រាជធានីភ្នំពេញ ៖ សិស្សអនុវិទ្យាល័យហ៊ុន សែនពោធិ៍ចិនតុងម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវទ្វារដែករបងសាលា ដួលរលំសង្កត់លើ ខណៈសិស្សរូបនោះទាញទ្វារបិទ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៧ កុម្ភៈ ២០១៤ ដែលសាលានេះមានទីតាំងនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតផ្សារពោធិ៍ចិនតុង ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងរងគ្រោះឈ្មោះ នក់ រមណី ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៧C១ មានទីលំនៅភូមិគោកចំបក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានទៅឈរនៅក្បែរទ្វារដែកខាងមុខសាលា ចាំបើកបិទទ្វារ ។ ពេលរថយន្តនាយកសាលាមកដល់ ក្មេងប្រុសរងគ្រោះក៏បានបើកទ្វារ តែពេលបិទវិញ ស្រាប់តែទ្វារដែកនោះដួលរលំសង្កត់លើតែម្តង ។ ភ្លាមៗក្មេងរងគ្រោះត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
គួររំលឹកថា នេះជាលើកទី៣ ដែលទ្វារដែករបងអនុវិទ្យាល័យហ៊ុន សែនពោធិ៍ចិនតុង ដួលរលំ ហើយលើកចុងក្រោយនេះ ក៏បណ្តាលឱ្យសិស្សម្នាក់រងរបួសតែម្តង ៕
ចែករំលែកព័តមាននេះ