ខេត្តកំពត ៖ កាលពីព្រឹកថ្ងៃទី១០ ខែសីហា កងនគរបាលវរៈសេនាតូចលេខ២៤១ ការពារដែនទឹក សហការជាមួយនគរបាលអធិការដ្ឋានស្រុកទឹកឈូ ក្នុងនោះមានយោធាស្រុកផងនោះកំពុងជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងជនបរទេសចេញពីភូមិមួយនៅជាប់មាត់ព្រែក ដែលស្ថិតនៅក្រោមទំនប់វារីអគ្គិសនីភ្នំកំចាយ ខណៈទឹកបានជន់លិចភូមិ។

ប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងជនបទេសចាកចេញភូមិគឺធ្វើឡើងយ៉ាងបន្ទាន់បំផុត តាមរយៈថ្មើរជើង និងតាមរយៈអូប័រដឹកជញ្ជូនចេញពីភូមិអណ្ដូងជីមឿន ក្នុងឃុំកំពង់គ្រែង ស្រុកទឹកឈូ ព្រោះភូមិមួយនេះនៅជាប់មាត់ព្រែក និងម្យ៉ាងទៀតភូមិនេះស្ថិតនៅក្រោមទំនប់វារីអគ្គិសនីភ្នំកំចាយ ហើយទំនប់វារីភ្នំកំចាយបានបើកកាលពីថ្ងៃទី៩ ខែសីហា និងមានភ្លៀងធ្លាក់ជាប់ៗគ្នាផងនោះ ធ្វើអោយផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នង និងផ្ទះជនបទេសស្នាក់នៅត្រូវបានលិចលង់ ។

លោកសំ អ៊ុក អធិការនគរបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា មានកងនគរបាលការពារដែនទឹក និងនគរបាលអធិការស្រុកជាច្រើននាក់កំពុងចាំជួយសង្គ្រោះពលរដ្ឋដែលធ្វើដំណើរចេញពីផ្ទះមិនរួច និងជួយដឹកជញ្ជូនជនបទេសផងដែរ។ ទោះបីជាបែបណា គិតមកដល់វេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១០ សីហានេះ កម្លាំងនគរបាលដែលចាំជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងជនបរទេស មិនបានដកកម្លាំងចេញពីភូមិដែលត្រូវទឹកជន់លិចនោះបានឡើយ ព្រោះវារីអគ្គិសនីភ្នំកំចាយបានប្រកាសអាសន្នបើកទំនប់កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៩ ខែសីហា ធ្វើឱ្យទឹកជន់លិចនៅឃុំកំពង់គ្រែងដែលឃុំជាប់មាត់ព្រែក និងងាយរងការលិចលង់បំផុត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ