ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​នៅ​ខេត្តពោធិ៍សាត់​ស្រក​វិញ​បណ្តើរ​ៗ​ហើយ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ តាមដាន​ស្ថានភាព​អាកាសធាតុ​រួច​មក ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ហូរ​តាម​ស្ទឹង​អា​រ៉ៃ ស្ទឹង​ព្រៃ​ខ្លុង មក​ប្រសព្វ​គ្នា​នឹង​ស្ទឹងធំ…

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ធ្វើការ តាមដាន​ស្ថានភាព​អាកាសធាតុ​រួច​មក ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ហូរ​តាម​ស្ទឹង​អា​រ៉ៃ ស្ទឹង​ព្រៃ​ខ្លុង មក​ប្រសព្វ​គ្នា​នឹង​ស្ទឹងធំ បង្ក​ជា​ទឹកជំនន់​លិច​ស្រុក​ចំនួន​៣​ដែល​ស្ថិត​នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ ក្នុង​នោះ​មានស្រុក​ភ្នំក្រវាញ ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង​។

​មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ ទឹក​កំពុង​ជន់​ខ្លាំង​ក្នុង​ស្ទឹង​ពោធិ៍សាត់​ដែល​នៅ​ស្រុក​ភ្នំក្រវាញ​មាន​កម្ពស់​៤,៤៦​ម៉ែត្រ ហើយ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​គឺ​៦​ម៉ែត្រ​។ នៅ​ក្រុង​ពោធិ៍សាត់​ទឹក​មាន​កម្ពស់​៤,៨១​ម៉ែត្រ ហើយ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​អាសន្ន​គឺ​៥​ម៉ែត្រ​។ នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ដដែល ទឹក​ចាប់ផ្ដើម​ស្រក​ពី​ក្នុង​ស្ទឹង​ពោធិ៍សាត់​ដោយ​ហូរ​តាម​វាល ធ្វើ​ឲ្យ​កម្ពស់​ទឹក​នៅ​ស្រុក​ភ្នំក្រវាញ​ចុះ​មក​នៅ​៤,៥១​ម៉ែត្រ និង​នៅ​ក្រុង​ពោធិ៍សាត់​ឡើង​ដល់​៤,៨៨​ម៉ែត្រ​។ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ កម្ពស់​ទឹក​នៅ​ស្រុក​ភ្នំក្រវាញ​នៅ​សល់​៣,៣៧​ម៉ែត្រ និង​នៅ​ក្រុង​ពោធិ៍សាត់​ឡើង​ដល់ ៤,៩១​ម៉ែត្រ ។

ជំនន់​ទឹកភ្លៀង​នៅ​ខេត្តពោធិ៍សាត់​បណ្តាល​ឱ្យ​ខូច​ផ្លូវថ្នល់ និង​លិច​ស្រែ​ស្រូវ​មួយ​ចំនួន តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ប៉ុន្តែ​មេឃ​នៅ​តែ​ខ្មៅ​ងងឹត​នៅ​តំបន់​ភ្នំ​អាចមាន​​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​បង្ក​ជា​ទឹកជំនន់​នៅ​ថ្ងៃ​​ក្រោយ​ទៀត​។ ដូច្នេះ​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់ ​និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ