រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាករកម្ពុជាខ្លាំងៗទាំងអស់មានតែកីឡាករឃីម ឌីម៉ា ម្នាក់បុ៉ណ្ណោះដែលមានសំណាងបានឡើងរេញព្រឹត្តិការណ៍វាយដាក់ទ្រុងអន្តរជាតិ MMA របស់ស្ថាប័ន One FC ច្រើនជាងគេ រហូតដល់៣លើក ។ ទោះជាការប្រកួតលើកទី៣ របស់គេនៅមិនទាន់ចាប់ផ្តើម ក៏ចាត់ទុកថាជាមោទនភាពផងដែរដែលស្ថាប័នអន្តរជាតិ One FC បានយល់ព្រមទទួលឱ្យគេឡើងរេញព្រឹត្តិការណ៍នេះម្តងហើយម្តងទៀត ខុសពីការដាក់ស្នើចំពោះកីឡាករកម្ពុជាដទៃ ។
នៅសល់តែប្រមាណមួយខែទៀតបុ៉ណ្ណោះ កីឡាករឃីម ឌីម៉ា របស់កម្ពុជានឹងបង្ហាញវត្តមានលើកទី៣ របស់ខ្លួនក្នុងព្រឹត្តិការណ៍ MMA របស់ស្ថាប័ន One FC ដែលជាការប្រកួតវាយដាក់ទ្រុងលំដាប់ពិភពលោកដ៏ល្បីល្បាញ នៅថ្ងៃទី១៤ មីនា នៅពហុកីឡដ្ឋាន Stadium Negara ស្ថិតក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ការបង្ហាញវត្តមានម្តងហើយម្តងទៀតនេះត្រូវគេកត់សម្គាល់ថា ហាក់មានចំនួនច្រើនដងជាងគេ ធៀបនឹងវត្តមានរបស់កីឡាករកម្ពុជាផ្សេងទៀត បើទោះជាគេមិនធ្លាប់ឈ្នះផ្លូវការទាល់តែសោះនាពេលកន្លងមកក្តី ។ កាលពីថ្ងៃទី១៨ តុលា ២០១៣ គេបានឡើងទៅកាន់សង្វៀនអន្តរជាតិមួយនេះលើកដំបូង ដោយបានផ្តួលកីឡាករហ្វ៊ីលីពីន Rene Catalan នៅទឹកទី២ ដោយនឹកស្មានមិនដល់ បុ៉ន្តែលទ្ធផលនោះត្រូវគេចាត់ទុកជាមោឃៈ ដោយសារតែក្រុមអ្នករៀបចំការប្រកួតប្រកាសថា ឃីម ឌីម៉ា វាយទៅលើដៃគូខុសបច្ចេកទេស ។ លុះដល់ថ្ងៃទី៦ ខែធ្នូ កាលពីចុងឆ្នាំមុននេះ គេក៏មានមុខឡើងទៅកាន់សង្វៀនអន្តរជាតិ MMA មួយនេះជាលើកទី២ទៀត ដោយបានប្រកួតចាញ់កីឡាករហ្វ៊ីលីពីន Ruel Catalan ដែលជាប្អូនប្រុសបង្កើតរបស់ Rene Catalan យ៉ាងអាម៉ាស់បំផុតនៅទឹកទី១ ។
តាមរយៈការបរាជ័យនេះ ក្រុមអ្នកទស្សនាហាក់ស្រងាកចិត្តយ៉ាងខ្លាំង ដោយសារតែកីឡាករ Ruel Catalan គ្រាន់តែជាកីឡាករជើងថ្មី និងទើបឡើងរេញបានតែបុ៉ន្មានលើកបុ៉ណ្ណោះ បុ៉ន្តែបែរជា ឃីម ឌីម៉ា ស៊ូមិនរួចខុសពីការគ្រោងទុក។ ទោះយ៉ាងណា កីឡាករ Ruel Catalan ក៏ជាជើងខ្លាំងមួយរូបខាងផ្នែកកីឡាវូស៊ូ ប្រចាំប្រទេសរបស់គេផងដែរ ទើបអាចមានឱកាសផ្តួលកីឡាករកម្ពុជា ឃីម ឌីម៉ា បានល្អជាងបងប្រុសនៅលើសង្វៀនតែមួយ ។ សម្រាប់ការប្រកួតលើកទី៣ ដែលនឹងធ្វើឡើងនៅពាក់កណ្តាលខែក្រោយ ឃីម ឌីម៉ា អះអាងថា មិនហ៊ានសង្ឃឹមឡើយបន្ទាប់ពីក្នុងជំនួបលើរេញ MMA កាលពីលើកទី២ ដែលលោកមានក្តីសង្ឃឹមយ៉ាងមុតមាំផង ក៏នៅតែបរាជ័យបាក់មុខដោយនឹកស្មានមិនដល់ ។ ឃីម ឌីម៉ា បានត្រឹមប្រាប់ថា ខ្លួនកំពុងប្រឹងប្រែងហ្វឹកហាត់ដោយស្ទុះស្ទាបង្កើនកម្លាំងវាយបោក និងក្បាច់រំដោះខ្លួនឱ្យកាន់តែប្រសើរ នៅពេលជួបស្ថានការណ៍តានតឹងនៅលើរេញនោះតែបុ៉ណ្ណោះ ។
ក្រុមអ្នកវិភាគនៅតែយល់ថា ឃីម ឌីម៉ា នឹងមានសង្ឃឹមឈ្នះនៅលើរេញអន្តរជាតិមួយនេះសម្រាប់ការប្រកួតលើកទី៣ ។ បុ៉ន្តែអ្វីដែលអាចកើតឡើងបានក៏ត្រូវអាស្រ័យថា តើគេវាយលុកបានល្អកម្រិតណា និងមានឱកាសវាយកែងបានដូចមុន ឬក៏អត់នោះផងដែរ ។ កីឡាករបរទេសដែល ឃីម ឌីម៉ា ត្រូវជួបក្នុងជំនួបលើកទី៣ នៅខែក្រោយនេះ គឺកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ី Saiful Merican ដែលធ្លាប់យកឈ្នះកីឡាករ តក់ សោភ័ណ្ឌ របស់កម្ពុជានៅសង្វៀនគូឡាឡាំពួ កាលពីបុ៉ន្មានខែមុន ។ ប្រសិនបើគេអាចយកឈ្នះកីឡាកររូបនេះមានន័យថា ឃីម ឌីម៉ា មិនត្រឹមតែបើកប្រវត្តិសាស្ត្រដណ្តើមបានជ័យជម្នះផ្លូវការនៅលើរេញ MMA ជាលើកដំបូងនោះទេ គឺថែមទាំងមានន័យថា បានសងសឹកឱ្យ តក់ សោភ័ណ្ឌ ជាមិត្តរួមអាជីព និងជាជនរួមជាតិនោះទៀតផង ។ រវាង ឃីម ឌីម៉ា និងកីឡាករ Saiful ពួកគេធ្លាប់ប៉ះគ្នាម្តងហើយក្នុងការប្រកួតប្រដាល់សេរីអន្តរជាតិនៅបុ៉ស្តិ៍លេខ៣ កាលពីអំឡុងឆ្នាំ២០១១ ដោយកីឡាករម៉ាឡេស៊ីត្រូវស្ពាយការបរាជ័យយ៉ាងអាម៉ាស់ត្រឡប់ទៅវិញ ដោយគ្មានមុខអួតអាងឡើយ ។ ទោះបីយ៉ាងណា សម្រាប់ជំនួបលើកនេះនៅលើរេញ MMA គឺខុសគ្នាដោយសារតែពួកគេក្រៅពីអាចប្រើនូវក្បាច់ប្រដាល់សេរី ក៏ត្រូវប្រើកម្លាំងបោកចំបាប់ និងចាប់ឃ្លេថែមមួយទៀត ដែលត្រង់ចំណុចនេះភាគច្រើនគឺកីឡាករកម្ពុជាមានកម្លាំងមិនដល់គេ។ ចាំមើល តើការប្រកួតលើរេញអន្តរជាតិដដែលនេះ ឃីម ឌីម៉ា អាចទៅរួច ឬត្រូវស្ពាយបរាជ័យមកផ្ទះវិញទាំងអាម៉ាស់ដូចលើកទី២ ។
មន្ត្រីដឹកនាំកីឡាករកម្ពុជាទៅកាន់ការប្រកួតនេះបានអះអាងថា មានហេតុផលតែមួយគត់ដែលធ្វើឱ្យ ឃីម ឌីម៉ា មានសំណាងបានឡើងរេញ MMA ដល់ទៅ៣លើក គឺដោយសារតែ ឃីម ឌីម៉ា ត្រូវមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ថាជាជើងខ្លាំង និងមិនដែលទាមទារឱ្យប្តូរចេញទាល់តែសោះគ្រប់ពេលដាក់ស្នើឱ្យចេញទៅប្រកួតម្តងៗ ។ អ្វីដែលនាំទៅដល់ហេតុផលនោះ គឺអាចបណ្តាលមកពី ឃីម ឌីម៉ា ធ្លាប់ផ្តួលជើងឯកវូស៊ូ Rene ឱ្យបាក់មុខកាលពីលើកទី១ នោះឯង បើទោះជាលទ្ធផលនោះត្រូវគេក្រឡាស់ថាមោឃៈក្តី ៕
ចែករំលែកព័តមាននេះ