ខេត្តកំពត ៖ បើគិតមកដល់ត្រឹមម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធលើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតនោះ នាពេលព្រឹកនេះទំនប់ទឹកត្រូវបានបិទភ្ជិតទាំងស្រុងហើយ ដោយប្រើរយៈពេលអស់ប្រមាណ២០ម៉ោង។ នៅសល់ការងារបន្ត គឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមតែប៉ុណ្ណោះ។
ហើយនៅក្នុងការងារខាងលើនេះ ខាងក្រសួងបានប្រើប្រាស់នូវ ៖ គ្រឿងចក្រធុនធ្ងន់ចំនួន១៤គ្រឿង រួមមាន អេស្កាវ៉ាទ័រដៃវែង ដៃខ្លីចំនួន០៦គ្រឿង, រថយន្តបែនចំនួន០៦គ្រឿង, ប៊ុលដូហ្សែរចំនួន០១គ្រឿង និងសាហ្ស័រចំនួន០១គ្រឿង ព្រមទាំងសម្ភារៈជំនួយមានដូចជាំ កញ្ច្រែងថ្មចំនួន១០០ដុំ, ថ្ម-ដីប្រមាណ៥០០ម៉ែត្រគូប។
ចំណែកកម្លាំងសរុបដែលដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញប្រចាំទិស, អគ្គនាយក, ប្រធាននាយកដ្ឋាន, ប្រធានមន្ទីរកំពត-កែប, មន្ត្រីរាជការ, អ្នកបើកបរគ្រឿងចក្រ និងកម្មករសរុបចំនួន១០០នាក់ផងដែរ។ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)