រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោ ភីភីអូហ្កាមិន ចំនួនជាង៧០០នាក់ នាវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ កុម្ភៈ បាននាំគ្នាធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីឱ្យអាជ្ញាធរជួយអន្តរាគមន៍ដោយពួកគេបានអះអាងថា តំណាងរោងចក្រកាត់ដេរខាងលើជួលក្រុមជើងកាងប្រមាណជាង១០នាក់ ឱ្យទៅវាយពួកគេ ។ ការទៅវាយនេះគឺខណៈពួកគេកំពុងធ្វើកូដកម្មតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួន កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ នៅមុខរោងចក្រកាត់ដេរខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឱ្យកម្មការិនី៣នាក់រងរបួស ។
ក្រុមកម្មករបានឱ្យដឹងថា ពួកគេបានចាប់ផ្តើមធ្វើកូដកម្មតវ៉ា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន២៥ចំណុច ឱ្យថៅកែជួយធ្វើការដោះស្រាយ ក្នុងនោះមានចំណុចសំខាន់ៗមួយចំនួនដូចជា ៖
១-ស្នើសុំឱ្យថៅកែផ្តល់ប្រាក់ថ្លៃបាយថ្ងៃត្រង់ក្នុងម្នាក់ៗ មួយថ្ងៃចំនួន២.៥០០រៀល ។
២-ស្នើសុំចេញពីធ្វើការនៅម៉ោង៤ល្ងាច និងធ្វើការថែមម៉ោងតាមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ។
៣-ទាមទារឱ្យកម្មករបណ្តែត បានចូលពេញសិទ្ធិ ។
៤-ទាមទារឱ្យស្ត្រីមានផ្ទៃពោះបានឈប់សម្រាកក្នុងមួយខែម្តង ដោយមិនកាត់លុយ ។
៥-ស្នើសុំលុយធ្វើការថែមម៉ោងក្នុងមួយម៉ោង២.៥០០រៀល ។
៦-ស្នើសុំឱ្យថៅកែផ្តល់លុយ សម្រាប់ការស្នាក់នៅ និងការធ្វើដំណើរក្នុងមួយខែ១៥ដុល្លារ និងនៅមានលក្ខខណ្ឌការងារជាច្រើនចំណុចផ្សេងទៀត ។
ក្រុមកម្មករបានបន្តថា នៅព្រឹកថ្ងៃទី២១ កុម្ភៈ ពួកគេបានធ្វើកូដកម្មទាមទារនូវលក្ខខណ្ឌការងារខាងលើ ដែលការតវ៉ានេះ ធ្វើឡើងដោយសន្តិវិធី មិនបានប៉ះពាល់ដោយហិង្សាណាមួយទៅលើរោងចក្រនោះឡើយ ព្រោះពួកគេចង់បានតែយុត្តិធម៌ប៉ុណ្ណោះ ។ ប៉ុន្តែមិននឹកស្មានថា ថៅកែមិនត្រឹមតែមិនព្រមដោះស្រាយប៉ុណ្ណោះទេ គឺថែមទាំងជួលក្រុមជើងកាងឱ្យធ្វើសកម្មភាពព្រួតវាយពួកគេទាំងកំរោលថែមទៀត ដែលបណ្តាលឱ្យកម្មការិនី៣នាក់រងរបួសយ៉ាងដំណំ ហើយខណៈនោះពួកគេទាំងអស់គ្នាគ្មានលទ្ធភាពតដៃបានទេ ព្រោះភាគច្រើនជាកម្មការិនី ។ រហូតដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ទើបពួកគេនាំគ្នាធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីរកអាជ្ញាធរ និងនគរបាលជួយអន្តរាគមន៍ និងរកយុត្តិធម៌ឱ្យពួកគេ ហើយពេលនេះពួកគេបានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលចោមចៅរួចរាល់ហើយដែរ ។
មន្ត្រីអាជ្ញាធរសង្កាត់ចោមចៅ បានឱ្យដឹងថា ក្រោយពេលមានការណែនាំពីលោកចៅសង្កាត់ចោមចៅឱ្យពួកគេធ្វើការតវ៉ានៅមុខរោងចក្រ ហើយប៉ូលិសទទួលបណ្តឹងរួចរាល់ ពួកគេក៏បាននាំគ្នាចាកចេញពីសាលាសង្កាត់ចោមចៅនោះវិញ ហើយមានកម្មករ-កម្មការិនីមួយចំនួនបាននាំគ្នាត្រឡប់ទៅមុខរោងចក្រវិញ បន្តការតវ៉ា និងមួយចំនួនទៀតនាំគ្នាត្រឡប់ទៅផ្ទះតែម្តង ៕
ចែករំលែកព័តមាននេះ