ខេត្តប៉ៃលិន ៖ មានករណីក្មេងទំនើងមួយក្រុមអង្គុយផឹកស៊ីនៅក្បែរក្លិបកម្សាន្ត (SENCE ) តាំងពីល្ងាចរហូតដល់យប់ជ្រៅស្រាប់តែចេញធ្វើសកម្មភាពវាយទៅលើក្មេងដទៃទៀតដែលធ្វើដំណើរតាមដងផ្លូវបណ្តាលឱ្យរងរបួសក៏ឱ្យនគរបាលឃាត់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ស្ថិនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានបានឱ្យដឹងថា ជនរងគ្រោះទាំង០២មានទី១-ឈ្មោះ តង ភេទប្រុស អាយុ១៩ឆ្នាំ និងទី២-ឈ្មោះ ភារ័ត ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា បន្ទាប់ពីក្រុមជនសង្ស័យនាំគ្នាផឹកស៊ីរហូតដល់វេលាម៉ោង០២និង៣០នាទីទាបភ្លឺ ខណៈឃើញមានយុវជន០២នាក់ដើរចេញពីក្នុងក្លិបភ្លាមនោះក្រុមក្មេងទំនើងទាំងនោះ ក៏បានយកកំប៉ុងស្រាបៀរគប់ទៅលើកជនរងគ្រោះ និងនាំគ្នាស្ទុះទៅវាយបន្ថែមលើជនរងគ្រោះ ។
បន្ទាប់ពីជនបង្កធ្វើសកម្មភាពរួចជនរងគ្រោះទាំងពីរនាក់បានទៅប្តឹងសមត្ថកិច្ចនគរបាលនៅក្បែរនោះរួចក៏ធ្វើការឃាត់ខ្លួនបក្សពួកជនបង្កបានចំនួន៣នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្រោយមកជនបង្កជាមួយនឹងបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនបាត់ស្រមោលដោយជនសង្ស័យមានទី១-ឈ្មោះ យ៉ាង សុខា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឃុំខាងលើ, ទី២- ឈ្មោះ ផែន ប្រុស ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី៣-ឈ្មោះ សុភី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានរក្សានៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ចំណែកបក្សពួកកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកចាត់ការទៅតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ