កម្ពុជា​ស្នើ​ភាគី​ជប៉ុន​បង្កើន​ការ​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​នៅ​កម្ពុជា ផ្តោត​លើ​ទេសចរ​ជប៉ុន​ចូល​និវត្ត


​រាជធានី​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ជួយ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែម​ទៀត ពិសេស​គឺ​តាម​រយៈ​ការ​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ លើ​ការ​បង្កើត​តំបន់​ទេសចរណ៍​សម្រាប់​ទេសចរ​ចូល​និវត្ត ក៏​ដូច​ជា​ការ​ជួយ​កសាង​ផ្លូវ​ចំនួន​ចូល​ទៅ​កាន់​សហគមន៍​ទេសចរណ៍​សំខាន់​ៗ​ផង​ដែរ​។

​ការ​ស្នើ​នេះ​ធ្វើ​ឡើង​តាម​រយៈ​លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា​ចប់​អាណត្តិ នា​ឱកាស​ដែល​ឯកឧត្តម​អគ្គរាជទូត​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​១២ ខែសីហា ឆ្នាំ​២០១៩ ។

លោក ថោ​ង ខុន បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​មួយ​ចំនួន​លើ​វិស័យ​ទេសចរណ៍ ក្រោម​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏​ដូច​ជា​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ផង​ដែរ ក្នុង​នោះ នៅ​ក្នុង​ឆ្នាំ​២០១៨ ក្នុង​ចំណោម ០៦ គំរោង​វិនិយោគ​របស់​ជប៉ុន គឺ​មាន ០២​គំរោង វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ដែល​មាន​ទុន​វិនិយោគ​ដល់​ជាង ៨០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ​ដោយឡែក​ចំនួន​ទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​កម្ពុជា​ក៏​នៅ​តែ​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ផង​ដែរ ជាកស្តែង​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​ជាង ២១​ម៉ឺន​នាក់ ក្នុង​កំណើន​ជាង​៣.៥% ហើយ​ក្នុង​រយៈពេល ០៦​ខែ ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​ទេសចរ​ជប៉ុន​ជាង ១០​ម៉ឺន​នាក់ ក្នុង​កំណើន ៣%​។ ព្រម​ជាមួយ​នោះ​កាល​ឆ្នាំ​២០១៨ កន្លង​មក ក៏​មាន​ទេសចរ
កម្ពុជា​ជាង ២២.០០០​នាក់ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ផង​ដែរ​។ ប​ច្ចប្ប​ន្ន​នៅ​ភ្នំពេញ មាន​សណ្ឋាគារ​ដែល​វិនិយោគ​ដោយ​ជប៉ុន​ចំនួន ០៩ ដែល​មាន​សរុប​ជិត ១.០០០ បន្ទប់ មាន​ភោជនីយដ្ឋាន​ចំនួន ៥៦ ដែល​មាន​ជាង ៣.៣០០ កៅអី ផង​ដែរ​។

លោក ថោ​ង ខុន ក៏​បាន​រំលឹក​ពី​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​មិត្ត ជប៉ុន ក្នុង​កិច្ចការ​អភិរក្ស​តំបន់​បេតិកភណ្ឌ​អង្គរ ក្នុង​នាម​ជា​សហ​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ ICC-Angkor ជាមួយ​បារាំង និង​ប​ច្ចប្ប​ន្ន​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ​ផង​ដែរ ដែល​ក្រសួងទេសចរណ៍​បាន​និង​កំពុង​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ អប្សរា អាជ្ញាធរ​សំបូរ​ព្រៃ​គុក ក្រសួង​វប្បធម៌ និង ICC អង្គរ ដើម្បី​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ន័​តំបន់​បិ​តិក​ភណ្ឌ​ទាំង​ពីរ​នេះ​។

​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​ជប៉ុន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​បាន​បញ្ជាក់​ថា រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នេះ​ជាមួយ​កម្ពុជា​បន្ត​ទៅ​ទៀត ទោះបី​ថា​ឯកឧត្តម​បាន​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម ទៅ​ហើយ​ក្ដី​។ ​បន្ថែម​ពីលើ​នេះ លោក ថោ​ង ខុន ក៏​បាន​ស្នើ​តាម​រយៈ ឯកអគ្គរាជទូត​ជប៉ុន​ទៅ​កាន់​រដ្ឋាភិបាល និង​វិនិយោគិន​ជប៉ុន «​សូម​ជួយ​បង្កើន​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា ដូច​ជា​ការវិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ការ​វិនិយោគ​លើ​ការ​បង្កើត​តំបន់​ទេសចរណ៍​ថ្មី​ៗ ពិសេស​សម្រាប់​ទេសចរ​ជប៉ុន​ដែល​កំពុង​មានការ​ចូល​និវត្តន៍​ច្រើន ហើយ​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ាន បាន​អនុវត្តន៍​ដោយ​ជោគជ័យ​កន្លង​មក ដូច​ជា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ថៃ​ជាដើម និង​ក៏​អាច​លើ​ផ្នែក​មួយ​ចំនួន​ទៀត​ដែល​ជប៉ុន​គិត​ថា​អាច​វិនិយោគ​ទៅ​បាន ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ចាំ​ស្វាគមន៍​វិនិយោគិន​ជប៉ុន​ជា​និច្ច​» ។

​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ ភាគី​កម្ពុជា ក៏​បាន​ស្នើ​ដល់​ស្ថានទូត​ជប៉ុន​សូម​បន្ត​ជួយ​ក្នុង​ការ​កសាង​ផ្លូវ​ចូល​ទៅ​កាន់​សហគមន៍​ទេសចរណ៍​សំខាន់​ៗ​មួយ​ចំនួន​បន្ត​ទៀត ដែល​ស្ថិត​ក្នុង​កំរិត​នៃ​សិទ្ធិ​សំរេច​របស់​ស្ថានទូត​ផ្ទាល់​ផង​ដែរ​។

ចំពោះ​សំណើ​ទាំងនេះ ត្រូវ​បាន​ឯកឧត្តម ORINOUCHI ឯកអគ្គរាជទូត បាន​សន្យា​ទទួលយក​ទៅ​ជម្រាប​ប្រាប់​រដ្ឋាភិបាល​របស់​លោក​បន្ត​។ ឯកឧត្តម​ឯកអគ្គរាជទូត​បាន​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​ជប៉ុន​នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ក្នុង​ភាព​ជា​មិត្ត​ជិត​ស្និទ្ធ​ដ៏​យូរអង្វែង​៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ