រាជធានីភ្នំពេញ ៖ តម្រេកតណ្ហាស្នេហាពិតជាគ្មានព្រំដែននោះទេ តែមនុស្សខុសពីសត្វនៅត្រង់ថា មនុស្សមិនអាចធ្វើអ្វីដូចសត្វធាតុនោះឡើយ ។ និយាយរួមបើមានប្រពន្ធការរួចហើយ មិនគប្បីទៅលួចមានប្រពន្ធថ្មីមួយទៀតនោះទេ ។
បុរសចំណាស់ម្នាក់ក្នុងវ័យ៥០ឆ្នាំ មានប្រពន្ធនិងកូនដល់ទៅ៧នាក់ទៅហើយ ប៉ុន្តែដោយសារមានភាពរកាំរកូសរស់នៅមិនចុះសម្រុងនឹងគ្នាក៏ឈានដល់ការលែងលះគ្នា តែតុលាការមិនទាន់ចេញសាលក្រមសម្រេចនៅឡើយ ស្រាប់តែទៅលួចសែនព្រេនជាមួយនឹងស្ត្រីវ័យ៣០ឆ្នាំម្នាក់ទៀតធ្វើជាប្រពន្ធ ។ នៅពេលពិធីសែនព្រេនទើបតែចាប់ផ្តើម ស្រាប់តែប្រពន្ធដឹងក៏បឹ្តងប៉ូលិសឱ្យជួយអន្តរាគមន៍ផ្អាកពិធីនោះនិងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៥ កុម្ភៈ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្រុមទី៦ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បុរសរូបនេះឈ្មោះឆាយ ថា អាយុ៥០ឆ្នាំ ជាអ្នកមើលថែផ្ទះជួលឱ្យគេ មានប្រពន្ធឈ្មោះប៊ិន នី អាយុ៤៨ឆ្នាំ ពួកគាត់មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង និងមានកូនស្រីចំនួន៧នាក់ ដែលកូនស្រីច្បងមានអាយុ២៨ឆ្នាំហើយ និងកូនស្រីពៅមានអាយុ៦ឆ្នាំ ។
ស្ត្រីជាប្រពន្ធដើមបានឱ្យសមត្ថកិច្ចបូ៉លិសដឹងថា គាត់និងប្តីរូបនេះបានរៀបការនឹងគ្នាអស់រយៈពេលជិត៣០ឆ្នាំហើយ និងមានកូនស្រីដល់ទៅ៧នាក់ ។ កាលពីដើមឡើយគ្រួសារគាត់មានសេចក្តីសុខណាស់ ទោះបីប្តីរបស់គាត់មានតណ្ហាក្រាស់ខុសពីគេឯងមែន ប៉ុន្តែគាត់អាចទ្រាំទ្របាននាពេលនោះ ។ រហូតដល់អំឡុងឆ្នាំ២០១២ ដោយសារជីវភាពគ្រួសារលំបាក ពួកគាត់បានឯកភាពគ្នានាំកូនចាកចេញពីស្រុកកំណើតមករកការងារធ្វើនៅភ្នំពេញ ដោយបានជួលផ្ទះនៅក្នុងភូមិកើតហេតុខាងលើស្នាក់នៅ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺចាប់តាំងពីបានមកស្នាក់នៅភ្នំពេញ ប្តីគាត់ចម្លែកខ្លាំងណាស់ពីរឿងលើគ្រែ ។ ស្ត្រីជាប្រពន្ធបន្តថាមិនតែប៉ុណ្ណោះ លោកប្តីកាន់តែល្មោភកាមខ្លាំងជាងមុនថែមទៀតទោះបីជាគាត់មករដូវក៏មិនលើកលែងដែរ ហើយបើមិនព្រមទេនោះ លោកប្តីនឹងវាយធ្វើបាបរាល់លើក និងចោទថាគាត់មានសហាយស្មន់ជាមួយអ្នកផ្សេង ទើបមិនព្រមបំពេញចំណង់តណ្ហារបស់ខ្លួន ។
ទង្វើបែបនេះ ធ្វើឱ្យគាត់មានការឈឺចាប់ខ្លាំងណាស់ ក៏សម្រេចចិត្តចែកផ្លូវគ្នា ដោយគាត់បានចាកចេញទៅជួលផ្ទះផ្សេងមួយទៀតក្នុងភូមិនោះដែរ ស្នាក់នៅម្នាក់ឯង ចំណែកឯកូនស្រីទាំងអស់ស្នាក់នៅជាមួយប្តី ។ ពេលនោះការលែងលះគ្នាបានធ្វើឡើងចាប់តាំងពីថ្នាក់សង្កាត់ រហូតដល់តុលាការ ប៉ុន្តែនៅមិនទាន់មានសាលក្រមចេញពីតុលាការឱ្យផ្តាច់សមគ្គសង្វាសនៅឡើយទេ ។ ដោយសារតែតុលាការបានចេញដីកាបង្គាប់ឱ្យប្តីចូលខ្លួនទៅបំភ្លឺនិងដោះស្រាយគ្នាចំនួន៤លើកមហើយ ប៉ុន្តែគាត់មិនព្រមចូលខ្លួនទាល់តែសោះ រហូតដល់ពេលនេះបែរជាទៅលួចសែនព្រេនជាមួយនឹងស្រីក្មេងទាំងមិនទាន់មានការលែងលះគ្នាចប់សព្វគ្រប់ថែមទៀត ។ ស្ត្រីជាប្រពន្ធបានប្រាប់ប៉ូលិសបន្តទៀតថា ស្ត្រីម្នាក់ដែលប្តីរបស់គាត់ទៅលួចសែនព្រេនជាមួយនោះ ជាកម្មការិនីរោងចក្រកាត់ដេរ ជាមួយនឹងកូនស្រីរបស់គាត់ដែរ ។ ថ្វីដ្បិតតែការសែនព្រេននោះមានលក្ខណៈ តូតតាចមានមនុស្សចូលរួមពេលថ្ងៃត្រឹមប្រមាណ១០នាក់ប៉ុន្តែស្ត្រីរូបនោះក៏បានអញ្ជើញភ្ញៀវដែលជាមិត្តភក្តិរបស់គេធ្វើការជាមួយគ្នានៅរោងចក្រទៅចូលរួមពិសាភោជនាហារនាពេលល្ងាចច្រើននាក់ដែរ ។
ដោយសារតែការអញ្ជើញភ្ញៀវនោះហើយ ទើបបានជារឿងនោះត្រូវបែកធ្លាយដឹងដល់កូនស្រីរបស់គាត់និងរូបគាត់ រយៈពេល៣ថ្ងៃមុនពេលរៀបចំពិធីសែនព្រេន ហើយគាត់ក៏បានត្រៀមខ្លួនចូលទៅស្វាគមន៍លោកប្តីតាមរយៈការប្តឹងបូ៉លិស រំខានពិធីនោះចោលរង់ចាំការដោះស្រាយគ្នាចប់សព្វគ្រប់ មានសាលក្រមពីតុលាការជាស្ថាពរសិនទើបប្តីគាត់ចង់ធ្វើអ្វីបានតាមចិត្ត ។ មន្ត្រីប៉ូលិសបានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីស្ត្រីជាប្រពន្ធដើម កម្លាំងបានចុះទៅធ្វើការអន្តរាគមន៍ភា្លមៗនិងបានផ្អាកពិធីសែនព្រេននោះជាបណ្តោះអាសន្នសិន ។ ពេលសមត្ថកិច្ចទៅដល់ ពិធីនោះកំពុងដំណើរការក្រោមការអបអរសាទរពីសំណាក់មនុស្សម្នាប្រមាណជា១០នាក់ប៉ុណ្ណោះ និងមានការធ្វើម្ហូបអាហារត្រឹមត្រូវផងដែរ ប៉ុន្តែតាមពិនិត្យមើលជាក់ស្តែងមិនមែនជាពិធីមង្គលការទេ គឺជាពិធីសែនព្រេនបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។
គ្រាន់តែទទួលបានដំណឹងថា ប្រពន្ធដើមនិងកម្លាំងប៉ូលិសទៅដល់ក៏មានការភ្ញាក់ផ្អើលឈុល ហើយស្ត្រីដែលស្ម័គ្រចិត្តធ្វើជាប្រពន្ធចុងបុរសចំណាស់នោះ បានក្រោករត់គេចខ្លួនតាមទ្វារក្រោយបាត់ស្រមោល ។ បន្ទាប់មកបុរសនោះនិងស្ត្រីជាប្រពន្ធដើមត្រូវបាននាំទៅកាន់ប៉ុស្តិ៍ដើម្បីសួរនាំ ក្រោយមកពួកគាត់បានសុំទៅធ្វើការដោះស្រាយគ្នានៅខាងក្រៅវិញ ហើយក៏មិនទាន់ដឹងថា ត្រូវរ៉ូវគ្នាបែបណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ