សារព័ត៌មានបរទេស កាលពីថ្ងៃទី១៧ កុម្ភៈ ២០១៤ ផ្សាយថា អគារខ្ពស់នានា ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានគ្របដណ្ដប់ដោយពពក និងអ័ព្ទយ៉ាងក្រាស់ ។ ពពកអ័ព្ទលាតសន្ធឹងគ្របដណ្ដប់នៅពីលើអគារដែលមានកម្ពស់៧០ជាន់ឡើង មើលទៅហាក់ដូចជាទីក្រុងអណ្ដែតក្នុងពពកលើអាកាសវេហាស៍ ។
របាយការណ៍បញ្ជាក់ថា ផ្សែងអ័ព្ទដែលគ្របដណ្ដប់អគារ«Birj Califa» ជាអគារខ្ពស់បំផុតនៅលើពិភពលោក ព្រមទាំងអគារខ្ពស់ ផ្សេងៗទៀតនៅក្នុងឌូបៃត្រូវគេថតរូបបានដែលមើលទៅប្រៀបដូចជាក្រុងសួគា៌ ។ នាងនីខូល ឡាតថេក អាយុ ៣៤ឆ្នាំ ជាអ្នកជំនាញខាងថតរូបឱ្យដឹងថា នោះជាបាតុភូតដ៏ចម្លែកដែលផ្ទៃអ័ព្ទយ៉ាងក្រាស់កើតឡើងនៅពេលព្រឹកគ្របដណ្ដប់អគារខ្ពស់នានាក្នុងទីក្រុង។
មើលទៅដូចជាអគារទាំងនោះអណ្ដែតនៅលើលំហអាកាសដែលហ៊ុមព័ទ្ធដោយពពក ។ បាតុភូតធម្មជាតិបែបនេះ កើតឡើងចំនួន២លើកក្នុងមួយឆ្នាំ ។ នាងនីខូល ឡាតថេក ពេញចិត្ដរូបថតរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីពុះពារការលំបាកដើម្បីថត គឺត្រូវចំណាយពេលឡើងទៅលើកំពូលអគារខ្ពស់មួយក្នុងអំឡុងពេលសមស្រប ៕
ចែករំលែកព័តមាននេះ