ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​ផ្ទុក​សម្ភារ​​សំណង់ និង​ក្រុម​ហ៊ុន​អនា​ម័យ​​វេច​ខ្ចប់​​ចាន-ចង្កិះ ឆ្លង​ចរន្ត​និង​ទុស្សេក្លាយជា​អណ្តាត​ភ្លើង​ឆេះ​ផ្អើល​​បន្ត​បន្ទាប់​

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ អគ្គិ​​ភ័យ​មួយ​ដែល​តាម​ការ​សន្និ​ដ្ឋាន​ថា​ បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី​​ បាន​ឆាប​ឆេះ​រោង​ដាក់​អី​វ៉ាន់​ និង​សម្ភារ​សំណង់​មួយ​កន្លែង​របស់​ប្រជា​ពល​រដ្ឋ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ ហើយ​ភ្លាម​ៗ​នោះ​ក៏​មាន​អន្តរា​គមន៍​ពី​រថ​យ​ន្ត​ពន្លត់​អគ្គិ​​ភ័យ​ចំនួន​២​គ្រឿង​ ដែល​ប្រចាំ​ការ​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​អង្គ​ស្នួល​ ចេញ​ទៅ​អន្តរា​គមន៍​បា.ញ់​ទឹក​​ពន្លត់​អស់​១​ស៊ី​ទែន​ទើប​រលត់​ ។

ខេត្ត​កណ្តាល​ ៖ អគ្គិ​​ភ័យ​មួយ​ដែល​តាម​ការ​សន្និ​ដ្ឋាន​ថា​ បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី​​ បាន​ឆាប​ឆេះ​រោង​ដាក់​អី​វ៉ាន់​ និង​សម្ភារ​សំណង់​មួយ​កន្លែង​របស់​ប្រជា​ពល​រដ្ឋ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ ហើយ​ភ្លាម​ៗ​នោះ​ក៏​មាន​អន្តរា​គមន៍​ពី​រថ​យ​ន្ត​ពន្លត់​អគ្គិ​​ភ័យ​ចំនួន​២​គ្រឿង​ ដែល​ប្រចាំ​ការ​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​អង្គ​ស្នួល​ ចេញ​ទៅ​អន្តរា​គមន៍​បាញ់​ទឹក​​ពន្លត់​អស់​១​ស៊ី​ទែន​ទើប​រលត់​ ។ នៅ​ក្នុង​គ្រោះ​អគ្គិ​ភ័យ​នេះ​អី​វ៉ាន់​និង​សម្ភារ​នៅ​ក្នុង​នោះ​ត្រូវ​ភ្លើង​ឆេះ​អស់​ទាំង​ស្រុង​ តែ​មិន​បាន​ឆេះ​រាល​ដាល​ដល់​លំនៅ​ឋាន​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ឡើយ​ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ កុម្ភៈ ឆ្នាំ​២០១៤​ នៅ​ចំណុច​ផ្ទះ​លក់​ទូរ​ស័ព្ទ​ដៃ​មួយ​ ស្ថិត​ក្នុង​ភូមិ​ថ្នល់​ទទឹង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គ​ស្នួល​ ។ ម្ចាស់​ទី​តាំង​ដែល​មាន​អគ្គិ​ភ័យ​នេះ​ឈ្មោះ​ សូត​ អេម​ ភេទ​ស្រី​ អាយុ​៧៣​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​ ហើយ​រោង​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​នោះ​ សង់​ពី​ឈើ​ប្រក់​ស័ង្ក​សី​ទំហំ​ប្រហែល​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ ចំណែក​អី​វា៉ន់​នៅ​ក្នុង​នោះ​មាន​គ្រែ​ តុ​ ទូ សម្លៀក​បំពាក់​ និង​សម្ភារ​សំណង​់មួយ​​ចំនួន​ផង​ ត្រូវ​ភ្លើង​ឆេះ​ទាំង​អស់​ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​កំពុង​ធ្វើ​ផ្ទះ​ថ្មី​ ហើយ​បាន​សង់​រោង​នោះ​ដាក់​អី​វា៉ន់​​ជា​បណ្តោះ​អាសន្ន​ ទម្រាំ​ធ្វើ​ផ្ទះ​រួច​ទើប​រើ​អី​វា៉ន់​នោះ​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​ ម្យា៉ង​ទៀត​កូន​ប្រុស​របស់​គាត់​បាន​ដេក​នៅ​ក្នុង​នោះ​ជា​រៀង​រាល់​យប់​ទៀត​ផង​ ។

ដោយ​ឡែក​ នៅ​ព្រឹក​កើត​ហេតុ​ពុំ​ដឹង​ថា ខ្សែ​ភ្លើង​នោះ​ត្រូ​វ​ទុស្សេ​បែប​ណា​ទេ​ ព្រោះ​ក្រោយ​ពេល​ក្រោក​ពី​ដំណេក​ កូន​ប្រុស​ជន​រង​គ្រោះ​បាន​ដក​ឌុយ​ភ្លើង​ចេញ​ទាំង​អស់​ បន្ទាប់​មក​បាន​ចាក​ចេញ​ទៅ​ផឹក​កាហ្វេ​នៅ​ជិត​ផ្សារ​ ស្ថិត​ក្នុង​ភូមិ​កើត​ហេតុ​នោះ​ដែរ​ ។ ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មួយ​សន្ទុះ​ក្រោយ​មក​ ស្រាប់​តែ​មាន​ភ្លើង​ឆេះ​ឡើង​​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ ដែល​ពុំ​ដឹង​ថា​បណ្តាល​មក​ពី​អ្វី​ឡើយ​ ហើយ​ខណៈ​នោះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ ។ ភ្លាម​ៗ​នោះ​​ រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ដែល​ប្រចាំ​ការ​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​អង្គ​ស្នួល​២​គ្រឿង​ បាន​ចេញ​ទៅ​បាញ់​ទឹក​ពន្លត់​ និង​បាន​បាញ់​ទឹក​អស់​​១​សីុ​ទែន​ ទើប​​រលត់​ទៅ​វិញ​ទាំង​ស្រុង​ និង​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការ​ឆេះ​រាល​ដាល​ដល់​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ ដែល​ជា​ផ្ទះ​លក់​ និង​ទិញ​ម៉ូតូ​ ហើយ​មាន​ម៉ូតូ​ប្រមាណ​ជាង​៣០​គ្រឿង​​នៅ​ក្នុង​នោះ​ ។ ជាមួយ​នេះ​ក៏​មាន​ផ្ទះ​លក់​អី​វា៉ន់​នៅ​ជាប់​នោះ​ជា​ច្រើន​ទៀត​ ព្រោះ​ទី​​នោះ​គឺ​នៅ​ជាប់​ផ្សារ​ថ្នល់​ទទឹង​តែ​ម្តង​​ ប្រសិន​បើ​ឆេះ​រាល​ដាល​វិញ​ប្រាកដ​ជា​មហន្ត​រាយ​ធំ​មិន​ខាន​ឡើយ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​ហេតុ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​​ ក្រុម​ហ៊ុន​អនាម័យ​ (លាង​ចាន) យីហោ​តាំង​យី ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ​​២៦១K ផ្លូវ​លេខ​​​៦២R ​ក្រុម​​ទី​១១ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ត្រូវ​​អគ្គិ​ភ័យ​​ឆេះ​ហុយ​ផ្សែង​ខ្មួល​ខ្មាញ់​​​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​​​​ ថ្ងៃ​ទី​២០ កុម្ភៈ បណ្តាល​ឱ្យ​ម៉ាស៊ីន​វេច​ខ្ចប់​ចាន​ និង​ចង្កឹះ​​​​១​គ្រឿង​​​ត្រូវ​ភ្លើង​ឆេះ​ រង​ការ​ខូច​ខាត​ ។

​នៅ​ក្នុង​ហេតុ​ការណ៍​នេះ មាន​រថយន្ត​​ពន្លត់​​អគ្គិ​ភ័យ​​ចំនួន​៣​គ្រឿង​ បាន​ទៅ​ជួយ​អន្តរា​គមន៍​ តែ​ពុំបាន​បាញ់​ទឹក​ទេ ព្រោះ​បាន​បុគ្គ​លិក​ក្រុម​ហ៊ុន​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល​​ ។​ ទាក់​ទិន​នឹង​ការ​កើត​មាន​អគ្គិ​ភ័យ​នេះ តាម​អ្នក​​បក​ប្រែ​ភាសា​ក្នុង​ក្រុម​ហ៊ុន​​​ បាន​ឱ្យ​ដឹង​ថា​ ដោយ​សារ​ឆ្លង​ចរន្ត​​អគ្គិសនី​ក្នុង​ម៉ាសុីន​វេច​ខ្ចប់​ចាន​-​ចង្កឹះ ។

​តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​ នៅ​ពេល​ដែល​ម៉ាសុីន​វេច​ខ្ចប់​កំពុង​ដំណើរ​ការ​ស្រាប់​តែ​ឆ្លង​ចរន្ត​ឆេះ​ក្លាយ​ជា​​អគ្គិ​ភ័យ​ផ្សែង​ហុយ​ចេញ​ពី​អគារ​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្បែរ​ខាង​ និង​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​​​ ហើយ​ទាក់​ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​​មក​អន្តរា​គមន៍​ចំនួន​៣​គ្រឿង​ តែ​មិន​ទាន់​បាន​បាញ់​ទឹក​ទេ​ ព្រោះ​បុគ្គ​លិក​​ក្រុម​​ហ៊ុននាំ​គ្នា​ជួយ​ពន្លត់​ទាន់​ ។ ទោះបី​ជា​យ៉ាង​ណា​​ ម៉ាសុីន​វេច​ខ្ចប់​​១​គ្រឿង​ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូច​ខាត​​​ ប៉ុន្តែ​មិន​បានរាល​ដាល​ខូច​ខាត​សម្ភារ​ផ្សេង​ទៀត​ឡើយ​ ៕