រាជធានីភ្នំពេញ ៖ ជនសង្ស័យចោរប្លន់២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ កុម្ភៈ ២០១៤ ហើយឈានទៅឆែកឆេរលំនៅឋាន នៅចំណុចផ្ទះលេខ៦១៧ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បន្ទាប់ពីពួកគេធ្វើសកម្មភាព ប្លន់ម៉ូតូតែមិនបានសម្រេច ។
ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ សុខ ទាង ភេទប្រុស អាយុ២០ឆ្នាំ និងទី២-ឈ្មោះ វ៉ាត គឹមអាង ភេទប្រុស អាយុ២២ឆ្នាំ ទាំង២នាក់ស្នាក់នៅផ្ទះជួលខាងលើ មានស្រុកកំណើត នៅឯស្រុកចំការលើ ខេត្តកំពង់ចាម ។
បើតាមសមត្ថកិច្ចបានឱ្យដឹង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ កុម្ភៈ ជនសង្ស័យខាងលើប្រដាប់ដោយកាំភ្លើងខ្លីម៉ាករ៉ូឡូមួយដើម ជិះម៉ូតូម៉ាកស្គូពីមួយគ្រឿង បានធ្វើសកម្មភាពប្លន់ម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CG-7890 នៅតាមបណ្តោយផ្លូវ៥៩៨ កែងផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ តែមិនបានសម្រេច ដោយម្ចាស់ម៉ូតូប្រវាយប្រតប់ជាមួយក្រុមចោរយកម៉ូតូបានវិញ ហើយពួកចោររត់គេចខ្លួនបាត់ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបញ្ជូនទៅសួរនាំនៅអធិការដ្ឋានខណ្ឌប្ញស្សីកែវ ៕
ចែករំលែកព័តមាននេះ