ខេត្តស្វាយរៀង៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅប៉ុន្មានខែចុងក្រោយនេះ សង្កេតឃើញថា ជនជាតិចិនធ្វើសកម្មភាពបើកទីតាំងលក់ឱសថ និងផ្តល់សេវាព្យាបាលជំងឺនៅតាមទីប្រជុំជនជិតព្រំដែន ដែលមានបើកកាស៊ីណូ មានជនបរទេសមកចូលលេងល្បែងច្រើន ជាពិសេសជនជាតិចិន ។
ជាក់ស្តែង នៅថ្ងៃ១៦ សីហា ដោយអនុវត្តតាមការណែនាំរបស់លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលុបបំបាត់ឱសថក្លែងក្លាយខេត្តស្វាយរៀង និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ត្រូវដឹកនាំកម្លាំងចុះពិនិត្យទីតាំងផ្ដល់សេវាសុខាភិបាលអត់ច្បាប់របស់សេវាឯកជននៅតំបន់ច្រកព្រំដែនសំរោង ស្ថិតនៅក្នុងភូមិចេក ឃុំសំរោងស្រុកចន្ទ្រា ។
បន្ទាប់មក ក្រុមការងារបានចុះពិនិត្យកន្លែងផ្ដល់សេវានិងណែនាំឱ្យឈ្មោះSu JIANC HENG ជនជាតិចិន ឱ្យបញ្ឈប់ផ្ដល់សេវា និងទម្លាក់យីហោជាបន្ទាន់ ចាប់ពីថ្ងៃទី១៦ សីហា នេះ តទៅ រង់ចាំច្បាប់អនុញ្ញាតត្រឹមត្រូវ ។ បន្ទាប់មកក្រុមការងារ បានឱ្យម្ចាស់ផ្ដល់សេវាជនជាតិចិន ធ្វើកិច្ចសន្យាជូនក្រុមការងារ និងសន្យារត់ឯកសារច្បាប់ឲ្យបានត្រឹមត្រូវ ទើបគាត់បើកឡើងវិញ ។
រីឯមហាជនបានរិះគន់ថា ជនជាតិចិននេះ បានមកបើកកន្លែងលក់ឱសថ និងផ្តល់សេវាសុខាភិបាលនេះជាច្រើនខែហើយ មិនដែលឃើញមន្ត្រីមន្ទីរសុខាភិបាលខេត្តមកពិនិត្យនិងហាមប្រាមទេ ។ ហើយមកដល់ពេលនេះ គ្រាន់តែឲ្យជនជាតិចិនធ្វើកិច្ចសន្យាផ្អាក និងឲ្យទៅរត់ច្បាប់បើកវិញ ។
ករណីនេះ បានធ្វើឲ្យមហាជនមានការព្រួយបារម្ភនូវការអនុវត្តច្បាប់របស់មន្ត្រីមន្ទីរសុខាភិបាលគ្មានប្រសិទ្ធភាព ។ (សម្រួលដោយ៖ ស្រីណា)
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ