តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងនៅក្លិបបិសាចក្រហម Daniel James បានទទួលស្គាល់ថា ខ្លួនពិតជាមានលាភផ្ទួនៗ ព្រោះតែរកគ្រាប់បាល់ជូនក្លិបជាលើកដំបូង ក្រោយចូលលេងភ្លាម និងទទួលបានការចុះកុងត្រាឧបត្ថម្ភពី Adidas ទៀត ។

កីឡាករអាយុ២១ឆ្នាំរូបនេះបានមកលេងនៅបិសាចក្រហម Manchester United ក្រោយពីចេញពីក្លិប Swansea City នៅរដូវកាលថ្មីនេះ បន្ទាប់ពីឪពុកបានទទួលមរណភាពប៉ុន្មានថ្ងៃមុន ។ គេបានរកគ្រាប់ដំបូងជូនក្លិបបន្ទាប់ពីប្រកួតជាមួយនឹង Chelsea ឈ្នះក្នុងលទ្ធផល 4-0 កាលពីថ្ងៃអាទិត្យ ។ កីឡាករកាន់ខាងស្លាបរូបនេះបានទទួលលាភមួយទៀតដែលបានកិច្ចព្រមព្រៀងឧបត្ថម្ភគ្រឿងសម្លៀកបំពាក់ និងស្បែកជើងពី Adidas ។

James បានបង្ហោះរូបរបស់ខ្លួនទទួលបានកុងត្រានៅលើបណ្តាញសង្គម Twitter ជាមួយនឹងសារសរសេរភ្ជាប់ជាមួយថា ៖ «ខ្ញុំសប្បាយចិត្តណាស់ ដែលបានចុះកុងត្រាជាមួយនឹង Adidas Football ។ ប៉ុន្មានថ្ងៃមកនេះ គឺជាថ្ងៃដែលខ្ញុំមានសំណាង។» គេគ្រាន់តែដឹងថា Adidas ព្រមឧបត្ថម្ភឱ្យ James តែគេមិនដឹងពីប្រាក់ដែលក្រុមហ៊ុននេះ ផ្តល់ជូននៅឡើយទេ ។
អ្វីដែលគេដឹងច្បាស់ គឺថា Manchester United មានទំនាក់ទំនងឧបត្ថម្ភច្រើនជាងគេ ក្នុងចំណោមក្លិបទាំងអស់ ។ កិច្ចឧបត្ថម្ភជាមួយនឹង Adidas សព្វថ្ងៃ គឺមានតម្លៃ៧៥លានផោនបាត់ទៅហើយ ខណៈដែល Chelsea ជាមួយនឹង Nike នៅចាញ់១៥លានផោននៅឡើយ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ