ខេត្តបាត់ដំបង ៖ ទារកដែលទើបនឹងកើត មិនទាន់កាត់ទងផ្ចិតផង ត្រូវគេយកមកប្លុងចោលក្បែររបងផ្ទះ ហើយត្រូវអ្នកភូមិប្រទះឃើញក្រោយពីឮសំឡេងស្រែកយំរំពង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ កុម្ភៈ នៅក្នុងភូមិវត្ដតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ។
មិនមានប្រភពច្បាស់លាស់អំពីប្រវត្ដិនៃទារកនោះទេ ប៉ុន្ដែអ្នកភូមិដែលប្រទះឃើញបាននិយាយថា គេបានឮសំឡេងទារកនេះស្រែកយំយ៉ាងខ្លាំង និងយ៉ាងយូរដោយគ្មានអ្នកណាចាប់អារម្មណ៍ទេ ។ លុះពេលទារកនេះស្រែកយំកាន់តែខ្លាំងឡើងៗចង់គាំង ទើបមានការសង្ស័យក៏នាំគ្នាដើរទៅកាន់ប្រភពនៃសំឡេងនេះ ក៏ប្រទះឃើញទារកដែលត្រូវគេខ្ចប់ថង់ប្លាស្ទិកដាក់ក្បែររបងផ្ទះ និងមើលទៅគួរឱ្យអាណិតអាសូរពន់ពេក ។ អ្នកភូមិដែលបានទៅជួយសង្គ្រោះទារកនោះបានឱ្យដឹងថា ទារកនោះមិនទាន់កាត់ទងផ្ចិតទេ និងមានប្រឡាក់ឈាមដែលទំនងទើបនឹងប្រសូត្រថ្មីៗផង ហើយត្រូវម្ដាយចិត្ដអប្រិយគ្មានក្ដីមេត្ដាយកមកបំបរបង់ចោល ។ អ្នកភូមិបានបញ្ជាក់ថា គ្មានអ្នកណាបានដឹងពីប្រភពនៃទារកដ៏កម្សត់នេះទេ រហូតមកដល់ពេលនេះ ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានខែមុន ក៏មានគេយកទារកអាយុប្រហែល២ខែមកប្លុងចោលក្នុងលូ ក្នុងភូមិវត្ដតាមឹមនេះម្នាក់ដែរ ហើយកាលណោះត្រូវអ្នកភូមិប្រទះឃើញកណ្ដាលអធ្រាត្រក្រោយពីឮសំឡេងស្រែកយំដូចគ្នា ។ ទារកនោះត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ហើយក្រោយមកត្រូវគ្រួសារសប្បុរសជនមួយយកទៅចិញ្ចឹមថែទាំរហូតមកដល់សព្វថ្ងៃនេះ ។ ទោះជាយ៉ាងណា ទារកដែលមានអាយុស្ទើរមិនដល់មួយយប់ដែលអ្នកភូមិប្រទះឃើញខាងលើនេះ បើតាមការផ្តល់ព័ត៌មានថា អ្នកភូមិបានយកទៅឱ្យគ្រូពេទ្យពិនិត្យសុខភាព និងជួយកាត់ទងផ្ចិតទាំងយប់ផងដែរ ហើយរហូតមកដល់ពេលនេះ ទារកនេះមានសុខភាពល្អធម្មតាទេ និងមានទម្ងន់ជិត៣គីឡូក្រាមឯណោះ អ្នកភូមិចិត្តធម៌ម្នាក់បានយកទារកនេះទៅចិញ្ចឹមថែទាំហើយ។
នេះជាការប្លុងចោលទារកពីសំណាក់ ស្ត្រីជាម្តាយដែលមិនដឹងថា មកពីមូលហេតុអ្វីបានជាបង្កើតកូនដូចសត្វធាតុបែបនេះ ។ គួរកត់សម្គាល់ថា កាលពីដើមខែនេះ ទារកម្នាក់ក៏ត្រូវបានគេប្លុងចោលនៅក្បែរខ្លោងទ្វារកីឡដ្ឋានខេត្តពោធិ៍សាត់ផងដែរ ៕
ចែករំលែកព័តមាននេះ