រាជធានីភ្នំពេញ ៖ ក្នុងយុទ្ធនាការជិះសាកល្បង Suzuki SmashV FI លើផ្លូវបេតុងគល់ស្ពានឧកញ៉ាលីយ៉ុងផាត់ ត្រើយខាងកើតលើចម្ងាយផ្លូវជាង៨០គីឡូម៉ែត្រ ដោយប្រើប្រាស់រយៈពេលប្រមាណជាងពី (២)ម៉ោង នៅព្រឹកថ្ងៃសៅរ៏ ទី២២ កុម្ភៈ ២០១៤ នេះ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅពេល ដែលកំណត់ត្រាបានបង្ហាញថា ម៉ូតូ Suzuki SmashV FI ពិតជាជិះ បានចម្ងាយផ្លូវជាង១០០គីឡូម៉ែត្រក្នុង១លីត្រសាំងមែន ។ការរៀបចំយុទ្ធនាការនេះឡើង ក្រោមកិច្ចសហការរវាងក្រុមហ៊ុន អូ អឹម ស៊ី និងរោងចក្រ Cambodia Suzuki គឺដើម្បីជំរះមន្ទិលសង្ស័យក្នុងចំណោមមតិសាធារណជន ពិសេសអតិថិជនដែលកំពុងប្រើប្រាស់ម៉ូតូ Suzuki ទាំងអស់ចាប់តាំងពី Suzuki SmashV FI ត្រូវបានចេញលក់លើទីផ្សារនាដើមខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ ។
ក្នុងចំណោមម៉ូតូ Suzuki SmashV FI ចំនួន៨គ្រឿង ដែលបានយកមកធ្វើតេស្តជិះលាកល្បងដោយមានការ ចូលរួមបើកបររកកំរិតស៊ីសាំងតិចបំផុតមានអ្នកប្រកួតចំនួន៦នាក់ តំណាងឱ្យសារព័ត៌មាន និង២នាក់ តំណាងមកពីក្រុមហ៊ុន អូ អឹម ស៊ី ។ ក្រោយយុទ្ធនាការជិះបានបញ្ចប់នៅម៉ោងជិត១២ថ្ងៃត្រង់ ឈ្មោះសារ៉ាត សែម ជាជ័យលាភីលេខ១ តំណាងវេសសាយសប្បាយដែលជិះបានចំងាយផ្លូវ124,84គីឡូម៉ែត្រ ក្នុង១លីត្រ ដែលជាកំណត់ត្រាល្អបំផុត និងជ័យលាភីលេខ២ បានទៅឈ្មោះសំរិទ្ធី សួស្តី តំណាងទូរទស្សន៏បាយ័ន ដែលជិះបានចម្ងាយផ្លូវ121,22គីឡូម៉ែត្រ ក្នុង១លីត្រសំាង និងជ័យលាភីលេខ៣ បានទៅឈ្មោះ ភក្រ្ក សុភារម្យ តំណាងសារព័ត៌មានរស្មីកម្ពុជា ជិះបានចម្ងាយផ្លូវ113,02គីឡូម៉ែត្រ ក្នុង១លីត្រសំាង ។ គួរបញ្ជាក់ផងដែរថា លក្ខខណ្ឌនៃការបើកបរ គឺតម្រូវឱ្យបេក្ខជនទាំង៨នាក់ បើកបរក្នុងល្បឿនថេរចន្លោះពី៣០-៤០គីឡូម៉ែត្រ ក្នុង១ម៉ោងលើផ្លូវរាបស្មើ ក្នុងចម្ងាយជាង៨០គីឡូម៉ែត្រ ដោយពុំមានការឈប់សំចតឡើយ រហូតដល់ទីដៅចុងក្រោយ ។
ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាន បន្ទាប់ពីយុទ្ធការបានបញ្ចប់លោក Kazuhiro Shiratori នាយករោងចក្រ Cambodia Suzuki Motor បានសម្ដែងនូវក្តីរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយលទ្ធផលខាងលើ ដោយលោកបានគួសបញ្ជាក់ថា លទ្ធផលនេះ គឺជាភស្តុតាងដែលអាចបំបាត់នូវរាល់ចម្ងល់ និងមន្ទិលសង្ស័យទាំងឡាយ ដែលបានដក់ជាប់ក្នុងអារម្មណ៍អតិថិជន ពិសេសក្នុងចំណោមអ្នកដែលបានជាវ Suzuki SmashV FI យកទៅប្រើប្រាស់កន្លងមក ។ លោកបន្ថែមថា ទំនុកចិត្តលើកំរិតស៊ីសាំង ព្រមទាំងកម្លាំងម៉ាស៊ីនរបស់ Suzuki Smash V FI ពិតជាលទ្ធផលជោគជ័យ និងជាជំរើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់នៅក្នុង ប្រទេសកម្ពុជា ដែលអាចជួយសន្សំនូវថវិកាបានមួយចំណែកយ៉ាងធំសម្រាប់ជីវភាពគ្រួសារ ។ តាងនាមឱ្យរោងចក្រ Cambodia Suzuki Motor លោកសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានតែងតែគាំទ្រប្រើប្រាស់ម៉ូតូ Suzuki គ្រប់ម៉ូដែលទាំងអស់នាពេលកន្លងមក និងទៅអនាគត ។ លោកសន្យាថា នឹងនាំយកនូវម៉ូតូ Suzuki ថ្មីៗបន្ថែមទៀត ជូនដល់អតិថិជនកម្ពុជា ទាំងអស់ដែលមានរួបរាងស្អាត សង្ហារ ទំនើបទាន់សម័យ ស៊ីសាំងតិច ដើម្បីឱ្យសមស្របតាមសេចក្តីត្រូវការ និងកំរិតជីវភាពរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ។
ចែករំលែកព័តមាននេះ