឈុន​ និង​សកម្ម​ជន​ផ្សេងៗ​ទៀត​ បាន​ដើរ​ចំនួន​៣​ជុំ​តុលា​ការ​កំពូល​ ដើម្បី​សម្តែង​ការ​គាំទ្រ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ដែល​ចាត់​ទុក​ថា​ ជា​សកម្ម​ជន​សិទ្ធិ​លំនៅ​ឋាន​ សិទ្ធិ​មនុស្ស​ និង​កម្ម​ករ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ត្រពាំង​ផ្លុង​ ខេត្ត​កំពង់​  ចាម ។​ តំណាង​សកម្ម​ជន​ទាំង​៤​នាក់​ ដឹក​នាំ​ដោយ​អ្នក​ស្រី​ ទេព​ វន្នី​ ត្រូវ​បាន​តុលា​ការ​កំពូល​អនុញ្ញាត​ឱ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​ផ្នែក​រដ្ឋ​បាល​ តែ​គ្មាន​មន្ត្រី​ណា​ម្នាក់​ដែល​ទទួល​ញត្តិ​នោះ​សន្យា​ថា​យ៉ាង​ណា​នោះ​ទេ​ គ្រាន់​តែ​ប្រាប់​ទៅ​សកម្ម​ជន​ថា​ នឹង​រាយ​ការណ៍​ជូន​ថ្នាក់​លើ​ ។​ នេះ​បើ​តាម​មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ប្រាប់​ឱ្យ​ដឹង​ ។​ យោង​តាម​ញត្តិ​របស់​សកម្ម​ជន​បឹង​កក់​ ដែល​ដាក់​ចូល​ទៅ​រដ្ឋ​បាល​តុលា​ការ​កំពូល​ ឱ្យ​ដឹង​ថា​ គោល​បំណង​ដង្ហែ​ក្បួន​៣​ជុំ​ និង​ដាក់​ញត្តិ​ចូល​តុលា​ការ​កំពូល​នេះ​ គឺ​សូម​ឱ្យ​តុលា​ការ​ជួយ​ពន្លឿន​ការ​កាត់​ក្តី​ឱ្យ​បាន​ឆាប់​បំផុត​ ករណី​ចាប់​ខ្លួន​លោក​ ចាន់​ ពុទ្ធិ​ស័ក្តិ​ សកម្ម​ជន​ការ​ពារ​សិទ្ធិ​លំនៅ​ឋាន​ ក្នុង​តំបន់​បឹង​កក់​ លោក​ វន់​ ពៅ​ ប្រធាន​សមា​គម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ និង​លោក​ ថេង​ សារឿន​ សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​កម្ម​ករ​ចំនួន​១៨​នាក់​ទៀត​ ដោយ​សុំ​ឱ្យ​ផ្តល់​យុត្តិ​ធម៌​ដល់​ពួក​គេ​ទាំង​នោះ​ឱ្យ​រួច​ខ្លួន​ចេញ​ពី​ពន្ធនា​គារ​ ។​

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ ​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ជិត​១០​ព្រឹក​ ថ្ងៃ​ដដែល​ លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ជិះ​រថយន្ត​ពណ៌​ស​ អម​ដំណើរ​ដោយ​អង្គ​រក្ស​ បាន​ឈប់​រថយន្ត​នៅ​ច្រក​ចូល​ខាង​ជើង​តុលា​ការ​កំពូល​ ដែល​សកម្ម​ជន​ប្រមូល​ផ្តុំ​គ្នា​ ហើយ​បាន​ថ្លែង​ និង​ឆ្លើយ​សំណួរ​ទៅ​អ្នក​សារ​ព័ត៌​មាន​ និង​វិទ្យុ​ក្នុង​ស្រុក​ថា​ លោក​មក​កាន់​ទី​នេះ​ដើម្បី​ចូល​រួម​ ក៏​ដូច​ជា​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​សិទ្ធិ​លំនៅ​ឋាន​ សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ ប្រធាន​សមា​គម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ និង​កម្ម​ករ​​ចំនួន​១៨​នាក់​ទៀត​ ឱ្យ​រួច​ពី​ការ​ឃុំ​ខ្លួន​ ហើយ​សុំ​ឱ្យ​រាជ​រដ្ឋា​ភិបាល​ ត្រូវ​ចាប់​ខ្លួន​ជន​ដៃ​ដល់​ដែល​បាញ់​សម្លាប់​កម្ម​ករ​ យក​មក​ផ្តន្ទា​ទោស​ផង​ ។​ ជាមួយ​គ្នា​នេះ​ លោក​ សម​ រង្សុី​ ក៏​បាន​ឆ្លើយ​តប​ទៅ​វិទ្យុ​ក្នុង​ស្រុក​មួយ​ថា​ បើ​សិន​ជា​ករណី​ចាំ​បាច់​ លោក​នឹង​ដាក់​បញ្ហា​នេះ​ក្នុង​ការ​ចរចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ។​ នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ បន្ទាប់​ពី​លោក​ សម​ រង្សុី​ ចាក​ចេញ​ទៅ​ សកម្ម​ជន​បឹង​កក់​ បុរី​កីឡា​ ថ្មគោល​ សមា​គម​ សហជីព​ និង​បណ្តាញ​ព្រះ​សង្ឃ​ បាន​នាំ​គ្នា​រំសាយ​ក្រោម​ការ​ឃ្លាំ​មើល​ពី​កម្លាំង​សមត្ថ​កិច្ច​ ហើយ​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​មុខ​តុលា​ការ​កំពូល​នេះ​ មិន​មាន​ការ​រារាំង​ពី​អាជ្ញា​ធរ​ឡើយ​ ។​

គួរ​បញ្ជាក់​ថា​ មនុស្ស​ចំនួន​២៣​នាក់​ ដែល​មាន​ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​ សកម្ម​ជន​ដីធ្លី​ និង​កម្ម​ករ​ ត្រូវ​បាន​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា​ គឺ​ក្រុម​លោក​ វន់​ ពៅ​ រួម​ទាំង​កម្ម​ករ​សរុប​ទាំង​អស់​១០​នាក់​ ត្រូវ​ចាប់​ខ្លួន​នៅ​ចំណុច​រោង​ចក្រ​យ៉ាក​ ជីន​ ជិត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កំបូល​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​មករា​ ឆ្នាំ​២០១៤​ ។ ចំណែក​១៣​នាក់​ផ្សេង​ទៀត​ ចាប់​ខ្លួន​នៅ​ចំណុច​សួន​ឧស្សាហ​កម្ម​កាណា​ឌីយ៉ា​ ផ្លូវ​ចោម​ចៅ​ កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤​ ក្នុង​អំឡុង​ពេល​មាន​ការ​តវ៉ា​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ។​ មនុស្ស​ទាំង​២៣​នាក់​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ត្រពាំង​ផ្លុង​ ខេត្ត​កំពង់​ចាម​ ហើយ​ក្នុង​ចំណោម​នេះ​ មាន​២​នាក់​ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ កាល​ពី​ថ្ងៃ​ទី​៨​ កុម្ភៈ​ ឆ្នាំ​២០១៤។​

កាល​ពី​ថ្ងៃ​ទី​១១​ កុម្ភៈ​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ សាលា​ឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ឱ្យ​នៅ​ដដែល​ ដោយ​មិន​អនុញ្ញាត​ឱ្យ​មនុស្ស​ទាំង​២១​នាក់​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនា​គារ​ត្រពាំង​ផ្លុង​ ខេត្ត​កំពង់​ចាម​ ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ជន​ជាប់​ចោទ​ទេ​ ៕​