ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវនេសាទលៀសដោយសេរី…ប្រើឧបករណ៍​ទំនើបទៀត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ការ​រាស់​ដោយ​រនាស់ដែក​ដែល​ក្រុម​អ្នកនេសាទ​ហៅ​ថា​«​កាវ​លៀស​»​ដោយ​ម៉ាស៊ីន​ជា​ឧបករណ៍​ទំនើប​រាប់​សិប​កាណូត​បា​ឡា​ស្មាច់ ដែល​បាន​ធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ ស្ទើរ​គ្រប់​ទីកន្លែង នៅ​តាមដង​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ​កើប​ប្រមូល​បាន​លៀស​រាប់​ពាន់​ការុង បាន​ដឹក​ចេញពី​ខេត្ត​នេះ​ជា​រៀងរាល់ថ្ងៃ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​មួយ​ចំនួន​ធំ…

ខេត្តកំពង់ឆ្នាំង ៖ ការ​រាស់​ដោយ​រនាស់ដែក​ដែល​ក្រុម​អ្នកនេសាទ​ហៅ​ថា​«​កាវ​លៀស​»​ដោយ​ម៉ាស៊ីន​ជា​ឧបករណ៍​ទំនើប​រាប់​សិប​កាណូត​បា​ឡា​ស្មាច់ ដែល​បាន​ធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ ស្ទើរ​គ្រប់​ទីកន្លែង
នៅ​តាមដង​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង ​កើប​ប្រមូល​បាន​លៀស​រាប់​ពាន់​ការុង បាន​ដឹក​ចេញពី​ខេត្ត​នេះ​ជា​រៀងរាល់ថ្ងៃ យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​មួយ​ចំនួន​ធំ និង​មាន​តិចតួច​លក់​នៅ​
ក្នុង​ប្រទេស ។ ប៉ុន្តែ​សកម្មភាព​នេះ​ នៅ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​រដ្ឋបាល​ជលផល ចេញ​វិធានការ​ការពារ​ឬ​ទប់ ស្កាត់​បែប​ណា​នៅឡើយ​ទេ ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បញ្ជាក់​ថា ការ​កាវ​យក​លៀស​ពី​ក្នុង​ទន្លេ​ដោយ​ប្រើ​ដៃ​មិន​ត្រូវ​បាន​ហាមឃាត់​ឡើយ តែ​ច្បាប់​ហាមឃាត់​មិន​ឱ្យធ្វើ​សកម្មភាព​ដោយ​ប្រើ​ថ្នង​ដែក និង​អូស​ដោយ​រនាស់
ដែក​ប្រើ​កម្លាំង​ម៉ាស៊ីន​ទេ ព្រោះ​ការ​ធ្វើ​សកម្មភាព​បែប​នេះ នាំ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​បាតទន្លេ ។

លោក​ថា​ នៅ​បាតទន្លេ លៀស​ដែល​ងាប់​យូរ​ឆ្នាំ វា​បាន​ពុក​ផុយ​ក្លាយជា​ជីវចម្រុះ​សម្រាប់់​ចំណី​ត្រី និង​មច្ឆ​ជាតិ​គ្រប់​ប្រភេទ ជា​ពិសេស​មាន​ត្រី​មួយ​ចំនួន​ក៏​បាន​ពង​កូន​នៅ​ក្នុង​ភក់​បាតទន្លេ​នោះ​ដែរ ។ ដូចនេះ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​នឹង​ចុះ​អប់រំ​ណែនាំ​ពួក​គាត់​ជា​ថ្មី​ទៀត ប្រសិនបើ​អ្នក​កាវ​លៀស​ដោយ​ម៉ាស៊ីន​មិន​ស្តាប់​ទេ សមត្ថកិច្ច​ជំនាញ​នឹង​អនុវត្ត​តាម​ច្បាប់​ជា​មិន​ខាន ។

កម្មករ​ម្នាក់​ដែល​កំពុង​លើក​លៀស​ចេញពី​កាណូត​ដាក់​ឡើងគោក និយាយ​ថា ជា​រៀងរាល់ថ្ងៃ​គាត់​ឃើញ​ទូក​កាវ​លៀស​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​រាប់​សិប​គ្រឿង បណ្តែត​បណ្តាក់​គ្នា​ដូច​ខ្យង​លើ​ផ្ទៃ​ទន្លេសាប ដោយ​ប្រើប្រាស់​នូវ​កញ្ច្រែង​ដែក ប្រៀប​ដូច​រនាស់ដែក​ដែល​មាន​ទំហំ​មុខកាត់​ចាប់ពី​១​ម៉ែត្រ​ទៅ​១​ម៉ែត្រ​កន្លះ ទម្លាក់​ចុះ​កប់​ក្នុង​ភក់​បាតទន្លេ ដើម្បី​ចូក​កាវ​លៀស​ដោយ​ប្រើ​ម៉ាស៊ីន​អូស​ទាញ​យក​លៀស​ចេញពី​ក្នុង​ភក់​បាតទន្លេ ។

ក្នុង​កាណូត​កាវ​លៀស​មួយ​គ្រឿង អាចរ​កលៀស​បាន​ចាប់ពី​៣០​ទៅ​៤០​ការុង​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ក្នុង​១​ការុង​មាន​ទម្ងន់​ពី​៨០​ទៅ​៩០​គីឡូក្រាម គឺ​ប្រមាណ​ជិត​៤​តោន​លៀស តាម​ទូក​តូច​ទូក​ធំ ។ គាត់​ថា​លៀស​ដែល​កាវ​បាន​មាន​តាំងពី​លៀស​តូច​ៗ ទើប​កើត​រហូត​ដល់​ជីដូន​ជីតា​លៀស គ្មាន​នៅ​បាន​ទេ ។

គួរ​បញ្ជាក់​ថា ទីតាំង​ឈ្មួញ​ចាំ​ទទួល​ទិញលៀស​ដើម្បី​ដឹក​យក​ទៅ​លក់​បន្ត គឺ​នៅ​ក្នុងស្រុក​បរិបូណ៌ មាននៅ​មាត់​កំពង់ទឹក​ឆ្នុកទ្រូ មាត់​កំពង់ទឹក​សេះ​ស្លាប់ ។ ចំណែក​នៅ​ក្រុង​កំពង់ឆ្នាំង មាននៅ​ភូមិ​កំពង់​អុស ភូមិ​កណ្តាល ភូមិ​ចុង​កោះ នៅ​ស្រុក​កំពង់ត្រឡាច មាននៅ​មាត់កំពង់​ដរ​តា​ជេស មាត់កំពង់​ត្រឡាច​ក្រោម និង​នៅ​មាន​ច្រើន​កន្លែង​ទៀត ដែល​តាម​អ្នកនេសាទ​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​នេសាទ​លៀស​បាន​រាប់​សិប​តោន ។

ក្នុង​មួយ​រដូវរ​កលៀស​អាច​មាន​រយៈពេល​ពី​៤​ទៅ​៦​ខែ​ទើប​អស់ ព្រោះ​ទឹក​ជ្រៅរ​កលែង​បាន ។ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា បទល្មើស​កាវលៀស​ដោយ​ប្រើ​ម៉ាស៊ីន​បែប​នេះ នឹង​ធ្វើ​ឱ្យ​ហិនហោច​អេកូឡូស៊ី​ក្រោម​ទឹក ដូច​បំផ្លាញ​មច្ឆជាតិដែរ ដែល​អនាគត​ទៅ​នឹង​វិនាស​អន្តរាយ​អស់ ៕

អត្ថបទសរសេរ ដោយ