រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ដោយសារតូចចិត្តនឹងវាសនារបស់ខ្លួន ដែលប្តីទៅលួចមានស្រីថ្មី ធ្វើឱ្យនាងគិតខ្លីមិនចង់រស់ក៏បានអារក.ដៃនិងធ្វើដំណើរមកលោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ កុម្ភៈ តែត្រូវបានប៉ូលិសអង្គភាពការពារគោលដៅទី៣ យាមស្ពានជ្រោយចង្វាឃាត់ទាន់ ។
នារីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននេះ ឈ្មោះ សំ ស្រីរដ្ឋ អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិជ្រោយស្នែងក្របីលើ ឃុំកំពង់គស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ តាមមន្ត្រីប៉ូលិសការពារស្ពានជ្រោយចង្វា ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីវ័យក្មេងរូបនេះ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីលិចទៅកើត ទ្បើងទៅលើស្ពានក្នុងទឹកមុខស្រងូតស្រងាត់ ។ ពេលជិតដល់កណ្តាលស្ពាន ស្រាប់តែស្ត្រីរូបនោះ តោងបង្កាន់ដៃស្ពានប្រុងលោតទឹក ក៏ត្រូវប៉ូលិសទៅឃាត់ទាន់និងនាំមកសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរូបនេះនិយាយថា មូលហេតុដែលធ្វើឱ្យនាងមិនចង់រស់ ដោយសារតែប្តីរបស់នាងបែកចិត្តទៅមានស្រីថ្មី ហើយមានទំនាស់គ្នាក្នុងគ្រួសារ ។
រយៈពេលប្រមាណ១ឆ្នាំមកហើយ នាងបានស្រទ្បាញ់បុរសម្នាក់ឈ្មោះ សៅ អាយុប្រមាណ៣០ឆ្នាំ ជាអ្នកបើករថយន្តក្រុមហ៊ុនស្រាបៀរ ដែលមានប្រពន្ធនិងកូន៣នាក់រួចទៅហើយ ។ ការរស់នៅជាមួយគ្នាជាប្តីប្រពន្ធពុំមានកូនទ្បើយ ដោយមានឪពុកម្តាយដឹងឮ ។ ស្ត្រីមានវិបត្តិរូបនេះ រៀបរាប់ទាំងទឹកភ្នែកទៀតថា ការរស់នៅជាមួយគ្នាមិនសូវចុះសម្រុងនឹងគ្នាទ្បើយ ព្រោះប្តីលួចមានស្រីថ្មីទៀត ។ កាលពី៣ថ្ងៃមុន នៅពេលដែលនាងកំពុុងនៅជាមួយប្តី ស្រាប់តែមានមនុស្សស្រីទូរស័ព្ទមក ។ ខណៈនោះនាងបានចាប់កត់លេខទូរស័ព្ទទាក់ទងសួរនាំស្ត្រីម្នាក់នោះនិយាយថា ត្រូវជាសង្សារប្តីរបស់នាងក៏មានទំនាស់គ្នានៅក្នុងគ្រួសារ ទើបធ្វើឱ្យនាងគិតខ្លីអារក.ដៃ រួចធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួនតែម្តង ។ តាមស្ត្រីឈ្មោះ សំ ថាវី អាយុ២៩ឆ្នាំ ត្រូវជាបងរបស់ស្ត្រីមានវិបត្តិនេះ បានឱ្យដឹងថា ប្អូនស្រីរបស់នាង បានព្យាយាមសម្លាប់ខ្លួនជាច្រើនលើកមកហើយ ដែលកាលពីជិត១ឆ្នាំមុនបានអារក.ដៃប៉ងសម្លាប់ខ្លួនម្តងមកហើយ ។ លុះនៅវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី១៥ កុម្ភៈ បន្ទាប់ពីមានទំនាស់គ្នាជាមួយប្តី ប្អូនស្រីនេះបានធ្វើដំណើរប៉ងទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែនាងបានមកនាំទៅដេកជាមួយនៅផ្ទះដែលនាងធ្វើការ លុះព្រឹកទ្បើងស្រាប់តែប្អូនស្រីមកប៉ងលោតទឹកសម្លាប់ខ្លួនទៀត ។
គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១៤នេះ មានអ្នកមានវិបត្តិមកលោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាចំនួន៤នាក់ហើយ គិតទាំងលើនេះ ៕
ចែករំលែកព័តមាននេះ