ខេត្តឧត្តរមានជ័យ ៖ សត្វទន្សោងដ៏កម្រមួយក្បាល ត្រូវគេប្រទះឃើញដេកងាប់ដោយសារជាប់អន្ទាក់កណ្តាលព្រៃ ដែលពួកព្រានព្រៃ លួចដាក់នៅក្នុងដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខាវ័ន ។ សត្វទន្សោងដែលងាប់នេះ មានទម្ងន់ប្រមាណ៥០០គីឡូក្រាមមានស្នែងធំកោងវែង ។ ពិតជាគួរឱ្យសោកស្តាយបំផុត ដែលសត្វកម្រមួយក្បាលនេះ បានជាប់អន្ទាក់រហូតដល់ងាប់ក្នុងព្រៃ ដែលភ្លាមៗគ្មានអ្នកណាដឹងត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី១០ សីហា នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន ក្នុងភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង ។

ទាក់ទិននឹងការប្រទះឃើញសាកសពសត្វទន្សោងនេះ ព្រះឧត្តរមណី ប៊ុន សាលួត ប្រធានការពារព្រៃសហគមន៍សង្ឃរុក្ខវ័នរួមទាំងមន្ត្រីបរិស្ថាន និងមន្ត្រីអភិរក្សដែលប្រចាំការនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសហគមន៍នេះបានឱ្យដឹងថា ព្រៃសហគមន៍នេះមានផ្ទៃដីរាប់ម៉ឺនហិកតា និងមានសត្វគ្រប់ប្រភេទកំពុងតែជ្រកកោនរស់នៅ ។ ជាការកត់សម្គាល់ ក្នុងចំណោមសត្វព្រៃដ៏ច្រើនប្រភេទក៏មានសត្វទន្សោងដែលជាសត្វស្ទើរតែដាច់ពូជទៅហើយនោះក៏មានជីវិតរស់នៅជ្រកកោនក្នុងព្រៃនេះផងដែរ ។
ការប្រទះឃើញសត្វដ៏កម្រ និងស្ទើរតែផុតពូជក្នុងប្រទេសកម្ពុជា ជាប់អន្ទាក់ព្រានចង្រៃងាប់ក្នុងព្រៃនេះ ដោយសារមន្ត្រីអភិរក្សប្រចាំការនៅតំបន់ដែនជម្រកសត្វព្រៃសហគមន៍សង្ឃរុក្ខាវ័ននៅព្រឹកថ្ងៃទី១០ សីហា ឆ្នាំ២០១៩ បានចុះល្បាតក្នុងព្រៃ ក៏ប្រទះឃើញសត្វទន្សោងដ៏ធំមួយក្បាលនេះដេកងាប់ និងឃើញមានជាប់អន្ទាក់នៅគល់ស្នែងទាំង២ ដែលគេលួចដាក់ចាប់សត្វ ។

តាមការសន្និដ្ឋានពីក្រុមអភិរក្ស សត្វទន្សោងមួយក្បាលនេះអាចជាប់អន្ទាក់អស់ជាច្រើនថ្ងៃមកហើយ ទើបងាប់ដោយមិនអាចជួយសង្គ្រោះបាន ។ព្រះឧត្តរមណី ប៊ុន សាលួត ប្រធានសហគមន៍សង្ឃរុក្ខាវ័ន និងមន្ត្រីបិស្ថាន បានចាត់ឱ្យកម្លាំងល្បាតព្រៃ ធ្វើការរៀបចំនាំយកខ្មោចសត្វដ៏កម្រនេះ ចេញពីព្រៃដែលជាប់អន្ទាក់ យកទៅស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដើម្បីរៀបចំធ្វើពិធីបង្សុកូលតាមប្រពៃណីព្រះពុទ្ធសាសនា និងសម្តែងពីការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់សត្វកម្រដែលស្ទើរតែផុតពូជ នៅលើទឹកដីកម្ពុជាទៅហើយនោះមិនគួរណាត្រូវអន្ទាក់ព្រានព្រៃបែបនេះឡើយ ។
គួររំឭកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលសត្វទន្សោងងាប់នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ។ កន្លងមកត្រូវបានក្រុមព្រានតែងតែព្យាយាមលបលួចបរបាញ់ ដាក់អន្ទាក់សត្វដែលកន្លងមកនេះ ខណៈសត្វទន្សោងដ៏កម្របានងាប់អស់ជាច្រើនក្បាលមកហើយ ៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ