រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ កាលពីថ្ងៃសៅរ៍ ទី១៥ កុម្ភៈ ពិតជាកក្រើកមិនខុសពីការប្រកួតរវាងកីឡាករមាស ភារម្យ មកពីក្លិបកងទ័ពជើងទឹក និងកីឡាករឡៅ ស៊ីណាត មកពីក្លិបកងទ័ពឆត្រយោង៩១១ កាលពីថ្ងៃទី១៤ កុម្ភៈ នោះទេ ។ លទ្ធផលចុងក្រោយ កីឡាករនូវ ស៊ីថា ដែលអ្នកណាក៏ស្គាល់ថាខ្លាំង បែរជាសន្លប់ខណៈដែលកីឡាករឈាន ហុង បានត្រឹមឈ្នះពិន្ទុលើគូប្រកួត ។
នៅគូទី៤ កីឡាករនូវ ស៊ីថា មកពីក្លិបតាឡីដំរីមានឫទ្ធិ មិនត្រឹមតែសន្លប់យ៉ាងអាម៉ាស់ក្រោមដៃកីឡាករឈិន ក្វាន់ង៉ុយ មកពីក្លិបមកុដរាជសីហ៍ប៉ុណ្ណោះទេ គឺថែមទាំងត្រូវបែករយះ៨ថ្នេរស្ទើរតែហូរឈាមស្រោចមុខវង្វេងវង្វាន់នៅលើរេញគួរឱ្យអាណិតទៀតផង ។ នេះជាការបរាជ័យជាថ្មីទៀតសម្រាប់គេក្នុងជំនួបជាមួយ ឈិន ក្វាន់ង៉ុយ ដែលជាគូសងសឹកតាំងពីពួកគេប៉ះគ្នានៅលើរេញក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់របស់ក្រុមហ៊ុនសេង ហុងសេង កាលពីចុងឆ្នាំ២០១៣ កន្លងទៅ ។ ទោះយ៉ាងណា លទ្ធផលនេះអាចចាត់ទុកជាលើកទី១ និងដោយកម្រដែល នូវ ស៊ីថា ត្រូវ ឈិន ក្វាន់ង៉ុយ វាយឱ្យរយះក្នុងកម្រិតធ្ងន់រហូតឈានដល់វង្វេងវង្វាន់បន្តការប្រកួតលែងបាន ។ ក្នុងជំនួបថ្មីនេះ កីឡាករឈិន ក្វាន់ង៉ុយ បង្គោលខៀវហាក់មិនទុកមុខឱ្យសិស្សច្បងទាល់តែសោះ ដោយគ្រាន់តែស្នូរជួងបន្លឺភ្លាម ក៏វាយសម្រុកដោយកែងផង និងជង្គង់ផងតែម្តង ។ សំអាងលើដៃជើងវែង កីឡាករបង្គោលខៀវត្រូវគេឃើញថាមានសន្ទុះល្អជាង ប៉ុន្តែកីឡាករបង្គោលក្រហម នូវ ស៊ីថា ក៏បានធ្វើឱ្យគូប្រកួតដួលផ្កាប់មុខភីងៗជាច្រើនលើកដូចគ្នា មុនពេលភ្លាត់ត្រូវកែងបក និងជង្គង់របស់ ឈិន ក្វាន់ង៉ុយ ដែលនាំទៅដល់ស្ថានភាពសន្លប់ ។ នូវ ស៊ីថា សោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីត្រូវសន្លប់ក្នុងទឹកទី៤ ដោយគ្មានការតវ៉ាក្រោមដៃរបស់ ឈិនក្វាន់ង៉ុយ ។ រវាងគូនេះប៉ះគ្នាលើកណាក៏ នូវ ស៊ីថា កម្រឈ្នះ ឈិន ក្វាន់ង៉ុយ នោះដែរ បើទោះជា នូវ ស៊ីថា មានប្រវត្តិអាចផ្តួលអ្នកឈ្នះ ឈិន ក្វាន់ង៉ុយ ស្ទើរតែគ្រប់គ្នានោះក៏ដោយ ។ នូវ ស៊ីថា ត្រូវគេគ្រាហ៍ចេញពីសង្វៀនព្រមជាមួយនឹងភាពអាម៉ាស់មិនខុសពីមុន បន្ទាប់ពីមិនអាចស្វែងរកគន្លឹះណាមួយដើម្បីវាយផ្តួលកីឡាករឈិន ក្វាន់ង៉ុយ ដែលជាគូសត្រូវចាស់ស្តារមុខមាត់មកវិញ ។
ឈានដល់គូទី៥ ដែលជាគូឯក គឺរឹតតែធ្វើឱ្យអ្នកទស្សនាជក់ចិត្ត ។ កីឡាករបង្គោលក្រហម ឈាន ហុង មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ មិនបានសំចៃកម្លាំងចំពោះគូប្រកួតនោះទេ បើទោះជាអ្នកណាក៏ដឹងថា បង្គោលខៀវ វ៉ាន់ ចាន់វ៉េត មកពីក្លិបគជសារកីឡា គឺជាជើងខ្លាំងម្នាក់នៅក្នុងពិភពប្រដាល់ ។ រវាងគូនេះនៅ៤ទឹកដំបូងពួកគេឈ្នះគ្នាម្នាក់មួយទឹក ដោយសារតែភាគីម្ខាងៗមានយុទ្ធវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រវាយសម្រុកបានល្អម្នាក់ម្តង ដែលអាចប្រទាញយកពិន្ទុពីការវាយលុករបស់ខ្លួនដោយមិនប្រើស្នៀតដដែលៗ ។ អីុចឹងហើយទើបនៅទឹកទី៥ ដែលជាទឹកកាត់សេចក្តី ហាក់មានឥទ្ធិពលខ្លាំងធ្វើឱ្យអ្នកទស្សនាកន្ត្រាក់អារម្មណ៍ និងចង់តាមដាន ។ ក្រុមអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវមិនតិចឡើយនៅពេលស្នូរជួងបន្លឺឱ្យប្រកួតភ្លាម ហើយបង្គោលក្រហម ឈាន ហុង អាចកាន់កាប់ស្ថានការណ៍ក្នុងការវាយលុកបានល្អទាំងកែង ទាំងម៉ាត់ ដែលមើលទៅហាក់ដូចជាគេមានកម្លាំងពិសេសមកជំនួយ ។ នៅ៤ទឹកដំបូង ភាគីម្ខាងៗហាក់អន់ចង់ និងបាក់កម្លាំងរៀងៗខ្លួនអស់ទៅហើយ ទើបចាត់ទុកជាការសរសើរយ៉ាងខ្លាំងដែលកីឡាករឈាន ហុង អាចប្រមូលកម្លាំងឱ្យមានសន្ទុះវាយខ្លាំងបានឡើងវិញនៅទឹកកាត់សេចក្តី ។ នៅទីបំផុត កីឡាករបង្គោលក្រហម ឈាន ហុង បានក្លាយជាអ្នកឈ្នះកីឡាករបង្គោលខៀវ វ៉ាន់ ចាន់វ៉េត ដូចការគ្រោងទុកមែន បើទោះជាលទ្ធផលនោះបានត្រឹមឈ្នះពិន្ទុទាំងប្រផិតប្រផើយក្តី ។
ក្រឡេកមើលសង្វៀនប្រកួតកាលពីថ្ងៃសុក្រ ទី១៤ កុម្ភៈ ឯណោះវិញ ក៏មានភាពកក្រើកគួរឱ្យកត់សម្គាល់ផងដែរ ។ កីឡាករមាស ភារម្យ បានក្លាយជាអ្នកសន្លប់ក្នុងទឹកទី៣ ក្រោមកណ្តាប់ដៃកីឡាករឡៅ ស៊ីណាត ក្រោមសម្រែកហ៊ោកញ្ជៀវយ៉ាងកងរំពងបំផុតក្នុងពេលប្រកួតនាគ្រានោះ ។ ហេតុផលនេះគឺដោយសារតែគូនេះមានការវាយប្រយុទ្ធគ្នាដោយអស់ពីសមត្ថភាពបំផុត មុនពេលកំណត់បាននូវការចាញ់ឈ្នះ ។ កីឡាករវីវ៉ា វ៉េវ មកពីក្លិបមហិទ្ធិរិទ្ធតាដំបងដែក ត្រូវកីឡាករវុត្ថា សុជាតិ មកពីក្លិបអង្គរធំគុនខ្មែរ វាយឱ្យសន្លប់ក្នុងទឹកទី១ ។ កីឡាករសែត ប៊ូកែត មកពីក្លិបបាត់ដំបងពាយ័ព្យ ត្រូវកីឡាករផង់ សុភ័ស្ស មកពីក្លិបតាឡីដំរីមានឫទ្ធិ វាយសន្លប់ក្នុងទឹកទី៣ ។ កីឡាករវ៉ែន ឌីយ៉ាម៉ង់ មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈ្នះកីឡាករផល ផាន មកពីក្លិបភ្នំពេជ្រកីឡាដោយពិន្ទុ និងកីឡាករឯម ស៊ីថុង មកពីក្លិបឫទ្ធិពោធិ៍សែនជ័យ ត្រូវកីឡាករអ៊ុង ស៊ីណា មកពីក្លិបកងទ័ពជើងគោក វាយឱ្យសន្លប់ក្នុងទឹកទី៣៕
ចែករំលែកព័តមាននេះ