ខេត្តកំពត ៖ បុរសជាសន្តិសុខឯកជនម្នាក់ត្រូវក្រុមគ្រួសារដឹកពីមន្ទីរពេទ្យខេត្តសៀមរាបមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត បន្ទាប់ពីក្រុមគ្រួសារទទួលដំណឹងថា បុរសរូបនេះបានរងរបួសធ្ងន់ដោយសារផ្ទុះធុងហ្គាសកាលពីថ្ងៃទី២១ កុម្ភៈ ២០១៤ ។
ប្រភពពីក្រុមគ្រួសារបុរសរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន តង អាយុ២៦ឆ្នាំ ជាសន្តិសុខឯកជនធ្វើការនៅខេត្តសៀមរាប។ ប្រភពបន្តថា ពួកគេពុំដឹងថា ជនរងគ្រោះផ្ទុះធុងហ្គាសនៅកន្លែងណាទេ ព្រោះជនរងគ្រោះទៅធ្វើការនៅខេត្តសៀមរាបកន្លងមកក៏គ្មានដំណឹងពីសុខទុក្ខដែរ ទើបតែដឹងដំណឹងពីមន្ទីរពេទ្យខេត្តសៀមរាបទំនាក់ទំនងមកទើបក្រុមគ្រួសារដឹង និងទៅដឹកយកចេញមកកាន់មន្ទីរពេទ្យខេត្តកំពតវិញ។
ប្រភពដដែលឱ្យដឹងទៀតថា ដោយស្ថានភាពរបួសកាន់តែធ្ងន់ធ្ងរមិនអាចព្យាបាលក្នុងមន្ទីរពេទ្យខេត្តកំពតបានក្រុមគ្រួសារក៏បានបញ្ជូនជនរងគ្រោះមកសង្គ្រោះបន្តនៅមន្ទីរពេទ្យក្រុងភ្នំពេញវិញនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ កុម្ភៈ ២០១៤ នេះ។
សូមបញ្ជាក់ថា ស្ថានភាពរបួសជនរងគ្រោះធ្ងន់ធ្ងរដោយឆេះឆ្អិនសាច់តាំងពីក្បាលរហូតដល់ចុងជើងទៅហើយ អាចសង្ឃឹមរស់តិចណាស់៕
ចែករំលែកព័តមាននេះ