រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានមានប្រសាសន៍កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ កុម្ភៈ ២០១១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសន្និសីទកាសែតរយៈពេលខ្លីមួយ ខណៈវិលត្រឡប់មកពីទីក្រុងហ្សាការតា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថា រូបលោកផ្ទាល់ក៏ដូចជារដ្ឋាភិបាលកម្ពុជា សូមគាំទ្រទៅលើការស្វែងរកដំណោះស្រាយ និងចាត់វិធានការផ្សេងៗរបស់អាស៊ាន ឆ្លើយតបចំពោះជម្លោះព្រំដែន សង្គ្រាមឈ្លានពាន និងបញ្ហាប្រាសាទព្រះវិហាររបស់កម្ពុជា។
លោករដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងថា អាស៊ានអាចនឹងសម្រួលឱ្យស្ថានការណ៍តានតឹងផ្សេងៗរវាងកម្ពុជា-ថៃធូរស្រាល ដូចជាស្វែងរកទឡ្ហីករណ៍ដោះស្រាយជម្លោះ និងឈានទៅបញ្ចប់ជម្លោះតែម្តង…ពាក់ព័ន្ធនឹងវត្តមានអាស៊ានចូលរួមធ្វើអន្តរាគមន៍ដោះស្រាយជម្លោះកម្ពុជា-ថៃ ហើយដែលកម្ពុជាតម្រូវឱ្យមានអ្នកសង្កេតការណ៍អាស៊ានចុះមកកាន់តំបន់ជម្លោះ ខ្សែបន្ទាត់ព្រំដែន និងប្រាសាទព្រះវិហារនោះ គឺធ្វើជាសាក្សីនិងអាជ្ញាកណ្តាលដើម្បីឱ្យដឹងថា តើភាគីខាងណាជាអ្នកបង្ករឿងមុន? តើភាគីខាងណាជាអ្នករុកកួនគេ និងជាអ្នកជារំលោភទៅលើគេមុន? ហើយលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២២ កុម្ភៈ នោះ គឺទី១-អាស៊ានបានសម្រេចឱ្យមានកិច្ចឈប់បាញ់ជាស្ថាពររវាងភាគីទាំង២កម្ពុជា-ថៃ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ទី២-ដាក់កម្លាំងរក្សាសន្តិភាព (អ្នកសង្កេតការណ៍) នៅលើតំបន់ជម្លោះព្រំដែននិងទី៣-សម្របសម្រួលទ្វេភាគីដោយមានអ្នកទី៣ចូលរួមពីជាសាក្សី ។ លទ្ធផលទាំងនេះគឺកម្ពុជាគាំទ្រ និងទទួលយកបាន ។
យោងទៅលើសំណូមពររបស់ភាគីថៃដែលទាមទារឱ្យមានការដាក់កម្លាំងសន្តិសុខឥណ្ឌូណេស៊ីមកកាន់តំបន់ជម្លោះតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ លោកកាស៊ីត ភីរម្យ នោះ យើងសូមបញ្ជាក់ថា នេះជាបំណងប្រាថ្នារបស់កម្ពុជា ដែលចង់បានជាយូរមកហើយ គឺកម្ពុជាជាអ្នកទាមទារឱ្យមានកម្លាំងរក្សាសន្តិភាពបែបនេះមុនថៃ…ជាពិសេសកម្លាំងអន្តរជាតិ ឬ អង្គការសហប្រជាជាតិទៀតផង។
លោកប្រមុខការទូតហោ ណាំហុង បានបញ្ជាក់ថា យើងគួរតែយល់ហើយ នៅក្នុងកិច្ចប្រជុំក្រុងហ្សាការតានោះ លោកម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន បានថ្លែងមុនពេលបើកកិច្ចប្រជុំថា «យើងបើកកិច្ចប្រជុំនេះឡើងដើម្បីដោះស្រាយបញ្ហាតាមរយៈការចរចា ហើយយើងធ្វើអ្វីដើម្បីសន្តិភាពមិនមែនដើម្បីធ្វើសង្គ្រាមនោះទេ ដូច្នេះសូមកុំឱ្យសំឡេងកាំភ្លើង និងការផ្ទុះអាវុធឮនៅក្នុងតំបន់របស់យើងទៀត» ដូច្នេះមានន័យថា អាស៊ានមិនចង់ឱ្យប្រទេសណាមួយរំលោភទៅលើប្រទេសណាមួយទេ ។ លោកប្រធានអាស៊ានគូសបញ្ជាក់ថា ក្រុមក្នុងតំបន់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ហើយប្រកាន់គោលជំហររឹងមាំ សម្រាប់ដោះស្រាយជម្លោះប្រកបដោយគតិយុត្តិ…នេះគឺជាលើកដំបូង និងជាប្រវត្តិសាស្ត្រហើយដែលអាស៊ានមានកិត្តិយសធំធេងដោះស្រាយជម្លោះចុងអាវុធរវាងកម្ពុជា-ថៃ ហើយយើងនឹងប្រើមធ្យោបាយឱ្យអស់លទ្ធភាព ប្រសិទ្ធភាព។ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានសង្កត់ថា អាស៊ានបានបញ្ជាក់ច្បាស់ហើយថា ជម្រើសនៃការដោះស្រាយជម្លោះមិនមែនយកកម្លាំងទ័ពធ្វើជាមធ្យោបាយមកប្រើប្រាស់ដោះស្រាយបញ្ហានោះទេ ។
ទាក់ទិននឹងអ្នកសង្កេតការណ៍ ឬកម្លាំងរក្សាសន្តិសុខដែលត្រូវបានដាក់នៅតំបន់ជម្លោះនោះ អាស៊ានក៏បានស្វាគមន៍ចំពោះការអញ្ជើញដោយប្រទេសកម្ពុជា និងប្រទេសថៃផងដែរ ហើយជាមួយនេះ ឥណ្ឌូណេស៊ីនឹងបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកាន់តំបន់ព្រំដែនរបស់ប្រទេសទាំងពីរចំនួន៣០នាក់ គឺឈរជើងនៅទឹកដីកម្ពុជា-ថៃម្ខាង១៥នាក់ ដើម្បីពិនិត្យមើលពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរបញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធ ។
លោកហោ ណាំហុង បញ្ជាក់ចុងក្រោយថា បន្ទាប់ពីដំណើរការស្វែងរកដំណោះស្រាយតាមការដាក់ជូន៣ចំណុចរបស់អាស៊ានរួចមកនោះ ជម្លោះនេះនឹងត្រូវជំរុញទៅដល់តុលាការយុត្តិធម៌អន្តរជាតិជាបន្តទៀត ដើម្បីឱ្យបកស្រាយផែនទីសន្ធិសញ្ញាអន្តរជាតិបារាំង-សៀម និងសាលក្រមស្ថាពររបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ទើបជម្លោះរវាងប្រទេសទាំង២នេះអាចចប់សព្វគ្រប់ជាស្ថាពរបាន។
ឆ្លើយនឹងសំណួរថា នៅឆ្នាំ២០១២ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ហើយតើកម្ពុជាមានជំហរបែបណា ចំពោះដំណោះស្រាយជម្លោះរវាងកម្ពុជា-ថៃ? លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ជាការពិតណាស់ កម្ពុជាមិនអាចធ្វើជាអាប៊ីតផង និងជាអ្នកចរចាផងនោះទេ គឺយើងត្រៀមវេទិកាផ្សេងថ្មីទៀត សម្រាប់ដោះស្រាយបញ្ហានេះ ៕
ចែករំលែកព័តមាននេះ