ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើ​ពិត​មែននោះ តើសំណាក​ប្រាសាទ​កំពូល​បីចាស់ ​​​​​​ទុកទីណាហើយ?

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ មាន​មន្ទិល​​កើត​មាន​ជា​យូរ​មក​ហើយ​ ក្នុងរឿង​សំណាក​ប្រាសាទ​កំពូល​បី​​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជាប់​គាំង​មិនឃើញ​ដំណើរការ​បន្ត​ ហើយ​ស្រប​ពេល​គ្នា​នេះ​ ប្រភព​ច​ចាម​អារ៉ាម​តាម​តុ​កាហ្វេ​ និង​តាម​ទី​សាធារណៈ​និយាយ​ត​គ្នា​ៗ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ រហូត​មាន​ទាំង​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ថា ​អាច​គេ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​នោះ​ ពេល​នេះ​ស្រាប់តែ​ឃើញ​មាន​ឯកសារ​មួយ​ច្បាប់​របស់​ក្រសួង​សាធារណៈការ​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ មាន​មន្ទិល​​កើត​មាន​ជា​យូរ​មក​ហើយ​ ក្នុងរឿង​សំណាក​ប្រាសាទ​កំពូល​បី​​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជាប់​គាំង​មិនឃើញ​ដំណើរការ​បន្ត​ ហើយ​ស្រប​ពេល​គ្នា​នេះ​ ប្រភព​ច​ចាម​អារ៉ាម​តាម​តុ​កាហ្វេ​ និង​តាម​ទី​សាធារណៈ​និយាយ​ត​គ្នា​ៗ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ រហូត​មាន​ទាំង​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ថា ​អាច​គេ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​នោះ​ ពេល​នេះ​ស្រាប់តែ​ឃើញ​មាន​ឯកសារ​មួយ​ច្បាប់​របស់​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ត្រូវ​គេ​ចែកចាយ​ត​គ្នា​ក្នុង​បណ្តាញ​សង្គម​ដែល​មាន​ខ្លឹមសារ​ថា​ «ការ​ស្ថាបនា​សំណាក​ប្រាសាទ​កំពូល​បី​នេះ​ មាន​ផល​ប៉ះពាល់​ និង​មិន​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​អាជ្ញាធរ​ក្រុង​ និង​ខេត្ត​ពី​កា​ស្ថាបនា​នេះ​»។​

សូមបញ្ជាក់ សំណាក​ប្រាសាទ​កំពូល​បី​ ឬ​ជើង​ទម្រ​ប្រាសាទ​កំពូល​បី​នេះ​ កសាង​លើ​ទីតាំង​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដើម្បី​ដាក់​តាំង​ប្រាសាទ​កំពូល​បី​ ដែល​ស្ទូច​ចេញពី​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខណៈ​មាត់ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​រាជរដ្ឋាភិបាល​បាន ​និង​កំពុង​ដំណើរការ​សាងសង់​អគារ​ច្រក​ទ្វារដ៏​ធំ​មួយ​ថ្មី​សន្លាង​។

​យោង​​ឯកសារ​មួយ​ច្បាប់​របស់​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ចុះ​ថ្ងៃ​ទី​២៥ ​សីហា​ ឆ្នាំ​២០១៨ ​ចុះ​ហត្ថ លេខា​ដោយ​លោក​តូច ចាន់​កុសល ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ ដែល​កោះសន្តិភាព​ទើប​ទទួល​បាន​ៗ​ឲ្យ​ដឹង​ថា​ កា​រស្ថាបនា​សំណាក​ប្រាសាទ​កំពូល​បី​៖ បណ្តាល​ឲ្យ​ប៉ះពាល់​ខូចខាត​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ស្វ័យប្រវត្តិ​នៃ​រនាំង​បាំង​ផ្លូវ​ឆ្លងកាត់​(Automatic Signaling Protection System)​ ពេល​ដែល​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ​ ។​

ហើយ​ថា​ កា​រស្ថាបនា​នេះ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​មិន​បាន​ទទួល​លិខិតផ្លូវការ​របស់​ក្រុង​ ឬ​ខេត្ត​ដើម្បី​សហការ​ឡើយ ​ហើយ​ការ​ស្ថាបនា​នេះ​ បាន​ធ្វើ​ឲ្យ​មានកា​ប៉ះពាល់​ដូច​បាន​លើក​ឡើង​ខាងលើ ​។​ ជុំវិញ​ករណី​នេះ ​ប្រភព​នានា​ជា​ច្រើន​បាន​លើក​ជា​ច​ម្ង​ល់​ថា​ មុន​កា​សាងសង់​សំណាក​ប្រាសាទ​កំពូល​បី​(​ជើង​ទម្រ​ប្រាសាទ​កំពូល​បី​)​ ព័ត៌មាន​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​ និង​មានកា​បញ្ចាំង​ជា​ស្លាយ​ជា​សាធារណៈ​លើ​អេ​ក្រង់​ទូរ​ទស្ស​របស់​កាស៊ីណូ ​និង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយ​ក្នុង​ពិធី​ក្រុង​ពិ​លី​
ក៏មាន​អ្នកធំ​ចូលរួម​យ៉ាង​គគ្រឹកគគ្រេង​ដែរ ​ហេតុ​អ្វី​ក្រសួង​មិន​ចាប់​អារ​ម្ម​ណ៌​និង​ទប់ស្កាត់​ជា​មុន?

​ហើយ​មិន​គួរ​បណ្តោយ​ឲ្យ​សំណាក​ប្រាសាទ​នេះ ​លេច​ចេញ​ជា​រូបរាង​យ៉ាង​ធំ​ស្កឹមស្កៃ​ និង​ចំណាយ​ថវិកា​សាង​សង់​មិន​តិច​ម៉ឺន​ដុល្លា​រនោះ​ទេ​ ។ ​កន្លង​មក​ ក្រោយ​លេចឮ​ពាក្យ​ច​ចាម​អារ៉ាម កោះសន្តិភាព​ក៏បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​សាន​ស៊ា​ន​ ហូ​ អតីត​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បី​បកស្រាយ​ច​ម្ង​ល់​ តែ​លោក​បដិសេធ ​ដោយ​មាន​ប្រសា​ស​ន៍ថា ​លោក​មិន​បាន​ទទួល​លិខិតផ្លូវការ​ណាមួយ​ពី​ថ្នាក់លើឱ្យផ្អាក
​ការ​សាងសង់​ទេ​ ។

មិនតែប៉ុណ្ណោះ ​លោក​បញ្ជាក់​ថា​ លោក​កំពុង​ខិតខំ​គៀងគរ​រក​ថវិកា ​ដើម្បី​សាងសង់​ទីតាំង​ប្រាសាទ​កំពូល​បី​នេះ​ឲ្យ​រួចរាល់​ទៀត​ផង​។​ លោក​អ៊ុំ ​រាត្រី​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ក៏​ដូច​ជា​លោក​គាត​ ហ៊ុ​ល ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​ខាងលើ​បាន​ទេ​ ដោយ​លោក​ទាំង​ពីរ​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ «កំពុង​ជាប់រវល់​ប្រជុំ​» ។​ ដោយឡែក​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​បានដែរ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ ។​

យោង​លិខិត​របស់​ក្រសួង​ខាងលើ ​បើជា​កា​រពិត​ហើយ​ បើ​ទីតាំង​សំណាក​ប្រាសាទ​កំពូល​បី​នេះ​ត្រូវ​ផ្អាក​ដំណើរការ​ឬ​រុះរើ​វិញ ​តើ​ប្រាសាទ​កំពូល​បី​ចាស់​ដែល​ស្ទូច​ចេញពី​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ទៅ​ជា​យ៉ាងណា​ ឬ​ត្រូវ​យក​ទៅ​ដាក់​នៅ​ទីណា? (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ