រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានភាពជោគជ័យលើការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងជាច្រើនលើក ពេលនេះគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិលើកទី១ (The 1st Angkor Empire Full & Half Marathon) នៅលើទឹកដីខេត្តសៀមរាបអង្គរ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី៣ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ កុម្ភៈកន្លងទៅនេះ អគ្គលេខាធិការ NOCC លោកវ៉ាត់ ចំរើន បានថ្លែងថា ឆ្នាំ២០១៤ នេះ កម្ពុជានឹងរៀបចំឱ្យមានព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ (Full Marathon) លើកដំបូងនៅអង្គរវត្តខេត្តសៀមរាប ដើម្បីបង្ហាញអំពីសក្តានុពលនៃប្រភេទកីឡាអត្តពលកម្មកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យរបស់យើងផងដែរ ។ សម្រាប់ទឹកប្រាក់ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះ គឺយើងយកទៅប្រើធ្វើជាជំនួយសប្បុរសធម៌ដល់បណ្តាមន្ទីរពេទ្យ និងជនក្រីក្រខ្វះលទ្ធភាព ។ លោកបានថ្លែងបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រលើកទី១នេះដែរ គឺយើងធ្វើឡើងក្រោយពីមានសំណូមពរពីកីឡាករ-កីឡាការិនីជាតិ និងបរទេសដែលធ្លាប់បានចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិសៀមរាបអង្គរកន្លងមក និងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងផ្សេងៗដោយពួកគាត់បានសំណូមពរឱ្យគណៈកម្មាធិការរៀបចំការប្រកួតបង្កើតព្រឹត្តិការណ៍ Full Marathon នេះឡើង ។
លោកវ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមទាំងអារម្មណ៍សប្បាយរីករាយទៀតថា គ្រាន់តែយើងចាប់ផ្តើមផ្សព្វផ្សាយអំពីការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ (Full Marathon) ចម្ងាយ៤២គីឡូម៉ែត្រនេះភ្លាម ឥឡូវនេះយើងទទួលបានអ្នកចុះឈ្មោះចូលរួមរហូតដល់ជាង២០០នាក់ទៅហើយ ។ ដូច្នេះទម្រាំដល់ថ្ងៃចាប់ផ្តើម (ថ្ងៃទី១៧ សីហា) យើងរំពឹងថា នឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករមិនខាន ។ អគ្គលេខាធិការ NOCC រូបនេះបានបន្តទៀតថា ដើម្បីធ្វើឱ្យវិស័យកីឡាអត្តពលកម្មកម្ពុជាកាន់តែមានសក្តានុពលនៅលើឆាកអន្តរជាតិ យើងនឹងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ Full Marathon ឱ្យមានកាន់តែច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅរាជធានីភ្នំពេញតែម្តង ព្រោះការរត់ចម្ងាយ៤២គីឡូម៉ែត្រនេះក៏មានរៀបចំវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៥គីឡូម៉ែត្រផងដែរ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Full Marathon ដែលរត់ចម្ងាយ៤២គីឡូម៉ែត្រនេះនៅបណ្តាប្រទេសមួយចំនួនលើពិភពលោក គេបានធ្វើជាច្រើនលើករួចមកហើយនៅឡើយតែកម្ពុជាដែលនេះជាលើកដំបូង ។ ក្រៅពីព្រឹត្តិការណ៍នេះ NOCC ក៏មានគម្រោងបង្កើតព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង និងពាក់កណ្តាលម៉ារ៉ាតុងនៅលើទឹកដីដែលជាតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ ដូចជានៅខេត្តរតនគិរី, បាត់ដំបង, កំពង់ចាម ។ល។ ដែលពេលនេះកិច្ចការទាំងនោះត្រូវបានថ្នាក់ដឹកនាំនៃបណ្តាខេត្តទាំងនោះ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងពិភាក្សាគ្នាហើយ ៕
ចែករំលែកព័តមាននេះ