ខេត្តកណ្តាល ៖ ស្ត្រីចំណាស់ម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណត្រូវឃាតករសម្លាប់ហើយចងដៃ-ជើងច្រកបាវយកសពទៅប្លុងចោលក្នុងទឹកត្រពាំងមួយនៅចំណុចបឹងទទឹងថ្ងៃ ចម្ងាយប្រមាណ១០០ម៉ែត្រខាងជើងផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។
កសិករដែលទៅធ្វើស្រូវប្រាំងប្រទះឃើញសពនេះនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ កុម្ភៈ ក៏បានរាយការណ៍ភ្លាមៗទៅសមត្ថកិច្ចចុះមកពិនិត្យ និងមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកដំណើរច្រើនរយនាក់ទៅចោមរោមមើលក្រែងលោបានស្គាល់ ។ សមត្ថកិច្ចដែលចុះទៅពិនិត្យកន្លែងកើតហេតុបានឱ្យដឹងថា សពស្ត្រីរងគ្រោះត្រូវបានគេដឹកពីកន្លែងផ្សេង យកមកទម្លាក់ចោលកាលពីកណ្តាលអធ្រាត្រចន្លោះថ្ងៃទី១៦ និង១៧ កុម្ភៈ។ នៅជិតកន្លែងកើតហេតុ គេបានឃើញកញ្ឆេរធ្វើអំពីឫស្សីធំមួយ និងកៅស៊ូរឹត ព្រមទាំងស្លឹកចេកមួយធាង ដែលគេសង្ស័យថា សពជនរងគ្រោះត្រូវគេសម្លាប់ច្រកក្នុងកញ្ឆេរ ហើយគ្របស្លឹកចេកពីលើបាំងបន្លំដូចអ្នកដឹករបស់របរ អាចដឹកតាមម៉ូតូយកមកទម្លាក់ចោលនៅពេលយប់ស្ងាត់ ។
ករណីនេះ ត្រូវបានគេសន្និដ្ឋានថា ជាអំពើឃាតកម្មអាចទាក់ទិននឹងរឿងគំនុំអ្វីមួយ ។ ទោះបីជាបែបណា ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ។ បើតាមការត្រួតពិនិត្យសាច់ ឈាម សម្បុរមិនមែនជាអ្នកមានជីវភាពធូរធារនោះទេ និងអាយុប្រហែល៦០ឆ្នាំ សម្បុរសណ្តែកបាយ សក់រួញ កម្ពស់១,៦០ម៉ែត្រ ស្លៀកខោចង្កេះកៅស៊ូ ពណ៌ខ្មៅ ពាក់អាវផ្កាតូចៗ ។ តាមប្រភពព័ត៌មានពីឈ្មោះសុន ប៊ី ភេទប្រុស អាយុ៥៥ឆ្នាំ ដែលឃើញសពមុនគេឱ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ កុម្ភៈ គាត់បានទៅស្រែប្រាំងនៅចំណុចបឹងទទឹងថ្ងៃ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។ ពេលធ្វើដំណើរតាមទំនប់ចុះពីផ្លូវជាតិលេខ២១B បានចម្ងាយប្រមាណ១០០ម៉ែត្រក៏ប្រទះឃើញកញ្ឆេរធំមួយធ្វើពីឫស្សីនៅខាងត្បូងទំនប់និងផ្លូវលំ ក៏ឆ្ងល់ថាតើអ្នកណាយកមកទុកចោលនៅទីនេះ ។
គាត់និយាយថា ពេលនោះគាត់ក្រឡេកមើលទៅក្នុងទឹកត្រពាំងនៅខាងជើងផ្លូវលំក៏ឃើញបាវក្រហមមួយដែលគេច្រកអ្វីមួយយ៉ាងណែន ចងមាត់ជាប់ត្រាំនៅក្នុងទឹកត្រពាំង ។ ដោយសង្ស័យអ្វីមួយគាត់បានចុះទៅមើលស្រាប់តែឃើញជើងមនុស្សលៀនចេញមក ក៏ដឹងភ្លាមថាមានគេសម្លាប់មនុស្សច្រកបាវ យកមកប្លុងចោល ក៏បានឆោឡោប្រាប់ដល់កសិករដែលទៅធ្វើស្រែប្រាំងដូចគ្នា និងរាយការណ៍ប្រាប់ទៅនគរបាល ។ មន្ត្រីនគរបាលបច្ចេកទេសស្រុកស្អាងនិងនគរបាលបច្ចេកទេស វិទ្យាសាស្ត្រខេត្តបានចុះទៅពិនិត្យកន្លែងប្រទះឃើញសព ក៏បានសន្និដ្ឋានថា សពស្ត្រីរងគ្រោះត្រូវគេសម្លាប់ច្រកបាវ ពីកន្លែងណាមួយហើយយកមកទម្លាក់ចោលនៅទីនេះ ។
លោកសំ រ៉ាន់ នាយការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្ត ដែលទៅធ្វើកោសល្យវិច័យ កន្លែងកើតហតុបានប្រាប់ឱ្យដឹងថា ក្រោយពីស្រង់បាវសពពីក្នុងទឹកក៏បានវះបាវពិនិត្យឃើញថា សពនៅក្នុងបាវគឺជាស្ត្រីចំណាស់ម្នាក់អាយុប្រហែល៦០ឆ្នាំ កម្ពស់១,៦០ម៉ែត្រ ស្លៀកខោចង្កេះកៅស៊ូ ពណ៌ខ្មៅ សម្បុរសណ្តែកបាយ សក់រួញ មានសាច់ទ្រលុក ។
សពមានស្នាមរឹតក និងសង្ស័យថាឃាតករសម្លាប់ជនរងគ្រោះដោយប្រើខ្សែរឹតកសម្លាប់ តាំងពីជាង១០ម៉ោងមុន ។ សពស្ត្រីរងគ្រោះត្រូវបានឃាតករចងដៃ-ជើងដោយខ្សែនីឡុង (ខ្សែគោ) ទាញដៃជើងចងផ្អោបគ្នាឱ្យមូលខ្លី រួចច្រកក្នុងបាវនីឡុងពណ៌ក្រហម ។ នៅកន្លែងប្រទះឃើញសពមានកញ្ឆេរឫស្សីមួយធំ កៅស៊ូរឹតមួយកន្ទុយ និងស្លឹកចេកមួយធាង ។ វត្ថុតាងទាំងនេះអាចសន្និដ្ឋានថា ឃាតករសម្លាប់ស្ត្រីរងគ្រោះរួចចងដៃ-ជើងឱ្យផ្អោបនឹងដងខ្លួន ហើយច្រកបាវ ដាក់ក្នុងកញ្ឆេរដឹកតាមម៉ូតូយកមកទម្លាក់ចោល ។ បើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចគឺករណីឃាតកម្មនេះអាចជារឿងគំនុំច្រើនជាងករណីប្លន់យកទ្រព្យសម្បត្តិ ។
រហូតមកដល់ថ្ងៃត្រង់ថ្ងៃដដែលមានមនុស្សចេញចូលមើលសពច្រើនរយនាក់មកហើយ ប៉ុន្តែមិនមានអ្នកណាស្គាល់ពីអត្តសញ្ញាណជនរងគ្រោះនេះឡើយដែលទំនងដឹកមកពីឆ្ងាយ មិនមែនអ្នករស់នៅក្នុងភូមិជិតខាងកន្លែងកើតហេតុនេះទេ ៕
ចែករំលែកព័តមាននេះ