ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​​មិន​ហូប​សាច់​ជ្រូក​ពី​សំណាក់​បងប្អូន​មួយ​ចំនួន​នា​ពេល​នេះ​នឹង​ប៉ះពាល់​ទីផ្សារ​នា​ថ្ងៃ​អនាគត​យ៉ាងណា ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិបត្តិ​ទីផ្សារ​ជ្រូក​បាន​កើតឡើង​ម្ដងទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទំហំ​នៃ​វិបត្តិ​នេះ​ហាក់​បង្ក​ជា​ចំណោទ​សម្រាប់​អនាគត​ទីផ្សារ​សាច់​ជ្រូក​នៅ​ពេល​ដែល​បងប្អូន​អ្នក​បរិភោគ​មួយ​ចំនួន​បាន​ធ្វើ​ពហិការ​មិន​ទិញ​យក​ទៅ​បរិភោគ ដោយសារ​តែ​ការ​ខ្លាចរអារ​ប៉ះពាល់​ដល់​សុខភាព​ដោយ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក បើ​ទោះបីជា​មន្ត្រី​ជំនាញ​បញ្ជាក់​ជា​ច្រើន​ដង ថា​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក មិន​ឆ្លង​មក​មនុស្ស​ក៏​ដោយ ។ ​ជាក់ស្តែង​វិបត្តិ​ទីផ្សារ​ជ្រូក​បាន​ឲ្យ​ឃើញ​នូវ​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ៖ វិបត្តិ​ទីផ្សារ​ជ្រូក​បាន​កើតឡើង​ម្ដងទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ទំហំ​នៃ​វិបត្តិ​នេះ​ហាក់​បង្ក​ជា​ចំណោទ​សម្រាប់​អនាគត​ទីផ្សារ​សាច់​ជ្រូក​នៅ​ពេល​ដែល​បងប្អូន​អ្នក​បរិភោគ​មួយ​ចំនួន​បាន​ធ្វើ​ពហិការ​មិន​ទិញ​យក​ទៅ​បរិភោគ ដោយសារ​តែ​ការ​ខ្លាចរអារ​ប៉ះពាល់​ដល់​សុខភាព​ដោយ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក បើ​ទោះបីជា​មន្ត្រី​ជំនាញ​បញ្ជាក់​ជា​ច្រើន​ដង ថា​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក មិន​ឆ្លង​មក​មនុស្ស​ក៏​ដោយ ។

​ជាក់ស្តែង​វិបត្តិ​ទីផ្សារ​ជ្រូក​បាន​ឲ្យ​ឃើញ​នូវ​ផល​អវិជ្ជមាន​ធ្ងន់ធ្ងរ ព្រោះ​កាលពីមុន​តម្រូវការ​សាច់​ជ្រូក​សម្រាប់​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ប្រមាណ​៧​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ បាន​ធ្លាក់​ចុះ​ត្រឹមត្រូវ ២​ពាន់​ទៅ​៣​ពាន់​ក្បាល​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ដូច្នេះ មានការ​ថយ​ចុះ លើស​ពាក់កណ្ដាល ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់ លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ។ ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី វិបត្តិ​ជ្រូក​នៅ​ថ្ងៃ​ខាង​មុខ ដោយ​លើក​ឡើង​ថា​វិបត្តិ​ទីផ្សារ​ជ្រូក​លើក​នេះ​មិនមែន​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ជ្រូក​រស់​និង​សាច់​ជ្រូក​ទេ តែ​ជា​វិបត្តិ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធ្វើ​ពហិការ​មិន​ទិញ​យក​ទៅ​ទទួលទាន​តែ​ម្តង ។

ដូច្នេះ​អ្នកជំនាញ​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារ​ម្ម​ណ៍​ថា «​បើ​មិន​បរិភោគ​សាច់​ជ្រូក​នៅ​ថ្ងៃនេះ នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់ទី​ផ្សារ និង​អ្នក​បិ​រ​ភោគ​វិញ​នៅ​ថ្ងៃ​អនាគត​» ខ្លី​ខាង​មុខ ។ ​លោក លី ឡា​វិល ប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​អ្នក​បន្ត​ទទួលទាន​សាច់​ជ្រូក គឺ​នៅ​មាន​ចំនួន​តិចតួច​ណាស់ បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​និង​បំផុស​អោយ​បរិភោគ​សាច់​ជ្រូក ព្រម​ជាមួយនឹង​ការ​ប្រកាស​ពី​ក្រសួងសុខាភិបាល ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថា ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក មិន​ចម្លង​មក​មនុស្ស​ក៏​ដោយ ។

លោក​បាន​បន្ត​ថា «​មិន​ហូប​សាច់​ជ្រូក​នៅ​ថ្ងៃនេះ នឹង​ធ្វើ​អោយ​ប៉ះពាល់​ទីផ្សារ ជា​ពិសេស​អ្នក​បរិភោគ​ផ្ទាល់​នៅ​ថ្ងៃ​ខាង​មុខ​។ មូលហេតុ​ដែល​យើង​លើក​ឡើង​ថា វា​នឹង​ប៉ះពាល់​ទីផ្សារ និង​អ្នក​បរិភោគ​ផ្ទាល់​នោះ ព្រោះ​នៅ​ពេល​ដែល​យើង​មិន​ហូប​នៅ​ថ្ងៃនេះ អ្នក​ចិញ្ចឹម​នឹង​លែង​ចិញ្ចឹម បោះបង់​ការ​ចិញ្ចឹម ព្រោះ​គ្មាន​អ្នក​ហូប ហើយ​នៅ​ពេល​ដែល​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​បាត់​អស់ នៅ​ពេល​នោះ​អ្នក​បរិភោគ​នឹង​រក​សាច់​ជ្រូក​ហូប​វិញ តែ​ជា​លទ្ធផល​គឺ​មិន​មាន​សាច់​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ជូន​ពួក​គាត់​ឡើយ ដោយសារ​តែ​គ្មាន​ការ​ចិញ្ចឹម​បន្ត ។ នៅ​ពេល​ហើយ​ទីផ្សារ​សាច់​ជ្រូក​នឹង​ឡើង​ខ្ពស់ ហើយ​ជះ​ឥទ្ធិពល​ដល់​អ្នក​បរិភោគ​សាច់​ជ្រូក ដែល​មាន​ចំនួន​ជាង​៨០​ភាគរយ នៃ​ប្រជាជន​សរុប ។

​លោក លី ឡា​វិល បាន​បន្ថែម​ថា « អ្នក​ទទួលផល​ជា​ប្រទេស​ជិតខាង​ទៅ​វិញ​ទេ ព្រោះ​គេ​នៅ​តែ​បន្ត​ចិញ្ចឹម​បើ​ទោះបីជា​មាន​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ក្តី ហើយ​ប្រទេស​ដែល​មិនកើត​ជំងឺ​នេះ​ក៏​គេ​រឹតតែ​ពង្រីក​ការ​ចិញ្ចឹម​របស់​ខ្លួន​បន្ថែម បន្ទាប់​មក​គេ​នឹង​លក់​មក​ឱ្យ​យើង​ក្នុង​តម្លៃ​ខ្ពស់ ព្រោះ​អី​យើង​គ្មាន​សាច់​ជ្រូក​ក្នុងស្រុក​សម្រាប់​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង » ។ ​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ក៏​បានអោយ​ដឹងផង​ដែរ​ថា អ្វី​ដែល​ព្រួយបារម្ភ​សម្រាប់​សមាគម គឺ​នៅ​ថ្ងៃ​អនាគត​ខ្លា​ចរក​សាច់​ជ្រូក​ហូប​មិន​បាន ។ ការ​មិន​ហូប​សាច់​ជ្រូក​នៅ​ពេល​នេះ របស់​ប្រជាពលរដ្ឋ​នៅ​ជះ​ឥទ្ធិ​ព​ដល់​ពលរដ្ឋ​ខ្លួនឯង​នៅ​ពេល​អនាគត ព្រោះ​អី នៅ​ពេល​ដែល​គ្មាន​សាច់​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ វា​នឹង​ឡើងថ្លៃ​ដោយ​ស្វ័យប្រវត្តិ ។ លោក​បន្ត​ថា កាលពីមុន​តម្រូវការ​សាច់​ជ្រូក​សម្រាប់​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ប្រមាណ​៧​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ បាន​ធ្លាក់​ចុះ​ត្រឹមត្រូវ ២​ពាន់​ទៅ​៣​ពាន់​ក្បាល​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ដូច្នេះ មានការ​ថយ​ចុះ លើស​ពាក់កណ្ដាល ។

​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បានអោយ​ដឹង​ថា ចំពោះ​ស្ថានភាព​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា នា​ពេល​នេះ អាច​គ្រប់គ្រង​បាន​១០០​ភាគរយ ដោយ​មិន​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​តំបន់​ណា​ទៀត​ឡើយ តែ​យ៉ាងណា មន្ត្រី​ជំនាញ​ទាំងអស់​ក៏​នៅ​តែ​តាមដាន​មើល​ដដែល ពីព្រោះ​ថា​ជំងឺ​នេះ មិន​ងាប់​ភ្លាម​ៗ​ឡើយ ។ ​លោក​បាន​បន្ត​ថា « ជំងឺ​នេះ បើ​នៅ​សីតុណ្ហភាព​ធម្មតា​វា​អាច​រស់នៅ​បាន​រហូត​ដល់ ១០០​ថ្ងៃ បើ​ទោះបីជា​ក្លាយ​សាច់​ងៀត ផ្អក ក៏​ដោយ តែ​បើសិនជា​យក​សាច់​នោះ​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ទៀត​នោះ វា​អាច​រស់នៅ​បាន​រហូត​ដល់​១០០០​ថ្ងៃ​ឯណោះ ។ ត្រង់នេះ​ហើយ​ដែល​យើង​បារម្ភ​ខ្លាច​វា​កើតឡើង​វិញ​នៅ​ពេល​ណាមួយ » ។ ​លោក​បន្ត​ថា ករណី​ផ្ទុះ​ជំងឺ​កន្លង​មក យើង​បាន​ទិញ​ពី​កសិករ ក្នុង​តម្លៃ​ចរចារ​គ្នា​ណាមួយ ដើម្បី​យក​ជ្រូក​ដែល​មាន​ផ្ទុក​ជំងឺ​នោះ ទៅ​កំទេច​ចោល ដោយ​មិន​ឱ្យ​ដឹក​ឆ្លង​តំបន់​កើតហេតុ​ឡើង បង្ការ​ចម្លង​ដល់​ជ្រូក​ដទៃ​នៅ​តំបន់​ផ្សេង ។ លោក​និយាយ​ថា​៖« យើង​បាន​គ្រប់គ្រង​ទាន់​ហេតុការណ៍ ព្រោះ​ក្នុង​រយៈពេល​៥​ខែ ជំងឺ​នេះ​ផ្ទុះ​តែ​ក្នុង​៥​ខេត្ត​ប៉ុណ្ណោះ ក្នុង​ចំណោម​២៥​ខេត្ត​រាជធានី តែបើ​នៅ​វៀតណាម​វិញ​ក្នុង​រយៈពេល​ដូច​គ្នា​គឺ​បាន​ទូ​ទាំង​ប្រទេស​ទៅ​ហើយ ។

​សូម​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កើតឡើង​លើ​សត្វ​ជ្រូក​នៅ​កម្ពុជា ធ្វើ​ឱ្យ​ពលរដ្ឋ​ភាគច្រើន​មិន​ហ៊ាន​បរិភោគ​សាច់​ជ្រូក ដោយ​រក​សាច់សត្វ​ផ្សេង​ជំនួស​វិញ ដូច​ជា​សាច់​មាន់ សាច់​គោ និង​សាច់​ត្រី​ជាដើម ធ្វើ​ឱ្យ​តម្រូវការ​សាច់​ទាំងនោះ​កើនឡើង​ខ្ពស់ ។ តែ​យ៉ាងណា​ក៏​ដោយ បើ​តាម​អាជីវករ​លក់​សាច់​គោ សាច់​មាន់ សាច់​ត្រី​បាន​និយាយ​ថា ទោះបីជា​ខ្លួន​លក់ដាច់​ខ្លាំង ក៏​តម្លៃ​នៅ​ដដែល មិន​មានការ​ប្រែប្រួល​ឡើយ ព្រោះ​តម្លៃ​នាំ​ចូល​មក​លក់​ក៏​មិន​បាន​កើនឡើង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ