រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាបៀរភ្នំពេញក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀន CTN នឹងត្រូវចាប់ផ្តើមធ្វើនៅថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ ខាងមុខនេះ ។
នៅក្នុងសន្និសីទកាសែតដែលបានរៀបចំធ្វើកាលពីព្រឹកថ្ងៃទី១០ កុម្ភៈ លោក ម៉ា សេរី អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រចាំស្ថានីយទូរទស្សន៍ CTN បានឱ្យដឹងថា កម្មវិធីប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាបៀរភ្នំពេញនេះ មានកីឡាករចូលរួមប្រកួតចំនួន៨រូប ដោយមិនមានការបែងចែកជាពូលឡើយ គឺប្រកួតជាលក្ខណៈវិលជុំ បានន័យថា មុននឹងឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺកីឡាករម្នាក់ៗត្រូវជួបគ្នាចំនួន៧លើក ។ កីឡាករទាំង៨រូបនោះគឺ ១-ទឹម សុជាតិ មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ២-គឿម សុវណ្ណឌឿត មកពីក្លិបមោងឫស្សីខេត្តបាត់ដំបង ៣-កែវ សុផានិត មកពីក្លិបសំរោងកោងខេត្តបាត់ដំបង ៤-អាន មុន្នី មកពីសមាគមយុវជនកម្ពុជាខណ្ឌមានជ័យ ៥-ខឹក សុឃឿន មកពីក្លិបកងពលតូចឆត្រយោង៩១១ ៦-ហេង សត្រា មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ៧-ជុន សាវុធ មកពីក្លិបពោធិ៍ជ័យកីឡា និង៨-ខុន សីហា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ។
លោក ម៉ា សេរី បានឱ្យដឹងបន្តទៀតថា ការប្រកួតនេះធ្វើឡើងជាលក្ខណៈជម្រុះវិលជុំដើម្បីរកអ្នកដែលមានពិន្ទុច្រើនជាងគេចំនួន៤រូប ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តទៀត ។ ចំពោះប្រាក់រង្វាន់ជ័យលាភីពីលេខ១ដល់លេខ៤នោះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែលោកបានធ្វើការអះអាងថា អាចច្រើនគួរសមព្រោះលើកនេះជាលើកទី១ ដែលក្រុមហ៊ុនស្រាបៀរភ្នំពេញ ធ្វើការជ្រើសយកការប្រកួតនៅរៀងរាល់ម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ។ ទាក់ទងនឹងការបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវាត់ខាងលើនេះ គឺក្រុមហ៊ុនស្រាបៀរភ្នំពេញមានបំណងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាប្រដាល់របស់ខ្មែរយើងឱ្យកាន់តែមានភាពរីកចម្រើន និងមានការទទួលស្គាល់នៅលើពិភពលោកថែមទៀត ។ ក្រុមហ៊ុនមានការកត់សម្គាល់ឃើញផងដែរថា បច្ចុប្បន្នវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរកំពុងតែមានការចាប់អារម្មណ៍សម្បើមណាស់ពីសំណាក់មហាជនទូទៅជាពិសេសនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនដូចជា សហរដ្ឋអាមេរិក បារាំង និងជប៉ុនជាដើម ។
លោកឧត្តមសេនីយ៍ឯក តែម មុឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានធ្វើការផ្តាំផ្ញើដល់កីឡាករទាំងអស់ត្រូវតែគោរពឱ្យបានទាំងវិន័យ និងសីលធម៌ ។ ប្រសិនបើយើងមិនរក្សាបាននូវសេចក្តីថ្លៃថ្នូរទេនោះ គឺគេមិនគាំទ្រយើង និងមិនផ្តល់តម្លៃដល់យើងដែរ ។ ជាពិសេសខាងក្រុមហ៊ុន បើសិនជាគេមិនពេញចិត្តទេ គេនឹងមិនចូលរួមធ្វើការឧបត្ថម្ភដល់យើងឡើយ នៅពេលនោះជីវភាពរបស់យើងនឹងត្រូវកាត់បន្ថយជាមិនខាន ។ លោកក៏បានផ្តាំផ្ញើដល់ប្រធានក្លិប និងគ្រូបង្វឹកទាំងអស់ ត្រូវណែនំាដល់កីឡាករឱ្យមានការយល់ដឹងថែមទៀត ។ ចំណែកគណៈកម្មការក៏ត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ផងដែរ ព្រោះបើសិនជាគណៈកម្មការ ឬចៅក្រមគ្មានភាពសុក្រឹតទេនោះ វាអាចនាំឱ្យមានការប៉ះពាល់ដល់អារម្មណ៍កីឡាករមិនខាន ៕
ចែករំលែកព័តមាននេះ