រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋាករទឹកម្នាក់ បានមានទំនាស់ពាក្យសម្តីជាមួយអ្នកជិតខាងទាំងព្រឹក ដោយសារមន្ត្រីរូបនោះ យករថយន្តម៉ាកISUZU ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខភ្នំពេញ 2T-5497 ចតកណ្តាលផ្លូវតាំងពីម៉ោង១១យប់ថ្ងៃទី២៤ កុម្ភៈ រហូតដល់ព្រឹកថ្ងៃទី២៥ កុម្ភៈ ធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរទៅធ្វើការ និងរកស៊ីរបស់ពួកគេ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាព្រឹកថ្ងៃទី២៥ កុម្ភៈ ២០១៤ ស្ថិតក្នុងភូមិទួលសង្កែ (ភូមិដើមឃ្វិត) សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា បើតាមការអះអាងពីឈ្មោះ ច្រឹប សោភ័ណ ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកជិតខាងប្រាប់ថា មូលហេតុដែលមន្ត្រីខាងលើ ចតរថយន្តកណ្តាលផ្លូវ ដោយសារខឹងគាត់ចតរថយន្តក្បែរចិញ្ចើមផ្លូវ តែមិនប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនោះទេ ។ សេចក្តីរាយការណ៍បន្តថា តាមប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុបានឱ្យដឹងថា កន្លងមក មន្ត្រីរដ្ឋាករទឹករូបនេះ មិនដែលរស់នៅចុះសម្រុងជាមួយប្រជាពលរដ្ឋក្នុងភូមិនោះឡើយ ។
មន្ត្រីរដ្ឋាករទឹក ឈ្មោះ ខេង ឡាឌី ប្រាប់ឱ្យដឹងថា ផ្លូវនេះគាត់ជាអ្នកធ្វើ ហើយកន្លងមកប្រជាពលរដ្ឋតែងចតឡានគ្មានសណ្តាប់ធ្នាប់ ពិបាកគាត់ធ្វើដំណើរ ទើបគាត់យករថយន្តចតកណ្តាលផ្លូវតែម្តង ។ ក្រោយពីកើតហេតុ ភាគីទាំងពីរ ត្រូវសមត្ថកិច្ចនាំទៅសម្របសម្រួលនៅប៉ុស្តិ៍នគរបាលទួលសង្កែ ។
គួរបញ្ជាក់ថា ពេលអ្នកកាសែត ចុះយកព័ត៌មាននិងថតរួប មន្ត្រីរដ្ឋាករទឹកខាងលើ ក៏បានយកទូរស័ព្ធថតអ្នកកាសែតវិញដែរ ៕
ចែករំលែកព័តមាននេះ