ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុ៉ស្តិ៍​​លេខ​​5 បញ្ជាក់​​ហេតុ​​ផល​ពន្យារ​​កា​រ​​ប្រដាល់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មាន​ការ​​អះ​អាង​ជា​ច្រើន​ថា ហេតុ​ផល​ដែល​នាំ​ឱ្យ​មាន​ការ​ផ្អាក​ប្រដាល់​នៅ​បុ៉ស្តិ៍​លេខ​៥​ ក្នុង​រយៈ​ពេល​យូរ​នេះ​គឺ​ដោយ​សារ​តែ​គ្មាន​ស្ពុន​ស័រ​ និង​ប្រព័ន្ធ​ផ្សាយ​របស់​បុ៉ស្តិ៍​នេះ​នៅ​មិន​ទាន់​រៀប​រយ ។​ បន្ថែម​លើ​ហេតុ​ផល​នេះ​ ក៏​មាន​បញ្ហា​ចម្បង​ផ្សេង​ទៀត​​ដែល​នាំ​ឱ្យ​ការ​រៀប​ចំ​ការ​ប្រដាល់​ទាំង​មូល​ត្រូវ​រាំង​ស្ទះ​រហូត​មក​ទល់​នឹង​ពេល​នេះ​ផង​ដែរ ។​

រាជ​ធានី​ភ្នំពេញ​ ៖ មាន​ការ​​អះ​អាង​ជា​ច្រើន​ថា ហេតុ​ផល​ដែល​នាំ​ឱ្យ​មាន​ការ​ផ្អាក​ប្រដាល់​នៅ​បុ៉ស្តិ៍​លេខ​៥​ ក្នុង​រយៈ​ពេល​យូរ​នេះ​គឺ​ដោយ​សារ​តែ​គ្មាន​ស្ពុន​ស័រ​ និង​ប្រព័ន្ធ​ផ្សាយ​របស់​បុ៉ស្តិ៍​នេះ​នៅ​មិន​ទាន់​រៀប​រយ ។​ បន្ថែម​លើ​ហេតុ​ផល​នេះ​ ក៏​មាន​បញ្ហា​ចម្បង​ផ្សេង​ទៀត​​ដែល​នាំ​ឱ្យ​ការ​រៀប​ចំ​ការ​ប្រដាល់​ទាំង​មូល​ត្រូវ​រាំង​ស្ទះ​រហូត​មក​ទល់​នឹង​ពេល​នេះ​ផង​ដែរ ។​

លោក​សេង​ កដិកា​ អគ្គនាយក​រង​ទូរ​ទស្សន៍​បុ៉ស្តិ៍​លេខ​៥​ និង​ជាអ្នក​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រដាល់​ប្រចាំ​ក្នុង​ស្ថាប័ន​នេះ​បានប្រាប់​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា​ ​មក​ទល់​ពេល​នេះ​សង្វៀន​របស់​លោក​នៅ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជា​ថ្មី​ថា​ នៅ​ថ្ងៃ​ណា​ទើប​ចាប់​ផ្តើម​ការ​ប្រកួត​ឡើង​វិញ​នៅ​ឡើយ​ទេ បើ​ទោះជា​លោក​បាន​អះ​អាង​ថា​ គ្រោង​ចាប់​ផ្តើម​នៅ​អំឡុងខែ​មីនា​ខាង​មុខ​នោះ​ក៏​ដោយ ។​ គម្រោង​ជាក់​ស្តែងរបស់​បុ៉ស្តិ៍​លេខ​៥​ នឹង​កំណត់​យក​ចុង​សប្តាហ៍​ទី​១​ នៅខែ​ក្រោយ​បើក​ប្រកួត​ប្រដាល់​ដើម្បី​ឱ្យ​បុ៉ស្តិ៍​មាន​និរន្តរ​ភាព​ដូច​ដើម​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ប្រដាល់​ឱ្យ​បាន​ទៀង​ទាត់ ។​ ទោះ​បី​យ៉ាងណា​ លោក​មិន​ទាន់​សង្ឃឹម​ទាំង​ស្រុង​ថា​ ការ​កំណត់​ដែល​បាន​គ្រោង​ទុក​​នឹង​អាច​កើត​ឡើង​នៅ​រាល់​ចុង​សប្តាហ៍​នា​ខែ​មីនា​នោះ​បាន​ទេ​ ដោយសារតែ​លោក​និង​ក្រុម​ការងារ​ទាំង​មូល​ មាន​បញ្ហា​មួយ​ចំនួន​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​ជ្រះ​ស្រឡះ​ ។ បញ្ហា​ពាក់​ព័ន្ធ​ការ​រាំង​ស្ទះ​នោះ​ត្រូវ​លោក​អះ​អាង​ថា​ មក​ពីរេញ​ថ្មី​ដែល​កំពុង​ដំឡើង​នៅ​សាល​ប្រគំ​តន្ត្រី​ផ្សារបឹង​ត្របែក​ផ្លាហ្សា​មិន​ទាន់​រួច​រាល់​ និង​បញ្ហា​ប្រព័ន្ធ​អង់​​តែន​របស់​បុ៉ស្តិ៍​​នេះតែ​ម្តង​ មិន​ទាន់​រួច​រាល់​តាម​ការ​ចង់​បាន​ ។

ទោះ​យ៉ាងណា​ នោះ​មិន​មែន​ជា​ហេតុ​ផល​តែ​ម្ខាង​ដែល​នាំ​ឱ្យ​ការ​ផ្អាក​ប្រដាល់​របស់​បុ៉ស្តិ៍​លេខ​៥​ បន្ត​អូស​បន្លាយ​ពេល​មក​ទល់​ពេល​នេះ​នោះ​ទេ​ ដ្បិត​មាន​ការទម្លាយ​បន្ថែម​ទៀត​ថា បញ្ហា​ខ្ចាត់​ខ្ចាយ​នូវ​ធន​ធាន​អ្នក​ដឹក​នាំ​ និង​ក្រុម​ការងារ​ជំនាញ​ក្នុង​អំឡុង​ពេល​រុះ​រើ​អង់​តែន​ ក៏​ជា​រឿង​សំខាន់​ដោះ​ស្រាយ​មិន​ទាន់​ចេញ​ដែរ ។​ ប្រភព​ពី​បុគ្គ​លិក​នៅ​បុ៉ស្តិ៍​លេខ​៥ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការរាំង​ស្ទះ​មិន​អាចរៀបចំ​ការ​ប្រដាល់​បាន​របស់​បុ៉ស្តិ៍​នេះ​ គឺ​បណ្តាល​មក​ពី​មន្ត្រី​ជំនាញ​ម្នាក់​ដែល​ជាអ្នក​ជ្រើស​រើស​កីឡា​ករ​នា​ពេល​កន្លង​មក​បាន​លា​ឈប់​ពី​ការងារ​ ហើយ​ទៅ​បម្រើ​ការ​នៅ​ក្នុងស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជំនួស​វិញ ។​ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​ ការ​ផ្អាក​ចោល​កម្មវិធី​បូក​រួម​ទាំង​ការ​ប្រដាល់​នាពេល​មុន​ផង​ បាន​ធ្វើ​ឱ្យ​ធនធាន​អ្នក​រៀបចំ​កីឡា​ប្រដាល់​រត់​ចោល​បុ៉ស្តិ៍​លេខ​៥​ អស់​មួ​យចំនួន​ធំ ។​ ត្រង់​ចំណុច​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ការ​ប្រដាល់​របស់​បុ៉ស្តិ៍​នេះ​ត្រូវ​ព្យួរ​ចោល​ ដោយចេះ​តែ​បន្ត​ការពន្យារពេល​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​មិន​ទាន់​ច្បាស់​លាស់​ថា​ អាច​ប្រព្រឹត្ត​ឡើងវិញ​នៅ​ពេល​ណា ?​ បើ​ទោះ​ជា​បុ៉ស្តិ៍​នេះ​ត្រូវ​គេ​ដឹង​ថា​ បាន​ដំឡើង​អង់​តែន​ផ្សាយ​របស់​ខ្លួន​បាន​ច្បាស់​ដូច​ដើម​ បុ៉ន្តែ​ហេតុ​ផល​នេះ​នៅ​តែត្រូវ​គេ​លើក​មក​ធ្វើ​ជា​លេស​ដើម្បី​ការពារ​ការ​លើក​ឡើង​ដែល​នៅតែ​ងឿង​ឆ្ងល់​ចំពោះ​ការ​លុប​ចោល​នូវ​កម្មវិធី​ផ្សេង​ៗ​ដែល​គ្រោង​ដំណើរ​ការ​តាំងពី​ដើម​ខែ​មករា​កន្លងទៅ ។​

ប្រភព​ដដែល​និយាយ​ថា​ បើ​និយាយ​រឿង​អង់​តែន​គេ​ចាត់​ទុក​ថា រួច​រាល់​អស់​ហើយ​ បុ៉ន្តែ​ហេតុ​ផល​ដែល​ការ​ប្រដាល់​ចេញ​មិន​ទាន់​រួច​ គឺ​ដោយសារ​តែ​ធនធាន​ដែល​ជា​អ្នក​រៀបចំ​នោះ​ផ្ទាល់​តែ​ម្តង​ បែក​ខ្ញែក​គ្នាអស់​ ដែល​នៅ​មិន​ទាន់​រក​បាន​​អ្នក​មាន​ទេព​កោ​សល្យ​​មក​ទទួលខុសត្រូវ​ការងារ​ជំនួស​បាន​នៅ​ឡើយ ។​ មន្ត្រី​ដែល​បាន​ដេើរ​ចេញ​ពី​បុ៉ស្តិិ៍​លេខ​៥​ នោះត្រូវ​គេ​ស្គាល់​ថា​ ជាអ្នក​ច្បាស់​ការណ៍​ជុំវិញ​ការ​រៀបចំ​ប្រដាល់​ផង និង​ជាអ្នក​ជំនាញ​ក្នុង​ការស្វែង​រក​ស្ពុន​ស័រ​ឱ្យ​ចូល​ទ្រទ្រង់​ក្នុង​កម្ម​វិធី​ប្រដាល់​ប្រចាំ​បុ៉ស្តិ៍​ផង ។​ អុីចឹង​ហើយ​ ទើប​ធ្វើ​ឱ្យ​ការប្រដាល់​ដែល​បាន​គ្រោងឡើង​ត្រូវអាក់​ខាន​ ព្រោះ​ទី​១-​​អ្នក​ថ្មី​មិន​សូវ​ពូកែ​រក​ស្ពុនស័រ​ចូល​ និង​ទី​២-​ការ​បែងចែក​ការងារ​ផ្សេងៗ​សម្រាប់​អ្នក​ទទួល​ជំនួស​នៅ​មិន​ទាន់​រលូន ។​ លោក​សេង​ កដិកា បាន​ទទួល​ស្គាល់​ថា​ មន្ត្រី​ដែល​ជា​ជំនួយ​ការ​ទទួល​បន្ទុក​ការ​រៀបចំ​កីឡា​ប្រដាល់​ដ៏​ជំនិតរបស់​លោក​ ពិត​ជាបាន​ចាក​ចេញ​ពី​បុ៉ស្តិ៍​លេខ​៥ អីុចឹង​មែន​ ទើប​ធ្វើ​ឱ្យ​ការ​ប្រដាល់​ទាំង​មូល​ត្រូវ​ជួប​ប្រទះ​នឹង​ភាពរាំង​ស្ទះ​មួយ​ចំនួន។​ បុ៉ន្តែ​លោក​អះ​អាង​ថា​ នោះ​មិន​មែន​ជា​ហេតុ​ផល​ដែល​នាំ​ឱ្យ​ការប្រដាល់​របស់​បុ៉ស្តិ៍​លោក​ចេញ​មិ​នរួច​នោះ​ឡើយ​ បុ៉ន្តែអ្វីដែល​ជួប​បញ្ហា​នោះ​គឺដោយសារ​តែ​លោក​ខ្លួន​ឯង​ចង់​ឱ្យ​ការ​គ្រោង​ទុក​ទាំង​បុ៉ន្មាន​មានភាព​ច្បាស់​លាស់​ជាង​គេ​បន្តិច​បុ៉ណ្ណោះ ។​

លោក​អះ​អាង​តប​នឹង​ការ​ចោទ​ឡើងថា​ ការ​ប្រដាល់​ដែល​បាន​គ្រោង​ឡើង​ គឺ​នឹង​ធ្វើ​នៅ​អំឡុង​ខែ​មីនាខាង​មុខ​ បុ៉ន្តែ​អ្វីៗ​ចេញ​រួច​ឬ​មិនរួច​ មិន​មែន​ដោ​យសារ​បាត់​បង់​ធន​ធាន​មនុស្ស​មួយ​ចំនួន​នោះ​ទេ​ បុ៉ន្តែ​ហេតុ​ផល​សំខាន់គឺរង់ចាំ​ម្ចាស់​ស្ពុន​ស័រ​ស៊ីញ៉េ​កុងត្រា​ដើម្បី​ចូល​កម្មវិធី​ទៅ​វិញ​ទេ ។​ លោក​អះ​អាង​ថា​ កម្មវិធី​ថ្មី​ទាំងអស់​របស់​បុ៉ស្តិ៍​លេខ​៥ ចាប់​ពី​ឆ្នាំ​២០១៤ តទៅ​ បើ​គ្មាន​អ្នក​ឧបត្ថម្ភ​ ឬ​ចេញ​ទៅ​មិន​បាន​រួច​ខ្លួន​ នឹង​ត្រូវ​លើក​ពេល​ទាំង​អស់​ដោយ​សារ​បុ៉ស្តិ៍​មិន​មាន​យុទ្ធសាស្ត្រ​ចំណាយ​ប្រាក់​​ខាត​ទុក​ជា​មុន​នៅ​ក្រោយ​ការដំឡើង​អង់​តែន​ដែល​ទើប​រួច​រាល់​នេះ​ទេ ។​ ត្រង់​ហ្នឹង​ហើយ​ដែល​ចេះ​តែ​ធ្វើ​ឱ្យ​កម្មវិធី​ប្រដាល់​បូក​រួម​ទាំង​កម្ម​វិធី​ជា​ច្រើន​ផ្សេង​ទៀត​របស់​បុ៉ស្តិ៍​នេះ​បានត្រឹម​តែដាក់​គម្រោង​ ហើយ​ត្រូវពន្យារ​ពេល​មួយខែ​ហើយ​មួយ​ខែ​ទៀត​មិន​អាច​លេច​ចេញ​រូប​រាង ។​ លោក​នៅតែ​មាន​ជំនឿ​ថា​ សប្តាហ៍​ទី១​​របស់​ខែ​មីនា​ នឹង​ក្លាយ​ជា​ការប្រកួត​ប្រដាល់​បើក​ឆាក​របស់​បុ៉ស្តិ៍​លេខ​៥ ដោយ​គ្មាន​ការ​កែប្រែ​ ប្រសិន​បើ​ក្រុម​ហ៊ុន​ស្ពុន​ស័រ​ទាំង​អស់​ដែល​បុ៉ស្តិ៍​លេខ​៥ បាន​ទាក់​ទង​ទាំង​បុ៉ន្មាន​យល់​ព្រម​ចុះ​កិច្ច​សន្យា​នៅ​ចុង​ខែ​កុម្ភៈ​នេះ ។​ តាម​រយៈ​ការ​បញ្ជាក់​នេះ​មាន​ន័យ​ថា​ ការ​ប្រដាល់​ដែល​គ្រោង​ប្រព្រឹត្ត​ឡើង​នៅ​ចុង​សប្តាហ៍​ទី១ នា​ខែ​មីនា​ នឹង​ចេញ​រួច​ឬ​មិន​រួច​ អាស្រ័យ​ទៅ​លើ​ចំណុច​មួយ​នេះ ចំណែក​បញ្ហា​រេញ​និង​ក្រុម​បច្ចេក​ទេស​ ខាង​បុ៉ស្តិ៍​លេខ​៥​ របស់​លោក​បាន​ចាត់​ចែង​អ្នក​មាន​ជំនាញ​ឱ្យ​មក​ជំនួស​មន្ត្រី​ចាស់ៗដែល​បាន​លា​ឈប់​អស់​ទៅ​ហើយ ។​

ក្រោយ​ពី​ដំណើរ​ការប្រដាល់​ប្រចាំ​សប្តាហ៍​ដូច​កាល​ស្ថាប័ន​មួយ​នេះ​មិន​ទាន់​រើ​អង់​តែន​ បុ៉ស្តិ៍​លេខ​៥ ក៏​នឹង​ធ្វើ​ការ​ប្រដាល់​ជាអន្តរ​ជាតិ​នៅ​រៀង​រាល់​មួយខែ​ម្តង​ដូច​ដែលធ្លាប់​អនុវត្ត​កាល​ពី​ពេល​កន្លង​មក​នោះ​ទៀតផង​ ដើម្បី​ស្រូប​ទាញ​អ្នក​និយម​ការ​ប្រដាល់​របស់​បុ៉ស្តិ៍​នេះ​តាំង​ពី​ណា​ពី​ណី​មក​ឱ្យ​ទទួល​ស្គាល់​ចំពោះ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រដាល់​ដំបូង​គេរបស់​ស្ថាប័ន​នេះ​ម្តង​ទៀត ។​ ទន្ទឹម​នឹង​ការ​ប្តូរ​ទីតាំង​ចំ​ទីប្រជុំ​ជន​នៅបឹង​​ត្របែក​ដែល​រំពឹង​ថា​​ នឹង​មាន​មនុស្ស​កក​កុញ​ជាង​មុន​ លោក​សេង កដិកា​ ក៏​មាន​គម្រោង​រៀបចំ​ការ​ប្រដាល់​ដែល​មាន​​លក្ខណៈ​ប្រកួត​ប្រជែងគ្នា​តាម​បណ្តាខេត្ត​ ឬ​ប្រកួត​ប្រចាំត្រី​មាស​ដែល​មាន​ទម្រង់​ខុស​ប្លែក​ពី​ការប្រដាល់​ដែល​មានស្រាប់​នៅ​បុ៉ស្តិ៍​ផ្សេង​នោះ​ផងដែរ​ ៕​