រាជធានីភ្នំពេញ ៖ ប្រភពដែលគួរឱ្យទុកចិត្ដចេញពីខេត្ដព្រះសីហនុបានឱ្យដឹងថា លោក ស្បោង សារ៉ាត់ អភិបាលខេត្ដ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដព្រះសីហនុ នឹងត្រូវផ្ទេរទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្ដព្រៃវែងជំនួសលោក ជាម ហ៊ីម ដែលផ្លាស់មកធ្វើជាប្រធានក្រុមប្រឹក្សាខេត្ដព្រះសីហនុវិញ ហើយពិធីផ្ទេរតំណែងនេះនឹងប្រារព្ធធ្វើនៅថ្ងៃទី១ មីនា ខាងមុខនេះ បើគ្មានអ្វីប្រែប្រួលនោះ ។
ចំណែកប្រភពគួរឱ្យទុកចិត្ដខ្លះទៀតក៏បានទម្លាយឱ្យដឹងទៀតថា ដោយសារនៅខែមេសា ២០១៤ លោកស្បោង សារ៉ាត់ នឹងត្រូវចូលនិវត្ដន៍ ហើយលោកស សុខា បច្ចុប្បន្នជាតំណាងរាស្រ្ដមណ្ឌលព្រៃវែង និងត្រូវជាកូនប្រុសលោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផងនោះនឹងមកកាន់តំណែងជាអភិបាលខេត្ដព្រះសីហនុ ។ យ៉ាងណាក៏ដោយ មកដល់រសៀលថ្ងៃទី២៤ កុម្ភៈ គេនៅមិនទាន់រកឃើញព្រះរាជក្រឹត្យតែងតាំង និងផ្លាស់ប្ដូរតំណែងខាងលើនេះនៅឡើយទេ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្ដមសេនីយ៍ខៀវ សុភ័គ បានប្រាប់កោះសន្ដិភាពតាមទូរស័ព្ទនៅថ្ងៃទី២៤ កុម្ភៈ ដែរថា «ខ្ញុំអត់ទាន់បានទទួលព័ត៌មានពីការផ្លាស់ប្ដូរនេះនៅឡើយទេ ទាល់តែមានព្រះរាជក្រឹត្យទើបអាចនិយាយបាន» ៕
ចែករំលែកព័តមាននេះ