រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានលិខិតឆ្លើយឆ្លងគ្នាទៅវិញទៅមករវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទីបំផុត ការវិលចូលតុចរចាឡើងវិញត្រូវបានកំណត់យកថ្ងៃទី១៨ កុម្ភៈ ខាងមុខនេះ សម្រាប់ការជួបគ្នាដើម្បីពិភាក្សាពីយន្តការកែទម្រង់ការបោះឆ្នោតនាថ្ងៃខាងមុខ ស្របតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងជំនួបថ្នាក់ដឹកនាំកំពូលរបស់គណបក្សទាំង២ កាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣កន្លងទៅ នៅវិមានរដ្ឋសភា ។
យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០១៤ ឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិថា ដូចដែលបានជូនដំណឹងកន្លងទៅ គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេចជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំបង្កើតយន្តការកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខស្របតាមស្មារតីសេចក្តីប្រកាសរួមនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ ។ សេចក្តីប្រកាសដដែលឱ្យដឹងទៀតថា ដើម្បីឆ្លើយតបនឹងសេចក្តីប្រកាសថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤ របស់គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា សូមកំណត់យកថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៤ វេលាម៉ោង៩ព្រឹក នៅវិមានព្រឹទ្ធសភា សម្រាប់ការជួបគ្នារវាងក្រុមការងារគណបក្សទាំងពីរ ។ សមាសភាពក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចំនួន៣រូប មានលោក ព្រុំ សុខា លោកសក់ សេដ្ឋា និងលោក កើត រឹទ្ធ ។
ដោយឡែក លិខិតថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៤ កុម្ភៈ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ជូនមតិជាតិ និងអន្តរជាតិពីគោលជំហររបស់ខ្លួនចំពោះការដោះស្រាយការជាប់គាំងនយោបាយបច្ចុប្បន្ន គឺគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតឆ្នាំ២០១៣ ឬបោះឆ្នោតឡើងវិញមុនអាណត្តិ ។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា គណបក្សសង្គ្រោះជាតិ គាំទ្រអនុសាសន៍មតិយោបល់របស់អង្គការជាតិ និងអន្តរជាតិ តំណាងអង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានាដែលបង្ហាញថា មានភាពមិនប្រក្រតីយ៉ាងធ្ងន់នៃការបោះឆ្នោតក្នុងឆ្នាំ២០១៣ ហើយជំរុញឱ្យបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស៊ើបអង្កេតស្តីពីភាពមិនប្រក្រតីទាំងនេះ ។ គណបក្សសង្គ្រោះជាតិយល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានរំលោភកិច្ចព្រមព្រៀងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣ ដោយប្រើហិង្សាលើបាតុករអហិង្សា និងបិទសិទ្ធិប្រជាពលរដ្ឋក្នុងការជួបជុំគ្នាចូលរួមបាតុកម្ម (ចំណុចទី១) ។ លើសពីនេះទៅទៀត គណបក្សប្រជាជនកម្ពុជា បានបង្កើតគណៈកម្មការកំណែទម្រង់ការបោះឆ្នោតជាឯកតោភាគី (ចំណុចទី២) ផ្ទុយនឹងកិច្ចព្រមព្រៀង ។
សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ មានបំណងចង់ដោះស្រាយភាពជាប់គាំងនយោបាយដោយសន្តិវិធី អហិង្សា តាមរយៈការជជែកពិភាក្សារកដំណោះស្រាយ ។ ដូច្នេះគណបក្សសង្គ្រោះជាតិ រង់ចាំកំណត់ថ្ងៃជួបគ្នាជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីចាត់តំណាងរបស់ខ្លួនចូលរួមជជែករៀបចំយន្តការទម្រង់ការបោះឆ្នោតនាពេលខាងមុខ មានផ្លាស់ប្តូរសមាសភាព គ.ជ.ប និងការកំណត់ថ្ងៃបោះឆ្នោតឡើងវិញមុនអាណត្តិជាដើម ។ ចំពោះការចរចារបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និយាយពីការបង្កើតយន្តការបោះឆ្នោត កោះសន្តិភាពមិនអាចសុំការអត្ថាធិប្បាយឱ្យបានច្បាស់លាស់ទេ នៅថ្ងៃទី១៦ កុម្ភៈ ដែលក្រុមការងារគណបក្សទាំងពីរគ្រោងនឹងជជែកគ្នានោះ ដោយទូរស័ព្ទទៅលោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចូលហើយ តែគ្មានអ្នកលើក ។ ចំណែកក្រុមការងារគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យគណបក្សនេះ លោក យ៉ែម បុញ្ញឫទ្ធិ និងលោក សុន ឆ័យ ក៏មិនមានអ្នកលើកទូរស័ព្ទដែរ ។
បើតាមការអះអាងរបស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ត្រូវបានគេហទំព័រមួយដកស្រង់សម្តីឱ្យដឹងថា តំណាងគណបក្សសង្គ្រោះជាតិ សម្រាប់ការចរចានៅថ្ងៃទី១៨ កុម្ភៈ ជាមួយតំណាងគណបក្សប្រជាជនកម្ពុជា រួមមាន លោក សុន ឆ័យ លោក គួយ ប៊ុនរឿន និងលោក យ៉ែម បុញ្ញឫទ្ធិ ។ ក្នុងជំនួបនៅថ្ងៃទី១៨ កុម្ភៈនោះ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់រួចហើយគឺពិភាក្សាលើកំណែទម្រង់ស្ថាប័នបោះឆ្នោត និងកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗមួយចំនួន ។ លោកបន្តថា បើសិនជាជំនួបក្រុមការងារបច្ចេកទេសនៃគណបក្សទាំងពីរមានលទ្ធផលល្អ នោះអាចនឹងមានជំនួបកំពូលរវាងថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរនៅពេលបន្ទាប់ ។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា ការរៀបចំយន្តការកំណែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ មានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការកំណត់បោះឆ្នោតមុនអាណត្តិនោះ គឺប្រហែលជាមិនអាចទៅរួចទេ ព្រោះបញ្ហានេះត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា មិនអាចទៅរួចទេ ព្រោះថា ប្រសិនបើការបោះឆ្នោតឡើងវិញ មានតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រោះថា រដ្ឋធម្មនុញ្ញបានកំណត់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ ។
មួយចំណុចទៀតគឺ ការបោះឆ្នោតឡើងវិញ ក៏រឹតតែទៅមិនរួចទៀត ព្រោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានរយៈពេល៥ឆ្នាំម្តង (រដ្ឋធម្មនុញ្ញ) ហើយរដ្ឋាភិបាលដែលឡើងតាមការបោះឆ្នោត តាមឆន្ទៈរបស់ប្រជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញ ត្រូវចុះតាមរដ្ឋធម្មនុញ្ញ ៕
ចែករំលែកព័តមាននេះ