ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ជាង​៦​ម៉ឺន​នាក់​ខណៈ​កូរ៉េ​ត្រៀម​ផ្តល់​កូតា​ថ្មី​ប្រមាណ​៤​ពាន់​នាក់​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ មាន​ជាង​៦​ម៉ឺន​នាក់ ហើយ​ភាគច្រើន​ធ្វើការ​នៅ​លើ​ផ្នែក​ឧស្សាហកម្ម កសិកម្ម​និង​សំណង់ ហើយ​នៅ​ឆ្នាំ​២០១៩ នេះ​ប្រទេស​កូរ៉េ​បាន​ផ្តល់​កូតា​ថ្មី បន្ថែម​ប្រមាណ​៤,៥​ពាន់​នាក់​ថែម​ទៀត​។ ​…

​រាជធានី​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ មាន​ជាង​៦​ម៉ឺន​នាក់ ហើយ​ភាគច្រើន​ធ្វើការ​នៅ​លើ​ផ្នែក​ឧស្សាហកម្ម កសិកម្ម​និង​សំណង់ ហើយ​នៅ​ឆ្នាំ​២០១៩ នេះ​ប្រទេស​កូរ៉េ​បាន​ផ្តល់​កូតា​ថ្មី បន្ថែម​ប្រមាណ​៤,៥​ពាន់​នាក់​ថែម​ទៀត​។ ​

លោក ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៣​សីហា ក្នុង​ឱកាស​ចូលរួម​ជូន​ដំណើរ​ពលករ​ខ្មែរ​ធ្វើការ ផ្នែក​ឧស្សាហកម្ម​នៅ​ប្រទេស​កូរ៉េ​ថា មក​ដល់​ពេល​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​ពលករ​របស់​ខ្លួន​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រមាណ​ជាង ៦​ម៉ឺន​នាក់ ហើយ​ភាគច្រើន​ធ្វើការ​លើ​ផ្នែក​ឧស្សាហកម្ម បន្ទាប់​មក​មាន​ផ្នែក​កសិកម្ម និង​សំណង់​។ ​លោក ហេង សួរ គូសបញ្ជាក់​ថា «​បើ​តាម​កូតា​ដែល​សាធារណរដ្ឋ​កូរ៉េ​ផ្ដល់​ឱ្យ​កម្ពុជា ឆ្នាំ​២០១៩​នេះ យើង​ទទួល​បាន​កូតា​ចន្លោះ​ពី ៤,០០០​នាក់ ទៅ ៤,៥០០​នាក់ បន្ថែម​ទៀត​»​។ ​

លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​បន្ត​ទៀត​ថា នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ប្រព័ន្ធ​គ្រប់គ្រង​ពលករ​បរទេស​យ៉ាង​ល្អ ដោយសារ​នៅ​ទីនោះ​មាន​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​មិន​តិច​ជាង ៤០​កន្លែង​ឡើយ ហើយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទាំងនោះ​តែងតែមាន​អ្នកចេះ​ភាសា​របស់​ពលករ​នៃ​ប្រទេស​នីមួយ​ៗ តួយ៉ាង​សម្រាប់​ពលករ​កម្ពុជា គឺ​មាន​អ្នកចេះ​ភាសា​ខ្មែរ​នៅ​ប្រចាំការ​ក្នុង​មជ្ឈមណ្ឌល​ទាំងនោះ​ផង​ដែរ នៅ​ពេល​ដែល​ពលករ​មាន​បញ្ហា​ណាមួយ ពលករ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ពួក​គេ​នឹង​ទទួល​បានការ​ជួយ​ដោះស្រាយ​តែ​ម្ដង​។ ​ក្រៅពី​មជ្ឈមណ្ឌល​គាំពារ​ពលករ​នេះ កម្ពុជា​ក៏​មាន​ទីប្រឹក្សា​ការងារ​ទទួល​បន្ទុក​ពលករ​ចំនួន ២​នាក់ នៅ​ប្រចាំការ​អម​ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ព្រម​ជាមួយ​មន្ត្រី​នៃគណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រង់ចាំ​ទទួល​ប្រឹក្សា និង​ជួយ​ដោះស្រាយ​បញ្ហា​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។

​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក អូ ណា​ក់​យ៉ុ​ង មាន​ប្រសាសន៍​បញ្ជាក់​ថា «​តាម​មតិ​ភាគច្រើន​ពី​និយោជក​កូរ៉េ​ចំពោះ​ពលករ​កម្ពុជា គឺ​ពួក​គេ​ពិតជា​មានការ​ពេញចិត្ត​ចំពោះ​សមត្ថភាព​ការងារ និង​ភាព​អត់ធ្មត់​នឹង​ការងារ​របស់​ពលករ​កម្ពុជា​យ៉ាង​ខ្លាំង​»​។

បើ​តាម​ឯកអគ្គរដ្ឋទូត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា នឹង​ខិតខំ​ជំរុញ​រដ្ឋាភិបាល​កូរ៉េ​របស់​លោក ឱ្យ​ជួយ​បង្កើន​កូតា​ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​បន្ថែម​ឱ្យ​បាន​កាន់​ច្រើន​។ មក​ដល់​ពេល​បច្ចុប្បន្ន ពលករ​បរទេស​ដែល​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​មាន​ចំនួន ១៦​ប្រទេស ក្នុង​នោះ​ចំនួន​ពលករ​កម្ពុជា​ពិតជា​មាន​កើនឡើង​កាន់តែ​ច្រើន ក្នុង​ចំណោម​ពលករ​បរទេស​ដទៃ​ទៀត​។

ក្នុង​ឱកាស​នោះ​លោក អូ ណា​ក់​យ៉ុ​ង បាន​ផ្ដាំផ្ញើ​ទៅ​ពលករ​កម្ពុជា​ថា ក្នុង​ពេល​បំពេញការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រសិនបើ​មាន​បញ្ហា​ណាមួយ សូម​ពលករ​ទាំងអស់​ទាក់ទង​ទៅ​កាន់​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ដែល​ប្រចាំការ​នៅ​ទីនោះ​ស្រាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដែល​កើត​មាននៅ​ពេលធ្វើការ​នៅ​កូរ៉េ​។​ ខណៈ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ​ផ្តាំផ្ញើ​រថា ត្រូវ​ប្រឹងប្រែង​តស៊ូ​អត់ធ្មត់​នឹង​ការងារ ប្រសិនបើ​ចង់​ផ្លាស់​ប្ដូរ​ការងារ ត្រូវ​ជួប​ប្រឹក្សា​យោបល់​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស ដែល​នៅ​ជិត​កន្លែង​ការងារ ពីព្រោះ​បើ​ផ្លាស់​ប្ដូរ​ការងារ​ដោយ​ចិត្ត​ឯង អាច​ឈាន​ដល់​ការ​ប្រព្រឹត្ត​ខុស​កិច្ចព្រមព្រៀង ក៏​ដូច​ជា​អាច​ប្រឈម​នឹង​បញ្ហា​នានា​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ