រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍តិចតួចដែលអាចអនុគ្រោះដោយការយោគយល់គ្នាបានសោះ បែរជាផ្ទុះជម្លោះហិង្សារហូតបុរសម្នាក់ស្លាប់និងម្នាក់ត្រូវបានចាប់
ខ្លួន ។ បាតុភាពនេះបានកើតមានឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៥ កុម្ភៈ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ទាក់ទិននឹងរឿងរ៉ាវខាងលើនេះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា បុរសម្នាក់ដែលគេដឹងថា ស្រវឹងស្រាជិះម៉ូតូសង់កូរ៉េមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿងបណ្ដាលឱ្យដួលនៅមុខក្រុមហ៊ុនមួយ តាមបណ្ដោយផ្លូវជាតិេលខ២ ហើយបុរសម្នាក់នោះបានលើកម៉ូតូបណ្ដើរឆ្លងផ្លូវក៏ទាក់ដៃចង្កូតម៉ូតូសេ១២៥ របស់យុវជនម្នាក់ដែលកំពុងជិះពីក្រោយបណ្ដាលឱ្យដួលគរលើគ្នា ។ ពេលក្រោយពីដួលភាគីទាំង២ក៏ឈ្លោះប្រកែកគ្នារហូតបង្កទំនាស់ដេញវាយគ្នាយ៉ាងអនាធិបតេយ្យ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
បុរសដែលស្លាប់ឈ្មោះ វែង យ៉ាងជាង អាយុ ២៨ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅជិតកន្លែងកើតហេតុ និងបុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ប៊ុន ចាន់រដ្ឋា អាយុ ៥០ឆ្នាំ ត្រូវជាឪពុករបស់ម្ចាស់ម៉ូតូសេ១២៥ ។ យោងតាមការរៀបរាប់របស់ឈ្មោះ ប៊ុន ចាន់រដ្ឋា នៅចំពោះមុខសមត្ថកិច្ចឱ្យដឹងថា មុនពេលមានបញ្ហាខាងលើនេះ គឺកូនប្រុសរបស់គាត់បានទូរស័ព្ទប្រាប់គាត់ថា រូបគេមានគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនផលិតបារី ភ្លាមៗនោះគាត់ចេញដំណើរពីផ្ទះមកដល់កន្លែងកើតហេតុ ។ ការជជែកគ្នាមួយសន្ទុះជាមួយនឹងភាគីម្ចាស់ម៉ូតូសង់កូរ៉េដែលស្រវឹងស្រាក៏ផ្ទុះហិង្សាមួយប្រាវ នៅចំណុចខាងលើ ប៉ុន្ដែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសទេ រួចក៏រំសាយចែកផ្លូវគ្នាអស់ទៅ។ លុះជាង១០នាទីក្រោយ ក៏មានការភ្ញាក់ផ្អើលចេញពីចំណុចក្រុមទី៨ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជិតកន្លែងកើតហេតុ ដោយមានសម្លេងស្រែកថា មានយួនវាយខ្មែរ ។ បានឮដូច្នេះរូបលោកដើរទៅមើលក៏ឃើញមានការប្រទូស្ដរ៉ាយយ៉ាងខ្លាំងរហូតបណ្ដាលឱ្យបុរសជនជាតិវៀតណាមឈ្មោះ វែង យ៉ាងជាង ត្រូវគេវាយបែកក្បាលស្លាប់ក្នុងថ្លុកឈាម ដោយពុំដឹងថា អ្នកណាជាអ្នកវាយ ឬក៏គូទំនាស់ជាអ្នកវាយឡើយ ។ ប៉ុន្ដែក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្ដរាគមន៍ឃាត់ខ្លួនគាត់ ដោយសារសង្ស័យថា គាត់ជាអ្នកវាយជនជាតិវៀតណាមរូបនោះឱ្យស្លាប់ ។
ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថា ភាគីបង្កមានគ្នាប៉ុន្មាននាក់ និងភាគីរងគ្រោះមានគ្នាប៉ុន្មាននាក់ទេ ហើយករណីនេះក៏មិនទាន់ច្បាស់ថា បង្កឡើងដោយសារមូលហេតុអ្វីនៅឡើយដែរ ។ ដូច្នេះសមត្ថកិច្ចបានសម្រេចឃុំខ្លួនឈ្មោះ ប៊ុន ចាន់រដ្ឋា នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យបណ្ដោះអាសន្នសិន ដើម្បីបន្ដសាកសួរជុំវិញអំពើឃាតកម្មខាងលើ ។ ចំណែកសពត្រូវប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ