ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​សម្បើម​ណាស់​សម្រាប់​ជីវិត​ខ្លួនឯង និង​ជីវិត​អ្នក​ដទៃ បើ​បើកបរ​មាន​សារធាតុ​ញៀន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោក គឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​ដឹកនាំ​ធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​នៅ​លើក​ដងផ្លូវ​ជាតិ នា​ចំណុច​ឃុំ​អន្លង់​វិល ស្រុក​សង្កែ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោក គឺ ប៊ុ​ណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង បាន​ដឹកនាំ​ធ្វើការ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​នៅ​លើក​ដងផ្លូវ​ជាតិ នា​ចំណុច​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដើម្បី​ស្វែងរក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ការ​ចុះ​ប្រតិបត្តិ​ការណ៍​នេះ​ចាប់ពី​ពេល​ព្រលប់​រហូត​ដល់​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​០៥ ខែសីហា​នេះ ។

ជា​លទ្ធផល​នគរបាល​បាន​ធ្វើការ​ពិនិត្យ​ចំពោះ​អ្នកបើកបរ​រថយន្ត​១៨២​នាក់​លើ​ចំនួន​១៨០​គ្រឿង ដែល​ក្នុង​នោះ​មាន​មនុស្ស​ចំនួន​០២​នាក់​ជា​ជំនួយការ​បើកបរ ដើម្បី​ស្វែងរក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន ហើយ​លទ្ធផល​បាន​បង្ហាញ​ថា មាន​អ្នកបើកបរ​រថយន្ត​ចំនួន​០៨​នាក់ ដែល​មាន​ផ្ទុក​សារធាតុ ញៀន​នៅ​ក្នុង​ខ្លួន ខណៈ​កំពុង​កាន់ចង្កូត​រថយន្ត​លើ​ដងផ្លូវ​សាធារណៈ ហើយ​ក្នុង​នោះ​កត់សម្គាល់​ឃើញ​ថា អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​មាន​អត្រា​ប្រើប្រាស់​សារធាតុ​ញៀន​ច្រើន​ជាងគេ ។

នៅ​ក្រោយ​ពេល​ធ្វើតេស្ត​ទឹកនោម​រក​ឃើញ​ថា ពួក​គាត់​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​រង គឺ ប៊ុ​ណ្ណា​រ៉ា នគរបាល​បាន​នាំ​ទាំង​រថយន្ត និង​អ្នកបើកបរ​រថយន្ត​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី ។

លោក​ព្រះរាជអាជ្ញា​រង គឺ ប៊ុ​ណ្ណា​រ៉ា ដែល​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​កិច្ច​ប្រតិបត្តិការ ន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទូទៅ​អ្នកបើកបរ​រថយន្ត​ក៏​ដូច​ជា ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​រថយន្ត​ដែល​ប្រើប្រាស់ ឬ​ជួល​អ្នកបើកបរ​រថយន្ត​ឲ្យ​ខ្លួន​នោះ សូម​ចូលរួម​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល់​សមាជិកគ្រួសារ អ្នកធ្វើការ​បើកបរ​រថយន្ត​របស់​ក្រុមហ៊ុន​ខ្លួន ឬ​របស់​សាមីខ្លួន​ព្រោះថា អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ ឬ​បើកបរ​រថយន្ត​ដទៃ​ទៀត​នៅ​លើ​ដងផ្លូវ​សាធារណៈ​មាន​ផ្ទុក​ដោយសារ​ធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​បែប​នេះ គឺជា​ហានិភ័យ សម្បើម​ណាស់ សម្រាប់​អាយុជីវិត​ខ្លួនឯង និង​អាយុជីវិត​អ្នក​ប្រើប្រាស់​ផ្លូវ​ជាមួយ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការ​រង​បាន​បញ្ជាក់​ថា ពី​ពេល​នេះ​តទៅ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ការ​អនុវត្ត​ចំពោះ​អ្នកបើកបរ​រថយន្ត ដើម្បី​ស្វែងរក​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​គឺ នគរបាល​យើង​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បាន​ជាប់​ជា​ប្រចាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ