រាជធានីភ្នំពេញ ៖ ប្រពន្ធខ្យល់ចាប់ ប្តីជប់ខ្យល់ឱ្យស្រាប់តែឆាបអាល់កុលធ្វើឱ្យប្តីភ្ញាក់គ្រវាសដៃជ្រុះកែវអាល់កុលឆាបឆេះ រលាកប្តីធ្ងន់ជាងប្រពន្ធ ហើយត្រូវអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈទាំង០២នាក់ប្តីប្រពន្ធ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ កុម្ភៈ ២០១៤ នៅផ្ទះជួលក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
បុរសជាប្តីដែលត្រូវអាកុលឆាបឆេះរលាកដៃជើងទាំងសងខាងមានឈ្មោះ ភក្តី អាយុ៣០ឆ្នាំជាងជួលជុលម៉ូតូ ចំណែកប្រពន្ធឈ្មោះ នួន ទួន អាយុ២៨ឆ្នាំជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុ មានស្រុកកំណើត នៅភូមិដូនពែង ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ។
ស្ត្រីជាប្រពន្ធបានឱ្យដឹងថា មុនពេលកើតហេតុ គាត់មិនស្រួលខ្លួនខ្យល់ចាប់ ក៏ប្រាប់ឱ្យប្តីជប់ខ្យល់ ដោយជប់ផ្នែកខាងមុខមុន ។ ពេលជប់បាន២កែវ ហើយចូលដល់កែវទី៣ ស្រាប់តែដៃម្ខាងកាន់អាល់កុលសម្រាប់ជ្រលក់ ហើយដៃម្ខាងទៀតយកសំឡីទៅជ្រលក់អុជនោះ បណ្តាលឱ្យឆាបឆេះរលាត់ស្បែកជើងទាំងសងខាង ប៉ុន្តែជើងខាងឆ្វេងខ្លាំងជាងគេរលាត់ស្បែក ចំណែកប្រពន្ធឆេះរលាកតិចជាងប្តី គឺរលាកតែកំភូនដៃ ក្លៀក និងដោះប៉ុណ្ណោះ ។
ក្រោយពីកើតហេតុ អ្នកជិតខាងបានយកទឹក០៣ធុងទៅជះលើបុរសជាប្តី ទើបរលត់អស់ ហើយបានបញ្ជូនទាំង២នាក់ប្តីប្រពន្ធទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ៕
ចែករំលែកព័តមាននេះ