រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ដែលគេតែងឃើញនៅចាំម៉ូយនៅក្បែរស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខនៅក្នុងទឹកស្រះមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះទៅកាន់ទីនោះធ្វើកោសល្យវិច័យ និងអះអាងថា ជនរងគ្រោះត្រូវឃាតករវាយនឹងសោច្រវាក់ បណ្ដាលឱ្យសន្លប់រួចអូសទម្លាក់ចូលទៅក្នុងទឹកស្រះ ទើបស្លាប់ ប្លន់យកម៉ូតូ១គ្រឿងទៅបាត់ ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២១ កុម្ភៈ នៅក្នុងស្រះទឹកមួយ ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ បុរសរងគ្រោះឈ្មោះ ស៊្រុន លុច ហៅតឿ អាយុ ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុបនៅម្ដុំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្នាក់នៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយម៉ូតូដែលចោរប្លន់យកទៅបាត់ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AB-7280 ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតការភ្ញាក់ផ្អើល មានបុរសម្នាក់ដែលជាអ្នកភូមិក្រាំងអង្ក្រងទៅសាមងដែលបានដាក់យកត្រី នៅស្រះខាងលើ ខណៈពេលទៅដល់ស្រាប់តែប្រទះឃើញសពបុរសនោះស្ថិតក្នុងស្ថានភាពដេកផ្កាប់មុខអណ្ដែតក្នុងទឹកស្រះ ។
ក្រោយពីឃើញបែបនេះ បុរសអ្នកសាមងនោះបានរត់ទៅប្រាប់អ្នកភូមិជាមួយគ្នាឱ្យបានដឹង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើង ហើយភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីនោះរួចរាយការណ៍សុំការអន្ដរាគមន៍ពីមន្ដ្រីនគរបាលបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅពិនិត្យធ្វើកោសល្យវិច័យ ។ ក្រោយការពិនិត្យ មន្ដ្រីនគរបាលបានអះអាងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្មវាយសម្លាប់ប្លន់យកម៉ូតូ តែខណៈនោះជនរងគ្រោះមិនទាន់ស្លាប់ទេ គ្រាន់តែសន្លប់បាត់ស្មារតីប៉ុណ្ណោះ ក៏ត្រូវក្រុមឃាតករអូសទម្លាក់ចូលក្នុងទឹកទើបស្លាប់ ។ សពមានស្នាមរបួសបែកថ្ងាសខាងឆ្វេង បែកប្រអប់មាត់ និងជាំភ្នែកខាងស្ដាំ ដែលឃាតករ ឬក្រុមចោរប្លន់អាចមានគ្នាចាប់ពី២នាក់ឡើងទៅ ។
តាមប្រភពព័ត៌មានពីស្រ្ដីឈ្មោះ សៀង សារឿន អាយុ ៤០ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឱ្យដឹងថា ពួកគាត់មានកូនប្រុស២នាក់ និងកូនស្រីម្នាក់នៅក្នុងបន្ទុក ហើយសព្វថ្ងៃគាត់ជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកប្ដីជាអ្នករត់ម៉ូតូឌុបពេលយប់ប្រចាំនៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ គាត់បានបាត់ដំណឹងប្ដីតាំងពីចន្លោះម៉ោង៣ទៅ៤ទៀបភ្លឺ ថ្ងៃទី២០ កុម្ភៈម៉្លេះ ដែលពេលនោះគាត់ជាប្រពន្ធបានហៅទូរស័ព្ទរកដែរ ប៉ុន្ដែហៅមិនចូលទាល់តែសោះ ។ ម៉្យាងទៀត ជារៀងរាល់ថ្ងៃប្ដីរបស់គាត់ឱ្យតែដល់ពេលថ្ងៃត្រង់ម៉ោង១១ តែងតែយកបាយឱ្យគាត់និងកូនដល់រោងចក្រ ដោយឡែក នៅថ្ងៃទី២០ កុម្ភៈ មិនឃើញគាត់យកបាយទៅឱ្យឡើយ។ ស្រ្ដីជាប្រពន្ធបន្ដថា ពេលនោះគាត់និងកូនបាននាំគ្នាដើររក ប៉ុន្ដែរកមិនឃើញទេ សូម្បីតែដំណឹងបន្ដិចក៏មិនដឹងដែរ ហើយពេលទៅឆែកមើលបញ្ជីកន្លែងសន្ដិសុខយាមរោងចក្រមិនឃើញគាត់ទៅទីនោះទេ ព្រោះកន្លងមក ពេលគាត់យកបាយទៅឱ្យ តែងតែស៊ីញ៉េគ្រប់ពេលទាំងអស់មិនដែលខានឡើយ ។
លុះដល់ព្រឹកថ្ងៃទី២១ កុម្ភៈ ទើបទទួលបានដំណឹងថា មានគេប្រទះឃើញសព ហើយពេលនោះគាត់បានទៅមើលទើបដឹងថាជាប្ដី ចំណែកម៉ូតូបានបាត់ដោយសារចោរប្លន់យកទៅ ។ មន្ដ្រីនគរបាលនិយាយថា ជនរងគ្រោះត្រូវឃាតករវាយនឹងសោច្រវាក់ត្រូវត្រង់ថ្ងាស ជាំភ្នែក និងបែកប្រអប់មាត់ ។ នៅមាត់ស្រះទឹកនោះគេប្រទះឃើញសោច្រវាក់១ខ្សែនោះ ដែលក្រុមចោរវាយសម្លាប់យកម៉ូូតូ ប៉ុន្ដែតាមការពិនិត្យជាក់ស្ដែង គឺពេលវាយនោះជនរងគ្រោះមិនទាន់ស្លាប់ទេ គ្រាន់តែសន្លប់ តែត្រូវឃាតករអូសទម្លាក់ចូលទៅក្នុងទឹកស្រះទើបបណ្ដាលឱ្យស្លាប់។ សពត្រូវបានស្រង់យកទៅរក្សាទុកនៅវត្ដក្រាំងធ្នង់ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ