ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តកំពង់ឆ្នាំង​បង្កើន​ផល​ស្រូវ​វស្សា​បាន​ជាង​១២៣​ពាន់​ហិ​កតា

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម ដោយសារ​អំណោយផល​ទឹកភ្លៀង​បាន​ធ្លាក់​ពី​ដើមរដូវ និង​ធ្លាក់​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប្រជា​កសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​ភ្ជួរ​រាស់​ដក​ស្ទូងស្រូវ​វស្សា​បាន​លើស​ផែនការ​ជាង​១០១%​នៃ​ផែនការ ។ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម ដោយសារ​អំណោយផល​ទឹកភ្លៀង​បាន​ធ្លាក់​ពី​ដើមរដូវ និង​ធ្លាក់​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ប្រជា​កសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​ភ្ជួរ​រាស់​ដក​ស្ទូងស្រូវ​វស្សា​បាន​លើស​ផែនការ​ជាង​១០១%​នៃ​ផែនការ ។

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​បែប​នេះ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព​យើង កាលពី​រសៀល​ថ្ងៃ​សុក្រ​ចុង​ស​ប្តា​ហ៍​នេះ ។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ៖ ការងារ​បង្កបង្កើន​ផល​ស្រូវ​វស្សា​ឆ្នាំ​នេះ​ភ្ជួរ​រាស់ និង​ដាំ​ដុះ​បាន​ចំនួន​១២៣​ពាន់​៦២០​ហិ​កតា ស្មើ​និង​១០២,៤៩% លើ​ផែនការ​១២១​ពាន់​៨០០​ហិ​កតា ។ ដោយ​ក្នុង​នោះ​ស្រូវស្រាល​ចំនួន​៨៨៨៣​ហិ​កតា ស្រូវកណ្តាល ៧០​ពាន់​៩៨១​ហិ​កតា និង​ស្រូវធ្ងន់​៤៣​ពាន់​៥៣២​ហិ​កតា ។

ចំពោះ​ការ​ធ្វើ​ស្រូវ​វស្សា​របស់​ប្រជា​កសិករ​ខេត្តកំពង់ឆ្នាំង​ស្ទើ​៩០% គឺ​ធ្វើ​ពង្រោះ​មាន​ប្រមាណ​តែ​១០% ប៉ុណ្ណោះ​ដែល​ពូក​គាត់​ធ្វើ​សន្ទូង ។ ទាំងនេះ​មក​ពី​បងប្អូន​ខ្លះ​កម្លាំង​ពលកម្ម​ដែល​មាន​កូនចៅ​ទៅ​ធ្វើក​ម្មក​រោងចក្រ ឬ​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ជាដើម ហើយ​ចំពោះ​ការ​កាត់​បន្ថយ​ធ្វើ​ស្រូវ​សន្ទូង​នេះ គឺ​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៤ រហូត​ដល់​សព្វថ្ងៃ ។ ចំណែក​ឆ្នាំ​នេះ​កត្តា​ដែល​កសិករ​ធ្វើ​ស្រូវ​វស្សា​ដែល​បាន​ធ្វើ​លើ​ផែនការ គឺ​ដោយសារ​ទទួល​អំណោយផល​ទឹកភ្លៀង​បាន​ច្រើន​ពី​ដើមរដូវ បើ​បូក​យោង​មក​ដល់​ស​ប្តា​ហ៍​ទី​១ នៃ​ខែសីហា​នេះ ខេត្ត​ទទួល​បាន​របប​ទឹកភ្លៀង​សរុប ចំនួន​៦៤៤, ៧៩ ម​ម ។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ទៀត​ថា ៖ គិត​មក​ដល់​ពេល​នេះ​ស្រូវ​វស្សា​របស់​បងប្អូន​ប្រជា​កសិករ​នៅ​មិន​ទាន់​ជួប​បញ្ហា​អ្វី​នៅឡើយ​ទេ គ្រាន់តែ​មាន​តិចតួច​ដូច​ជា​នៅ ស្រុក​ជល​គី​រី ផ្ទៃដី​ស្រែ​ខ្វះ​ទឹក​មាន​ជាង​១០០​ហិ​កតា ប៉ុន្តែ​យើង​បាន​ដោះស្រាយ​ទាន់​ពេលវេលា ។

ជា​ចុង​ក្រោយ​លោក​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​មេត្តា​ថែរក្សា​ទឹក​ទុក​នៅ​ក្នុង​ស្រែ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ជៀសវាង​គ្រោះ​រាំង​ស្ងួត​ដែល​អាច​មានកូន​រដូវប្រាំង​ក្នុង​ខែវស្សា​នេះ​ជាដើម ។ ជាង​នេះ​ទៅ​ទៀត បើ​ជួប​ការ​រាំង​ស្ងួត ឬ​មាន​សត្វ​បំផ្លាញ​ណាមួយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ចុះ​អន្តរាគមន៍​ទាន់​ពេលវេលា ។

សូម​រំលឹក​ថា ខេត្តកំពង់ឆ្នាំង អាច​ផលិត​ស្រូវ​បាន​ជាង​៥០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ ហើយ​បើ​គិត​តុល្យភាព​ស្បៀង ដែល​ត្រូវ​ទុក​ហូប និង​ទុក​ពូជ​ខេត្ត​មួយ​នេះ​នៅ​សល់​ពី​ស្រូវ​ចំនួន​ជាង​៣០​ម៉ឺន​តោន​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ធ្វើការ​នាំ​ចេញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ