ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ទទួលបាន​លទ្ធ​ផល​ល្អ​ឡើង​វិញ​បន្ទាប់​ពី​ទៅ​សម្ងំ​​ត្រាំ​ពិស​​ជាង​1​សប្តាហ៍​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ប្រកួត​ចាញ់​ក្រុម​ចំណូល​ថ្មី​ ត្រាយ​អាស៊ី​ ខេត្ត​កណ្តាល​ កាល​ពី​២​សប្តាហ៍​មុន​ដោយ​លទ្ធ​ផល​២-១​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់​ទាល់​ពាន​រង្វាន់​ Metfone Cambodian League 2014 ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្លិប​ចម្ការ​កៅ​ស៊ូ​បឹង​កេត​មិន​សប្បាយ​ចិត្ត​ឡើយ​ ក៏​បាន​ប្រមូល​កីឡា​ករ​ក្នុង​ក្រុម​យក​ទៅ​ហ្វឹក​ហាត់​លត់​ដំ​បន្ថែម​នៅ​ទី​លាន​

រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ប្រកួត​ចាញ់​ក្រុម​ចំណូល​ថ្មី​ ត្រាយ​អាស៊ី​ ខេត្ត​កណ្តាល​ កាល​ពី​២​សប្តាហ៍​មុន​ដោយ​លទ្ធ​ផល​២-១​ ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​បាល់​ទាល់​ពាន​រង្វាន់​ Metfone Cambodian League 2014 ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្លិប​ចម្ការ​កៅ​ស៊ូ​បឹង​កេត​មិន​សប្បាយ​ចិត្ត​ឡើយ​ ក៏​បាន​ប្រមូល​កីឡា​ករ​ក្នុង​ក្រុម​យក​ទៅ​ហ្វឹក​ហាត់​លត់​ដំ​បន្ថែម​នៅ​ទី​លាន​របស់​ខ្លួន​ក្នុង​ខេត្ត​កំពង់​ចាម​ រហូត​ទទួល​លទ្ធ​ផល​ល្អ​វិញ​ដោយ​យក​ឈ្នះ​ក្រុម​ណា​ហ្គា​ខប​ក្នុង​លទ្ធ​ផល​២​ទល់​នឹង​១​ ក្នុង​ជំនួប​ប្រកួត​កាល​ពី​រសៀល​ថ្ងៃ​ទី​១៥​ កុម្ភៈ​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ។​

ការ​លេង​របស់​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​នៅ​ពេល​នោះ​ហាក់​ល្អ​ខ្លាំងណាស់​ ដោយ​គ្រាន់​តែ​ចាប់​ផ្តើម​លេង​បាន​២​នាទី​ដំបូង ​​កីឡាករ​ពាក់​អាវ​លេខ​១១ ចាន់ វឌ្ឍនាកា​ បាន​បំប៉ោង​សំណាញ់​ក្រុម​ណា​ហ្គា​ខប​ ១​គ្រាប់​ ។ នៅ​នាទី​ទី​១៧​ កីឡាករ​​សញ្ជាតិ​ហូឡង់​ Van Der Hooft Elroy ពាក់អាវ​លេខ​៤៩​ របស់​ក្រុម​ចម្ការ​កៅ​ស៊ូ​បឹង​កេត​ ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត​ ធ្វើ​ឱ្យ​លទ្ធ​ផល​នៅតង់​ទី១​ ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​នាំ​មុខ​ក្រុម​ណា​ហ្គា​ខប ២-០ ។​

ការប្រកួត​នៅ​ក្នុង​តង់​ទី១​ ក្រុម​ចម្ការ​កៅ​ស៊ូបឹង​កេត​មាន​ប្រៀប​លើ​ក្រុម​ណា​ហ្គា​ខប​ទាំង​ស្រុង​ ទាំង​ខ្សែ​ប្រយុទ្ធ​ និង​ខ្សែ​ការពារ​ ​ដោយ​បាន​ឡើង​លេង​ដល់​តំបន់​គ្រោះ​ថ្នាក់​របស់​ក្រុម​ណា​ហ្គា​ខប​ជាច្រើន​លើក​ ។​

ចូលដល់​តង់​ទី​២​ ការ​លេង​របស់​ក្រុម​ទាំង​ពីរ​កាន់តែ​ស្វិត​ស្វាញ​ជាង​មុន ជាពិសេស​ក្រុម​ណា​ហ្គា​ខប​បាន​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​រហូត​ដល់​នាទី​ទី​៨៤​ ទើប​ក្រុម​​នេះ​មាន​ឱកាស​ទាត់​បាល់​បញ្ចូល​ទី​គូ​ប្រកួត​បាន​១​គ្រាប់​វិញ​ដោយ​​កីឡា​ករ​ជួន ជុំ ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត ឈ្នះ​ក្រុម​ណា​ហ្គា​ខប​២​ទល់​១ ។​

សម្រាប់​៤​ប្រកួត​របស់​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ គឺ​ឈ្នះ​២​ប្រកួត ចាញ់​២​​ប្រកួត​ មាន​៦​ពិន្ទុ​ ចំណែក​ក្រុម​ណា​ហ្គា​ខប​វិញ​ ៤​ប្រកួត​គឺ​ឈ្នះ​២​ប្រកួត​ ស្មើ​១​ប្រកួត​ និង​ចាញ់​១​ប្រកួត​ មាន​៧​ពិន្ទុ។​

មួយ​ប្រកួត​ទៀត​ក្រុម Western Uni FC ប្រកួត​ស្មើ​ជា​មួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធ​ផល​១-១​ ។​ មក​ដល់​ពេល​នេះ​ក្រុម​ Western Uni FC លេង​បាន​៣​ប្រកួត​ ឈ្នះ​១​ប្រកួត​ ស្មើ២​ប្រកួត មាន​៥​ពិន្ទុ​ ចំណែក​ក្រុម​គីរី​វង់​សុខ​សែន​ជ័យ​លេង​បាន​៤​ប្រកួត​ ស្មើ​២​ប្រកួត​ ​និង​ចាញ់​២​ប្រកួត​ មាន​២​ពិន្ទុ ។​

ដោយ​ឡែក​នៅ​លើ​ទីលាន​ស្តាត​ចាស់​ឯ​ណេះ​វិញ ក្រុម​ខេត្ត​ស្វាយ​រៀង​បានបំបាក់​ក្រុម​ជើង​ខ្លាំង​ត្រាយ​អាស៊ី​ ១-០​ និង​មួយ​គូ​ទៀត​ក្រុម​សាកល​​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​លេង​ស្មើ​ក្រុម​ក្រសួង​ការពារ​ជាតិ​ ១-១ ។​ ៤​ប្រកួត​របស់​ក្រុម​ត្រាយ​អាស៊ី​ទទួល​បាន​៧​ពិន្ទុ​ ដោយ​ឈ្នះ​២​ប្រកួត ស្មើ​១​ប្រកួត និង​ចាញ់​១​​ប្រកួត ។​ ចំណែក​៣​ប្រកួត​របស់​ក្រុម​ខេត្ត​ស្វាយ​រៀង​ ទទួល​បាន​៧​​ពិន្ទុ​ដែរ ដោយ​ឈ្នះ​២​ប្រកួត ​ស្មើ​១​ប្រកួត ។​

ចំពោះ​៤​ប្រកួតរបស់​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ទទួលបាន​៣​ពិន្ទុ គឺ​ស្មើ​៣​ប្រកួត ចាញ់​១​​ប្រកួត​ ឯ​៤​ប្រកួតរបស់​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប​ទទួល​បាន​២​ពិន្ទុ គឺ​ស្មើ​២​ប្រកួត ចាញ់​២​ប្រកួត ។​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៦ កុម្ភៈ​ មាន​២​ប្រកួត​ដោយ​លេង​លើ​ទី​លាន​​ពហុ​កីឡដ្ឋាន​ជាតិ​តែ​មួយ​ គឺ​​ចាប់​ផ្តើម​ឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​តទៅ​ ដោយ​ក្រុម​ភ្នំពេញ​ក្រោន​ជួប​ជា​មួយ​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត​ និង​ក្រុម​ Albirex Niigata Phnom Penh ដែល​ជា​ក្រុម​ចំណូល​ថ្មី​ប្រកួត​ជា​មួយ​ក្រុម​អគ្គ​ស្នង​​ការ​ដ្ឋាន​នគរបាល​ជាតិ​ ៕​