រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលពីមុន គឺជាមុខសញ្ញាចោរប្លន់ និងជាប់គុករយៈពេល៣ឆ្នាំហើយ ទើបតែចេញមិនទាន់បានប៉ុន្មានផង អត់រាងចាលទេ បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាបន្តទៀត ត្រូវកម្លាំងប៉ូលិសស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាននិងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់សារជាថ្មីទៀត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី២៣ កុម្ភៈ ២០១៤ ស្ថិតនៅផ្លូវលំ ក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យនោះឈ្មោះឆាយ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។
គួរបញ្ជាក់ថា ជននេះធ្លាប់ជាប់គុកម្ដងកាលពីថ្ងៃទី២៦ វិច្ឆិកា ២០០៩ កន្លងមក ពីបទប្លន់ខ្សែ.ករបស់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ពេលនេះចេញពីគុកមិនទាន់បានប៉ុន្មានផង រូបគេជួញដូរគ្រឿងញៀនបន្តទៀត ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្ដង ។ វត្ថុតាងដែលដកហូតបានមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ គឺក្នុងនោះ ២កញ្ចប់តូច និង២កញ្ចប់ទៀតធំ ព្រមទាំងឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
ចែករំលែកព័តមាននេះ