ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​​កាស​​កម្ពុជា​ រំលាយ​​រូប​រាង​​វិញ​​ដោយ​សារ​​អ្វី ?​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ នៅ​ទីបំផុត​ គម្រោង​លេច​ឡើង​នៃ​កីឡាកាស​កម្ពុជា​ ដែល​បាន​ប្រកាស​យ៉ាង​ក្តែងៗ​កាលពី​ឆ្នាំ​២០១០​ ត្រូវ​រលាយ​ទាំង​ស្រុង​ហើយ​មក​ទល់​ពេល​នេះ ។​ ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​បាន​អះ​អាង​ថា​ កីឡា​មួយ​នេះ​នឹង​ចេញ​មិន​រួច​ឡើយ​ បើ​ទោះ​សហ​ព័ន្ធ​កីឡា​កាស​ប្រចាំ​នៅ​ប្រទេ​សជបុ៉ន​មាន​គម្រោង​បញ្ជូន​គ្រូ​មក​បណ្តុះ​បណ្តាល​ និង​ផ្តល់​ឱ្យ​នូវ​សម្ភារ​ហ្វឹក​ហាត់​ផ្សេងៗ​ក្តី ។

រាជធានី​ភ្នំ​ពេញ​ ៖ នៅ​ទីបំផុត​ គម្រោង​លេច​ឡើង​នៃ​កីឡាកាស​កម្ពុជា​ ដែល​បាន​ប្រកាស​យ៉ាង​ក្តែងៗ​កាលពី​ឆ្នាំ​២០១០​ ត្រូវ​រលាយ​ទាំង​ស្រុង​ហើយ​មក​ទល់​ពេល​នេះ ។​ ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​បាន​អះ​អាង​ថា​ កីឡា​មួយ​នេះ​នឹង​ចេញ​មិន​រួច​ឡើយ​ បើ​ទោះ​សហ​ព័ន្ធ​កីឡា​កាស​ប្រចាំ​នៅ​ប្រទេ​សជបុ៉ន​មាន​គម្រោង​បញ្ជូន​គ្រូ​មក​បណ្តុះ​បណ្តាល​ និង​ផ្តល់​ឱ្យ​នូវ​សម្ភារ​ហ្វឹក​ហាត់​ផ្សេងៗ​ក្តី ។​

នេះ​ជា​ដំណឹង​ចុង​ក្រោយ​ដែល​អះ​អាង​យ៉ាង​ច្បាស់​ថា កីឡាកាស​កម្ពុជា​ដែល​កំពុង​ត្រូវ​អ្នក​ខ្លះ​គិត​ថា​ ស្ថិត​ក្នុង​ការ​រៀបចំ​យុទ្ធ​សាស្ត្រ​ឱ្យ​បាន​ស្រេច​បាច់​មុន​នឹង​បើក​ឱ្យ​មាន​ការ​ប្រកួត​នោះ​ ទំនង​ជា​ដល់​ថ្ងៃ​អវសាន្ត​ហើយ ។ នៅ​អំឡុង​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ គ្មាន​អ្នក​ណា​មិន​ដឹង​នោះ​ទេ​ថា​ គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​បាន​ប្រកាស​បង្កើត​កីឡា​កាស​កម្ពុជា​ទាំង​ផ្នែក​បុរស​ និង​នារី​ដូច​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួ​យចំនួន​ដែល​កីឡា​នេះ​កំពុង​រីក​ចម្រើន​ ។​ ការ​ប្រកាស​នេះ​បាន​ទាំង​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ប្រកួត​រវាង​កីឡាករ​កីឡាការិនី​កម្ពុជា និង​កីឡា​ករ​ កីឡាការិនី​ផ្នែក​កីឡាកាស​មក​ពី​ប្រទេស​ជបុ៉ន​ និង​ប្រទេស​មួយ​ចំនួន​នា​ពេល​នោះ​ទៀត​ផង ។​ ក្នុង​ព្រឹត្តិ​ការណ៍​នោះ​ មន្ត្រី​ពាក់​ព័ន្ធ​ជាច្រើន​បាន​អះ​អាង​ថា​ យ៉ាង​យូរ​៣ឆ្នាំ​ក្រោយ​ កីឡាកាស​កម្ពុជា​នឹង​មាន​ការ​រីក​​ចម្រើន​ ហើយ​មាន​កម្រិត​អាច​ស្មើ​មុខ​ស្មើ​មាត់​នឹង​កីឡាកាស​របស់​ប្រទេស​ក្បែរ​ៗ​ខាង​ ​ដោយ​សារ​កម្ពុជា​មាន​ទាំង​ធន​ធាន​ និង​មាន​ទាំង​អ្នក​ផ្តល់​ជំនួយបច្ចេក​ទេស ។​

ស្រង់​សម្តី​នា​ពេល​នោះ​ លោក​វ៉ាត់ ចំរើន​ អគ្គ​លេខាធិការ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជាបាន​ថ្លែង​ថា​ គ្មាន​អ្វី​ដែល​កីឡាកាស​កម្ពុជា​ចេញ​រូប​រាង​មិន​រួច​នោះ​ទេ​ ដោយ​សារ​តែ​កីឡាករ​នេះ​មាន​ការ​ពាក់​ព័ន្ធ​​ទាំង​ស្រុង​នឹង​កីឡា​បោក​ចំបាប់​យូដូ​ និង​កីឡាកាយ​វប្ប​កម្ម​ ដែល​មាន​ការរីក​ចម្រើន​ស្រាប់​នៅ​ក្នុង​ប្រទេស មាន​ន័យ​ថា​ កម្ពុជា​មាន​​ធន​ធាន​កីឡា​ករ​ និង​កីឡាការិនី​រួច​ហើយ​ ​ដោយ​គ្រាន់​តែ​ប្រមែ​ប្រមូល​យក​ជើង​ខ្លាំង​មក​បណ្តុះ​បណ្តាល​រួម​​គ្នា​ពី​បច្ចេក​ទេស​បន្ថែម​គឺជា​ការស្រេច ។​ គាប់​ជួន​ជា​ពេល​នោះ​ សហ​ព័ន្ធ​កីឡា​កាសរបស់​ជបុ៉ន​បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ផ្តល់​ធន​ធាន​គ្រូ​បង្វឹក​ និង​ជួយ​ផ្នែក​បច្ចេក​ទេស​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​កីឡា​នេះ​ផង​ ទើបរឹត​តែ​ធ្វើ​ឱ្យ​ម្នាក់ៗ​រំពឹង​យ៉ាង​មុត​មាំ​ថា​ កីឡាកាស​ដែល​រីក​ចម្រើន​នៅ​ប្រទេស​អាស៊ី​ពិត​ជា​ចេញ​រួច​នៅ​កម្ពុជា​ ១០០% ។​ នៅ​ក្នុង​វេទិកា​នោះ គេ​ឃើញ​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​ពីសំណាក់​កីឡាករ​ក្នុង​ប្រទេស​មក​ពី​ផ្នែក​យូដូ​ បោក​ចំបាប់​ និង​មក​ពី​ក្លិប​កាយ​វប្ប​កម្ម​ស្ទើរ​គ្រប់​គ្នា​ដែល​មាន​មាឌ​ធំៗ​​ និង​កម្លាំង​ខ្លាំង​បង្ហាញ​វត្ត​មាន​នៅ​លើ​រេញ​ដើម្បីប្រកួត​កីឡា​កាស​ជា​មួយ​វត្ត​មាន​របស់​កីឡាករ​មក​ពី​ខាង​ក្រៅ​ផង​ដែរ។​

បើ​ទោះ​ជា​ពេល​នេះ​ គឺ​ជា​ចំណុច​ចាប់​ផ្តើម​ បុ៉ន្តែ​កីឡាករ និង​កីឡាការិនី​របស់​កម្ពុជា​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​មាន​កីឡាករ​ភាគ​ច្រើន​អាច​ផ្តួល​កីឡាករ​ និង​កីឡាការិនី​​មក​ពី​ជបុ៉ន​ និង​មក​ពី​ប្រទេស​ផ្សេង​ទៀត​ឱ្យ​បរា​ជ័យ​លើ​រេញ ។​ លទ​្ធ​ផល​នេះ​បាន​ក្លាយ​ជា​មោទន​ភាព​កាន់​តែ​ខ្ពស់​ថែម​ទៀត​របស់​លោក​វ៉ាត់ ចំរើន​ ដែល​អះ​អាង​ថា​ ក្នុង​ពេល​យ៉ាង​ខ្លី​ កីឡាកាស​នៅ​កម្ពុជា​នឹង​ក្លាយ​ជា​កីឡា​ថ្មី​មួយ​ប្រចាំ​នៅ​ក្នុង​ស្ថាប័ន​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិកកម្ពុជា​ ។​ មនុស្ស​មួយ​ចំនួន​នឹក​ស្មាន​ថា​ អំឡុង​នៃ​ការ​ស្ងប់​ស្ងាត់​ទំនង​ជា​ការ​ត្រៀម​ទុក​ប្រកប​ដោយ​សក្តា​នុពល​មួយ​ដែល​កីឡា​កាស​របស់​កម្ពុជា​នឹង​អាច​ចេញ​រួច​ ដោយ​យោង​លើ​ហេតុ​ផល​ដែល​បាន​ប្រកាស​ក្នុង​ពេល​ប្រកួត​កីឡា​កាស​នា​ពេល​មុន ។​ អុីចឹង​ហើយ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កោះសន្តិ​ភាព​បាន​ទទួល​ដំណឹង​ចុង​ក្រោយ​ថា​ គម្រោង​នោះ​រំលាយ​ចោល​យូរ​ហើយ ។​

មន្ត្រី​ដែល​ធ្លាប់​ផ្តល់​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ទាំង​បុ៉ន្មាន​បាន​​បែរ​ប្តូរ​ប្រយោគ​ថា​ ការ​ប្រកាស​នា​គ្រា​នោះ​គ្រាន់​តែ​ការ​ព្រាង​ទុក​ និង​ថា​ការ​ប្រកួត​កីឡា​កាស​រវាង​​ខ្មែរ និង​បរទេស​នា​ពេល​នោះ​គ្រាន់​តែ​ជា​ការ​បើក​ឱកាស​ឱ្យ​កីឡាករ​របស់​ជបុ៉ន​ និង​បរទេស​មក​សិក្សា​ពី​ស្ថាន​ភាព​ចង់​បង្កើត​កីឡា​កាស​នៅ​កម្ពុជា​បុ៉ណ្ណោះ ។​ លោក​វ៉ាត់ ចំរើន​ មិន​អាច​ទទួល​ការ​បក​ស្រាយ​បាន​ទេ ខណៈ​ដែល​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​បាន​ឆ្លើយ​ថា​ គម្រោង​នោះ​ត្រូវ​រំលាយ​ចោល​បាត់​យូរ​ហើយ ។​ មន្ត្រី​២​រូប​ដែល​​ទាម​ទារ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​និយាយ​ថា​ កីឡា​កាស​កម្ពុជា​ចេញ​រូប​រាង​​មិន​កើត​ទេ​ ដោយ​សារ​តែ​លោក​ខ្លួន​ឯង​មិន​ដែល​ឃើញ​វត្ត​មាន​ខាង​ភាគី​ជបុ៉ន​ ដែល​សន្យា​ថា​ មក​ជួយ​បណ្តុះ​បណ្តាល​នោះ​បង្ហាញ​វត្ត​មាន​ជា​ថ្មី​ទាល់​តែ​សោះ​ ចាប់​តាំង​ពី​បាន​ជជែក​គ្នា​ម្តង ។​ ទោះ​យ៉ាង​ណា​ នោះ​មិន​មែន​ជា​កំហុស​របស់​ជបុ៉ន​ឡើយ​ បុ៉ន្តែគឺ​មក​ពី​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​មិ​នមាន​ឆន្ទៈ​ក្នុងការ​បង្កើត​ឱ្យ​មាន​កីឡា​នេះ​ច្រើន​ជាង ។​ ហេតុ​ផល​នៃ​ការ​រំសាយ​នោះ​គឺ​បណ្តាល​មក​ពី​ការ​សិក្សា​ចុង​ក្រោយ​បង្ហាញ​ថា​ កីឡាករ និង​កីឡា​ការិនី​កម្ពុជា​មិន​ចូល​ចិត្ត​ប្រឡូក​នឹង​កីឡា​ដែល​ប្រើ​កម្លាំង​ច្រើន​មួយ​នេះ​ទេ ។​ ភាគ​ច្រើន​ពួក​គេ​និយាយ​ថា​ ​នោះ​ជា​កីឡា​ឈឺ​សាច់​ខ្លាំង​ ហើយ​ទទួល​កម្រៃ​ទាប​ គាប់​ជួន​ជា​ធន​ធាន​របស់​កម្ពុជា​មិន​សូវ​មាន​អ្នក​មាន​មាឌ​ធំ​ដែល​ចូល​ចិត្ត​វាយ​ប្រយុទ្ធគ្នា​បែប​នេះ​ផង​ ទើបរឹត​តែ​ចេញ​មិន​រួច ។​

មន្ត្រី​ម្នាក់​ទៀត​លើក​ឡើងដែរ​ថា​ ការ​ពិត​បើ​សរុប​រវាង​កីឡាករ​-​កីឡាការិនី​ក្នុង​ប្រភេទ​កីឡា​បោក​ចំបាប់​ យូដូ និង​កាយ​វប្ប​កម្ម​ដែល​មាន​មាឌ​ធំៗ​ ហើយ​មានសមត្ថភាព​ កីឡាកាស​កម្ពុជា​អាច​ចេញ​រួច​ បុ៉ន្តែ​បញ្ហា​ចោទ​គឺ​កីឡាករ-​កីឡា​ការិនី​ទាំង​នោះ​ផ្ទាល់​អត់​សូវ​មាន​អ្នក​ចង់​ក្លាយ​ខ្លួន​ជា​កីឡាកាសតែ​ម្តង ។​ លោក​និយាយថា​ គ្រាន់​តែ​តម្រូវ​ឱ្យ​ពួក​គេ​មក​ធ្វើ​ជា​កីឡាកាស​មួយ​ពេល​ ដើម្បី​ឡើង​ប្រកួត​កាល​ពី​ឆ្នាំ​២០១០​ ហ្នឹង​ គឺ​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ទៅ​ហើយ​ ចុះ​ទម្រាំ​តម្រូវ​ឱ្យ​ពួក​គេ​ហ្វឹក​ហាត់​រាល់​ថ្ងៃ​ និង​ឡើង​ប្រកួត​ញឹក​ញាប់​ តើ​នឹង​ក្លាយ​ជា​រឿង​យ៉ាង​ណា ។​ កីឡា​នេះ​នឹង​ចេញ​មិន​រួច​ទេ ព្រោះ​​បរិបទ​របស់​កម្ពុជា​មិន​មាន​ចំណូល​ចិត្ត​ចំពោះ​កីឡា​ប្រភេទ​នេះ​​ ម្យ៉ាង​​បើ​អាចបង្កើត​ឡើង​មែន​យ៉ាង​ច្រើន​បាន​តែ​មួយ​ខ្យល់​បុ៉ណ្ណោះ​ គឺ​ពិត​ជា​រលាយ​វិញ​ហើយ​ ។​ អុីចឹង​ហើយ​ទើប​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ខ្ជិល​ខ្វល់​ និង​ឈប់​គិត​ចំពោះ​រឿង​នោះ ។​

ផ្ទុយ​គ្នា​ពី​ការ​បញ្ជាក់​ កីឡាករ និង​កីឡាការិនី​ដែល​ធ្លាប់​បង្ហាញ​វត្ត​មាន​ឡើង​ប្រកួត​កីឡា​កាស​កាល​ពីឆ្នាំ​​២០១០​ និយាយ​ថា​ ពួក​គេត្រៀម​ខ្លួន​​រួច​ហើយ​ បើ​កីឡា​នោះ​បង្កើត​ឡើង​ពិត​ប្រាកដ​មែន ។​ បុ៉ន្តែ​លុះ​ត្រា​តែ​ការប្រកួត​នោះ​ទទួល​បាន​កម្រៃ​ខ្លួន​ខ្ពស់​ និង​មាន​ការ​លើក​ទឹក​ចិត្ត​សម​នឹង​ការ​ប្រឹង​ប្រែង​ ទើប​ពួកគេ​ស្ម័គ្រ​ចិត្ត​ប្រឡូក​ដោយ​ស៊ប់​មិន​ដក​ដៃ​ ។ ស្ទើរ​តែ​ដូចគ្នា​ ពួក​គេ​និយាយ​ថា​ មិន​ខ្លាច​ទេ ​ដោ​យសារ​កីឡា​កាស​​មាន​សភាព​ដូចគ្នា​នឹង​ការប្រកួត​បោក​ចំបាប់ ​និង​យូដូ​ ដែល​ធ្លាប់​ប្រឡូក​អស់​ច្រើន​ឆ្នាំ ។​ បុ៉ន្តែ​អ្វី​ដែល​ពួកគេ​ស្ទាក់​ស្ទើរ គឺ​បញ្ហា​ថវិកា​និង​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ដែល​គណៈ​កម្មការ​​រៀបចំ​ធ្លាប់​ផ្តល់​ឱ្យ​មិន​ឱ្យ​ពួកគេចាប់​អារម្មណ៍​បុ៉ណ្ណោះ​ ៕​