រាជធានីភ្នំពេញៈបើតាមលោក សុន ឆ័យ ប្រធានក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិ និងក្រុមការងារបច្ចេកទេសគណបក្សប្រជាជនកម្ពុជា នឹងជួបប្រជុំពិភាក្សាគ្នាជាថ្មីពីការបង្កើតគណៈកម្មការចម្រុះមួយនៅថ្ងៃទី២៧កុម្ភៈខាងមុខ ។
ថ្លែងតាមទូរស័ព្ទបា្រប់កោះសន្តិភាពនៅថ្ងៃទី២៣ កុម្ភៈ ២០១៤នេះ លោក សុន ឆ័យ បានបញ្ជាក់ថា កាលពីថ្ងៃទី២២ កុម្ភៈ ក្រុមបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជាផ្លូវការស្នើសុំទៅក្រុមបច្ចេកទេសរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តជួបចរចាគ្នាជាថ្មីដោយកំណត់យកថ្ងៃទី២៧កុម្ភៈ ។
លោកថាក្រុមការងារបច្ចេកទេសនេះមានឈ្មោះថា គណៈកម្មការចម្រុះដើម្បីរៀបចំ និងកែទម្រង់ការបោះឆ្នោត ដែលសមាសភាពម្ខាងៗមានចំនួន៦នាក់ ដោយក្រុមការងារ បច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិមានរូបលោក ,លោកយឹម សុវណ្ណ ,លោកយ៉ែម ប៉ុញ្ញឬទ្ធិ ,លោកគួយ ប៊ុនរឿន , លោក ម៉ៅ មុន្នីវណ្ណ និងលោកអេងឆៃអ៊ាង ។ ចំណែកខាងសមាសភាពគណបក្សប្រជាជនកម្ពុជាក៏មាន៦រូបដែរ ។ យ៉ាងណាក្តីលោក សុន ឆ័យ មិនបានបញ្ជាក់ពីពេលវេលានិងទីកន្លែង ដែលក្រុមការងារបច្ចេកទេសទំាងពីរគ្រោងនឹងជូបគ្នាជាថ្មីនោះទេ ដោយថាគ្រាន់តែស្នើជួបជាមួយក្រុមការងារបច្ចេកទេស និងកំពុងរង់ចំាការឆ្លើយតបពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា។
លោក សុន ឆ័យ បានអះអាងទៀតថា ជំនួបរវាងក្រុមការងារបច្ចេកទេសរបស់គណបក្សទំាងពីរ មិនអាចដោះស្រាយបញ្ហានយោបាយសព្វថ្ងៃនេះបានទេ គឺ មានតែថ្នាក់ដឹកនំារបស់គណបក្សទំាងពីរទើបជាអ្នកសម្រេច។
ទាក់ទងនឹងការលើកឡើងរបស់លោក សុន ឆ័យ ថាបានដាក់លិខិតទៅក្រុមការងារបច្ចេកទេសរបស់គណបក្សប្រជាជនដើម្បីជួបពិភាក្សាគ្នាជាថ្មីនេះ កោះសន្តិភាពបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅ លោក ព្រុំ សុខា ប្រធានក្រុមបច្ចេកការងារបច្ចេកទេសខាងគណបក្សប្រជាជន និងជារដ្ឋលេខាធិការក្រសូងមហាផ្ទៃ ប៉ុន្តែពុំមានអ្នកលើកទទួល ។
គួររំលឹកថា កាលពីថ្ងៃទី១៨ កុម្ភៈ២០១៤ កន្លងមក នៅវិមានព្រឹទ្ឋសភា ក្រុមកាងារបច្ចេកទេសបក្សនយោបាយទាំងពីរ បានជួបប្រជុំពិភាក្សាគ្នាម្តងហើយ និងបានឯកភាពព្រមព្រៀងគ្នា៣ចំណុចរួមមាន៖
ទី១‑ស្នើឲ្យបង្កើតគណៈកម្មាធិការចម្រុះមួយដោយមានសមាសភាពស្មើគ្នា មកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សានិងរៀបចំកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ សំដៅដល់ការធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។
ទី២‑ ដើម្បីរៀបចំក្របខណ្ឌ កំណែទម្រង់ការបោះឆ្នោតនេះ គណៈកម្មការចម្រុះត្រូវរៀបចំឲ្យមានសិក្ខាសាលាជាតិមួយ ដើម្បីបើកទូលាយឲ្យមានការចូលរួមផ្តល់យោបល់ និងអនុសាសន៍នានាពីសំណាក់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ រួមទំាងដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយដែលបានចុះបញ្ជី សង្គមស៊ីវិល ដែលមានជំនាញលើការបោះឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ ។ ទន្ទឹមនេះត្រូវតែបង្កលក្ខណៈ ឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកាផ្តល់មតិយោបល់សម្រាប់ការកែទម្រង់កាបោះឆ្នោត ជាអាទិ៍តាមរយៈវេទិការសាធារណៈ។
ទី៣‑ ក្នុងកិច្ចដំណើរការនៃកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈឲ្យ មានការគំាទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូរអភិវឌ្ឍន៍ និងអង្កការជាតិ និងអន្តរជាតិ ។
ហើយក្រុមការងារលើកឡើងទៀតថា ក្រុមការងារទំាងពីរ នឹងរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ជូនថ្នាក់ដឹកនំាគណបក្សរៀងៗខ្លួន ហើយបានឯកភាពគ្នាបន្តជួបគ្នាលើកក្រោយទៀត ដើម្បីឈានដល់ជំនួបកំពូលរវាងមេដឹកនំាគណបក្សទំាងពីរ ៕
ចែករំលែកព័តមាននេះ