ខេត្តកំពត ៖ ថ្មីៗនេះបន្ទាប់ពីសារព័ត៌មាន (កោះសន្តិភាព) បានចុះផ្សាយកាលពីពេលថ្មីៗនេះថា មានរោងចក្រមួយ ប្រជាជន និងអាជ្ញាធរឃុំឆ្ងល់ថា តើរោងចក្រមួយនេះគេធ្វើអ្វីបានជាឃើញកម្មករចូល ហើយឥតឃើញចេញមកក្រៅវិញ ប្រៀបដូចជាមានអាថ៌កំបាំងអ្វីមួយ ។
ដោយមានលេចឮព័ត៌មានរសើបដូច្នេះ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៩ គេឃើញមន្ត្រីអធិការកិច្ចមន្ទីរការងារ មានលោកអ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ លោកអភិបាលស្រុកកំពង់ត្រាច និងលោកអធិការនគរបាលស្រុក រួមនឹងនាយប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះពិនិត្យទីតាំងក្នុងរោងចក្រដែលលេចឮព័ត៌មានមិនប្រក្រតីថា មានកម្មករចូលទៅក្នុងរោងចក្រ ហើយមិនឃើញចេញមកក្រៅវិញ។

ជុំវិញបញ្ហាការផ្សាយព័ត៌មានរសើបខាងលើ ភ្នាក់ងារកោះសន្តិភាពបានចុះទៅដល់ទីតាំងរោងចក្រ ដើម្បីថតយករូបភាព និងសុំផ្តល់បទសម្ភាសន៍ជាមួយអ្នកតំណាងរោងចក្រកាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ខណៈក្រុមការងារអធិការកិច្ចរបស់មន្ទីរការងារខេត្តរួមនឹងអាជ្ញាធរមូលដ្ឋានចុះទៅដល់ទីតាំងរោងចក្រខាងលើនេះដែរ។

លោក គិត សុធា ប្រធានផ្នែករដ្ឋបាលរោងចក្របានឲ្យកោះសន្តិភាពដឹងថា រោងចក្រនេះពីដើមជារោងចក្រកាត់ដេរសំលៀកបំពាក់ ទីតាំងស្ថិតក្នុងភូមិដើមពោធិ៍ ក្បែរជើងភ្នំប្រាសាទ ក្នុងឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ រោងចក្រនេះដោយថៅកែក្ស័យធន ក៏បានបិទទ្វារឈប់ដំណើរការជិតពីរឆ្នាំមកហើយ នៅកំឡុងខែធ្នូ ឆ្នាំ២០១៩ ម្ចាស់ដីទីតាំងរោងចក្របានទំនាក់ទំនងរកអ្នកវិនិយោគក៏បានទំនាក់ទំនងក្រុមហ៊ុនសហគ្រាសរបស់លោក ពេលនោះក្រុមហ៊ុនសហគ្រាសរបស់លោកក៏បានរៀបចំរុះរើ និងជួសជុលក្នុងអគាររោងចក្រនេះពីរោងចក្រកាត់ដេរមកជាសហគ្រាសផលិតបារីវិញ ។ ហើយការជួសជុលបន្ទប់អគារនៅខាងក្នុងមិនទាន់ហើយរួចរាល់នោះទេ ប៉ុន្តែជួសជុលបណ្តើរតំឡើងម៉ាស៊ីនផលិតបារីបណ្តើរ។

លោកប្រធានរដ្ឋបាលក៏បានបញ្ជាក់ផងដែរអំពីចំនួនកម្មករកម្មការិនី និយោជកដែលកំពុងបំរើការងារក្នុងសហគ្រាសផលិតបារីដែលមានឈ្មោះហួរ សេងធាន នេះ មានចំនួន១០៣នាក់ ក្នុងចំនួន១០៣នាក់ខាងលើ ប្រធានសហគ្រាសបានសង់បន្ទប់ស្នាក់នៅ អ្នកមានគ្រួសារនៅបន្ទប់មួយៗដូចគ្នា និងអ្នកនៅលីវក៏មានបន្ទប់ស្នាក់នៅក្នុងបរិវេណរោងចក្រនេះដែរ ។ ក្នុងនោះដែរ កម្មករ កម្មការិនីដែលបំរើការងារក្នុងសហគ្រាសផលិតបារី ចំពោះរបបការហូបចុក ថៅកែសហគ្រាសឧបត្ថម្ភអាហារហូបចុកបីពេលក្នុងមួយថ្ងៃ។ ដោយឡែកប្រពន្ធកម្មករដែលស្នាក់នៅក្នុងបរិវេណរោងចក្រនេះ មិនបានធ្វើការជាមួយប្តី គឺអ្នកគ្រប់គ្រងមានសង់រោងជាស្តង់សំរាប់លក់ភេសជ្ជ និងចំណីអាហារផ្សេងៗជូនដល់កម្មករដែលធ្វើការងារក្នុងសហគ្រាសនេះផងដែរ ។

លោកប្រធានរដ្ឋបាលបានឲ្យដឹងទៀតថា ការសុំច្បាប់អនុញ្ញាតបង្កើតសហគ្រាសធន់មធ្យមផលិតបារីនេះ មន្ទីរឧស្សាហ៍កម្មសិប្បកម្មខេត្តនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ហើយមន្ទីរបានសម្រេចនៅថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៩នេះ ជាមួយគ្នានេះដែរ ដោយសារតែសហគ្រាសផលិតបារីរបស់លោកមិនទាន់ដំណើរការ ទើបខាងសហគ្រាសមិនទាន់រើសកម្មករ កម្មការិនីបន្ថែម។ ចំពោះកម្មករ កម្មការិនីដែលកំពុងបំរើការងារក្នុងសហគ្រាសនេះ គឺប្រធានសហគ្រាសយកពីសាខានៅភ្នំពេញខ្លះ និងនៅក្នុងស្រុកកំពង់ត្រាចខ្លះ មូលហេតុមិនទាន់រើសច្រើន ដោយសារពេលនេះយកអ្នកចេះពីសហគ្រាសនៅភ្នំពេញមកជួយបង្រៀនអ្នកថ្មី ពេលអ្នកថ្មីចេះ យើងរើសបន្ថែមឲ្យអ្នកចូលមុនជួយបង្រៀនអ្នកចូលថ្មី ទើបសហគ្រាសលោកដំណើរការបាន។

លោកក៏បានបញ្ជាក់ផងដែរថា ក្រុមកម្មករ ឬជាងដែលកំពុងធ្វើការងារក្នុងសហគ្រាសនេះ បើពេលសំរាកពីការងារបងប្អូនចង់ទៅហូបអី លេងនៅខាងក្រៅបរិវេណសហគ្រាស គឺមានរថយន្តដឹកបងប្អូនទៅជាក្រុម ដើម្បីទៅហូបអី លេងកំសាន្ត សហគ្រាសធ្វើនេះដើម្បីការពារសុវត្ថិភាពបងប្អូន ពីព្រោះបងប្អូនភាគច្រើនដែលបំរើការងាសហគ្រាសនៅភ្នំពេញ ដែលយកមកបង្រៀនអ្នកថ្មីនៅក្នុងសហគ្រាសនេះ សុទ្ធតែមកពីតាមខេត្តភាគច្រើន ហេតុដូច្នេះហើយទើបសហគ្រាសរៀបចំឲ្យមានកន្លែងគ្រួសារស្នាក់នៅ អាហារហូបចុក ទឹក ភ្លើង សហគ្រាសជាអ្នករាប់រងទាំងអស់។
គួររំលឹកថា ៖ រោងចក្រចម្លែក! កម្មករចូលគ្មានចេញ… ឃើញត្រឹមហែកជញ្ចាំងលូកតែដៃ (វីដេអូ) ៕(កែសម្រួលដោយ ៖ បុប្ផា)











ចែករំលែកព័តមាននេះ