ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៥ កុម្ភៈ ពីបទឃាតកម្មគិតទុកជាមុន ។ ជនសង្ស័យនេះឈ្មោះ ធឺន ប៊ុនធឿន ហៅធូយ អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។
ជុំវិញការចាប់ខ្លួននេះត្រូវបានមន្ដ្រីកងរាជអាវុធហត្ថឱ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ កុម្ភៈ ជនសង្ស័យបានបបួលនារីជាសង្សាររបស់ខ្លួនឈ្មោះ ផុន កែវ អាយុ ១៦ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ទៅដើរលេងព្រោះជារាត្រីដែលស្ថិតក្នុងទិវានៃក្ដីស្រឡាញ់ផង ។ លុះដល់ម៉ោងប្រហែលជាង១រំលងអធ្រាត្រ ជនសង្ស័យបានបបួលនាងជាសង្សារទៅអង្គុយលេងក្បែរគុម្ពោតព្រៃមួយ ។ ឆ្លៀតពេលនោះ ជនសង្ស័យបានដោះអាវយកមករឹតកនិងវាយនាងទាល់តែសន្លប់បាត់ស្មារតី ។ ដោយស្មានតែនាងស្លាប់ហើយ ជនសង្ស័យបានរុញនារីជាសង្សារចូលក្នុងលូ ហើយដោះយកគ្រឿងអលង្ការពីនាង ។ មន្ដ្រីកងរាជអាវុធហត្ថឱ្យដឹងថា គ្រឿងអលង្ការដែលបានដកហូតពីជនសង្ស័យមាន កងដៃឈុតប្លាទីន៦វង់ មានតម្លៃ៦.៥០០បាត ,ចិញ្ចៀនប្លាទីន១វង់ តម្លៃ១០០ដុល្លារ ,ចិញ្ចៀនមាស១វង់ តម្លៃ ១៣.០០០បាត ,ក្រវិលប្លាទីន១គូ តម្លៃ៣.០០០បាត ,ខ្សែកមាស១ជី តម្លៃ៦.០០០បាត ,ទូរស័ព្ទអាយហ្វូន ពណ៌ស ១គ្រឿង និងប្រាក់ថៃ ២.៤០០បាត ។
មន្ដ្រីប៉េអឹមដែលកាន់សំណុំរឿងនេះនិយាយថា នៅម៉ោងជិត៥ភ្លឺនាង ផុន កែវ បានដឹងខ្លួនពីសន្លប់ក៏ប្រឹងលូនទៅផ្ទះអ្នកស្រុកដែលនៅក្បែរនោះដើម្បីខ្ចីទូរស័ព្ទទាក់ទងទៅបងប្រុសឱ្យមកយកនាងទៅមន្ទីរពេទ្យ ដោយបាននិយាយរៀបរាប់ពីការប៉ងសម្លាប់នាងពីសំណាក់សង្សារដើម្បីប្លន់យកគ្រឿងអលង្ការនៅជាប់ខ្លួននាង ។ ដោយសារក្រុមគ្រួសារបានទទួលដំណឹងទើបនារីរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យ និងដាក់ពាក្យប្ដឹងឈ្មោះ ធឺន ប៊ុនធឿន ហៅធូយ ។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅវេលាម៉ោងខាងលើ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ឯសម្ភាររបស់នារីរងគ្រោះរកឃើញវិញគ្រប់ចំនួន ។
តាមមន្ដ្រីប៉េអឹមក្រុងបានឱ្យដឹងថា អំពើប្លន់ប៉ងសម្លាប់នារីជាសង្សារនេះត្រូវបានជនសង្ស័យនិយាយថា ដោយសារសង្សាររបស់ខ្លួនទាក់ទងបុរសម្នាក់តាមទូរស័ព្ទពេលខ្លួនដឹងក៏បានសន្មតថា នាងមានថ្មីហើយនឹងបោះបង់ខ្លួនចោល ទើបខ្លួនរៀបគម្រោងសម្លាប់នាងចោលតែម្ដងទៅ ៕
ចែករំលែកព័តមាននេះ